ភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេច នាយករដ្ឋមន្រ្តី បានប្រកាសជាសាធារណក្នុងទិវាគ្រូបង្រៀន ថ្ងៃទី០៥តុលា ឆ្នាំ២០១៨ ថាលុបចោលគំរោងសិក្សាបំបែកខេត្ត២ ថ្មីនោះមក គឺមានរយៈពេល ៦ថ្ងៃ ពោលគឺថ្ងៃទី១១ តុលា នេះបានលេចចេញនូវលិខិតមួយច្បាប់ដែលជាចំណារប៉ិចក្រហម របស់សម្តេច នាយករដ្ឋមន្រ្តីកម្ពុជា បានចារឆ្លើយតបទៅ អភិបាលខេត្ត លោក ម៉ៅ ភិរុណ ។
ចំណារប៉ុន្មានឃ្លា បានរំលេចឡើង ថា “ប្រញ៉ាប់ ងាប់ទៅណា! -បើខេត្តមិនទាន់បំបែកផង -បើនេះ បំបែក ក៏មិនឲ្យដែរ ពីព្រោះអស់លោកលោភលន់ពេក”។
សូមបញ្ជាក់ថានៅក្នុងលិខិតចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានគោរពជូនសម្តេចតេជោ ហ៊ុន សែន ដោយអនុញ្ញាតស្នើសុំ លោក នៃ ចារី បច្ចុប្បន្នជាអភិបាលរងខេត្តកណ្តាល ជាបេក្ខជនអភិបាលខេត្តថ្មី ដែលបំបែកចេញពីខេត្តកណ្តាល។
តាមលិខិត លោក នៃ ចារី សព្វថ្ងៃ ជាអភិបាលរងខេត្តកណ្តាល និងជាឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលបានបម្រើការងារអស់រយៈពេល ៣០ឆ្នាំ ជាមន្ត្រីនគរបាលជាតិ ស្នងការរងនគរបាលខេត្តកណ្តាល ជាអភិបាលរងខេត្តកណ្តាល ជាអនុប្រធាននាយកដ្ឋានកណ្តាល នគរបាលយុត្តិធម៌ និងជាអភិបាលរងខេត្តកណ្តាល។ផ្អែកតាមសមត្ថភាព បទពីសោធន៍ សីលធម៌វិជ្ជាជីវៈ សាមគ្គីភាពផ្ទៃក្នុងល្អ មានភាពជាអ្នកដឹកនាំ ដែលអាចធ្វើជាអភិបាលខេត្តបាន ។
អាស្រ័យហេតុដូចគោរពស្នើសុំ សម្តេចតេជោ មេត្តាផ្តល់ឳកាសដល់ឯកឧត្តម នៃ ចារី ជាបេក្ខភាពអភិបាលខេត្តថ្មី ដែលបែកចេញពិខេត្តកណ្តាល ដោយក្តីអនុគ្រោះដ៏ខ្ពង់ខ្ពស់ ។
សូមសម្តេច តេជោ នាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ ។
ថ្ងៃសុក្រ ៥រោច ខែស្រាព ឆ្នាំ ច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២
កណ្តាល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ។ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ ។
ទាក់ទងនឹងចំណារ របស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានចារ ប្រញ៉ាប់ ងាប់ទៅណា! -បើខេត្តមិនទាន់បំបែកផង -បើនេះ បំបែក ក៏មិនឲ្យដែរ ពីព្រោះអស់លោកលោភលន់ពេក”។ នៅចុងឃ្លា បានសង្កត់ធ្ងន់ថា បើខេត្តបំបែកមែន ក៏មិនអោយ ដែរ ពីព្រោះអស់លោក លោភលន់ពេក ។ ដូច្នេះអ្នកដែលលោភ លន់ មានតែ២នាក់ប៉ុណ្ណោះ នៅក្នុងលិខិត ដែលបានផ្ញើទៅ សម្តេចនាយក នោះ គឺមានតែលោក ម៉ៅ ភិរុណ និង លោក នៃ ចារី ។
មហាជន ក៏ដូចមន្រ្តីរាជការ បានស្ងើចសសើរចំពោះភាពឈ្លាសវ៉ៃ របស់អភិបាលខេត្តកណ្តាល ដែលបានស្នើបេក្ខភាពអភិបាលខេត្តថ្មី គឺលោក នៃ ចារី ដែលគេមិនសូវស្គាល់ និង មិនមានសកម្មភាពជួយក្នុងសង្គម យ៉ាងផុលផុស ស្រស្រាក់ស្រស្រាំ ដូចអភិបាលរង មួយចំនួនផ្សេងទៀតនោះទេ រឺមួយ លោក នៃ ចារី ជាអ្នកមានទ្រព្យស្តុកស្តម ?
រាជរដ្ឋាភិបាលអាណត្តិទី៦ នេះ ប្រជាពលរដ្ឋ ក៏ដូចមន្រ្តីរាជការតូចតាច សង្ឃឹមថា នឹងមានភាពកាន់តែប្រសើរឡើង លើគ្រប់វិស័យ ពិសេសវិស័យជាអាទិភាពក្នុងការកំណែទំរង់ រហូតដល់ការវះកាត់នោះ ៕