ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចេះធ្វើទៅរួច ៖ ប្រជាពលរដ្ឋស្រុកស្អាង ខេត្តកណ្តាល ខកចិត្តនឹងការសម្ពោធផ្លូវ ចូលកន្លែងកំសាន្តរបស់បុគ្គលម្នាក់ ដែលប៉ះពាល់ដីប្រជាជន !

ខេត្តកណ្តាលៈ កញ្ញា ធី សុវណ្ណថា អនុប្រធានក្រុមការងារចុះជួយឃុំត្រើយស្លាកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅឃុំប្រាសាទ និងឃុំតាលន់ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ។

បញ្ហារងការរិះគន់នេះ ក្រោយពេលដែលកញ្ញា ធី សុវណ្ណថា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែប្រវែងប្រមាណ៤០០ម៉ែត្រ ដែលជាផ្លូវចូលទៅកាន់មណ្ឌលកំសាន្តមួយកន្លែង ដែលឈ្មួញកំពុងបង្កើតឡើងនៅក្នុងភូមិលេខ៤ ឃុំប្រាសាទ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩កន្លងទៅ ។

ករណីដែលប្រជាពលរដ្ឋរិះគន់នោះ គឺដោយសារផ្លូវនេះត្រូវបានម្ចាស់មណ្ឌលកំសាន្តឈ្មោះ ហ៊រ ហួត បានធ្វើរបងបិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរ ហើយត្រូវបានប្រជាពលរដ្ឋចំនួន៣៤២គ្រួសារ រួមទាំងអាជ្ញាធរឃុំប្រាសាទ និងឃុំតាលន់បាននាំគ្នាផ្តិតមេដៃគោរពចូលទៅអភិបាលស្រុកស្អាងស្នើសុំបើកផ្លូវ ខណៈដែលអភិបាលស្រុកមិនទាន់ដោះស្រាយចប់ផង ស្រាប់តែកញ្ញា ធី សុវណ្ណថា រូបនេះបែរជាអញ្ជើញចូលរួមជាគណៈអធិបតីសម្ពោធកាត់ខ្សែបូបើកដំណើរការឲ្យប្រើប្រាស់ ហើយរឿងដែលប្រជាពលរដ្ឋកាន់តែរិះគន់ទៀតនោះ ខណៈដែលកំពុងរៀបចំពិធីសម្ពោធផ្លូវមានទំនាស់នោះ ក៏មានទំនាស់មួយទៀតដែលប្រជាពលរដ្ឋតវ៉ាសង្ស័យថា ឈ្មោះ ហ៊រ ហួត បានផ្តើមគំនិតធ្វើផ្លូវមួយខ្សែទៀតពុះកាត់លើដីពួកគាត់ដោយមិនមានការអនុញាតពីម្ចាស់ដី ។

លោកស្រីឈ្មោះ អាន គ្រុយ រស់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បាននិយាយឱ្យដឹងថា ថ្ងៃនេះទេវតាមានភ្នែក ដែលឲ្យលោកស្រីចុះមកទាន់ ហើយគាត់ក៏បានជម្រាបកញ្ញា ធី សុវណ្ណថា រួចហើយដែរ ដោយថាចាំអញ្ជើញដោះស្រាយគ្នានៅសាលាឃុំ។ ប៉ុន្តែលោកស្រីឆ្ងល់ថា តើអ្នកណាហ៊ានមកលួចធ្វើផ្លូវលើដីលោកស្រី គ្រាន់តែកាប់រំលាយមានបុគ្គលម្នាក់មកហាមឃាត់ ។

លោកស្រីបន្តថា បច្ចុប្បន្ន អាជ្ញាធរមិនទាន់បានដោះស្រាយនោះទេ ហើយលោកស្រីបានដាក់ពាក្យប្តឹងតាំងពីក្នុងខែ៨មកម្លេះ។ លោកស្រីដឹងថា គេធ្វើពិធីសម្ភោធផ្លូវនេះ ហើយអាជ្ញាធរទទួលស្គាល់ថា ផ្លូវនេះគឺឈ្មោះ ហ៊រ ហួត ជាអ្នកធ្វើ គឺមិនពិតនោះទេ ព្រោះដីនេះ គឺជាដីរបស់លោកស្រី ហើយឯកឧត្តមថាឱ្យអញ្ជើញប្តីរបស់លោកស្រីចូលរួមផង តែមិនបានអញ្ជើញនោះទេ គឺគាត់ដឹងតាមរយៈប្រជាពលរដ្ឋទៅវិញទេ។ ការដែលធ្វើផ្លូវនេះ គឺគាត់បានជីកយកដីពីផ្លូវចាស់ (ផ្លូវរទេះ) យកមកដាក់ធ្វើផ្លូវលើដីលោកស្រី ប៉ុន្តែលោកស្រីមិនថាអ្វីនោះទេ គាត់សុខចិត្តសម្បទានឱ្យដើម្បីឲ្យប្រជាជនបានដើរស្រួល ដោយសារតាមសំណើរ ទៅស្រុកថាធ្វើទៅដល់ភូមិពាមសូ តែឥឡូវបែរជាគាត់ធ្វើត្រឹមតែផ្លូវចូលកន្លែងកម្សាន្តរបស់គាត់ទៅវិញ។

លោកស្រីបន្តថា ដីនេះជាដីរបស់លោកស្រី ព្រោះមានឯកសារទិញលក់ និងមានការទទួលដឹងលឺពីអាជ្ញាធរភូមិឃុំត្រឹមត្រូវ ហើយម្ចាស់ដីពិត គឺបានជួលដីលោកស្រីវិញដើម្បីដាំដំណាំទៀតផង ស្រាប់តែអ្នកជួលដីលោកស្រីរវល់ទៅក្រចេះប្រមាណ១ខែ មកវិញកើតផ្លូវនេះតែម្តង ហើយក៏មិនដឹងថា អ្នកណាជាអ្នកធ្វើរកមុខមិនឃើញ ប៉ុន្តែមានបុគ្គលឈ្មោះ ហោ មកឃាត់មិនឱ្យលោកស្រីកាប់ដីរំលាយផ្លូវនេះ លោកស្រីឆ្ងល់ថា កាប់ដីខ្លួនឯងដើម្បីដាំដំណាំ ហេតុអ្វីបានជាមានអ្នកមកហាមឃាត់?

លោកស្រីបានសំណូមពរដល់អាជ្ញាធរ ជួយរកយុត្តិធម៌ឱ្យលោកស្រីផង ព្រោះគាត់បានដាក់ពាក្យបណ្តឹងយូរហើយ មិនឃើញចុះមកដោះស្រាយជូនគាត់នោះទេ ។ ប៉ុន្តែស្រាប់តែដឹងដំណឹងថា លោក ហ៊រ ហួត សម្ពោពលើផ្លូវដែលយកដីលោកស្រីធ្វើផ្លូវចូលទៅកន្លែងកម្សាន្តរបស់គាត់ ទើបគាត់ធ្វើដំណើរមកថ្ងៃនេះ ដោយលោកស្រីចង់ដឹងថា អ្នកណាធ្វើផ្លូវកាត់លើដីលោកស្រី ព្រោះពេលដែលលោកស្រីបានយកចបកាប់កាប់ចេញ ស្រាប់តែមានបុគ្គលឈ្មោះ ហ៊រ ហោ ជាប្អូនប្រុសរបស់ឈ្មោះ ហ៊រ ហួត មកឃាត់រារាំង។

លោកស្រីបានបរិច្ចាកដីទទឹង១០ម៉ែត្រ បណ្តោយជាង៤០០ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋ៤ភូមិបានដើរ មិនមែនសម្រាប់ដើរចូលតែដីគាត់មួយទេ។ លោកស្រីសំណូមពរឱ្យអាជ្ញាធរស្រុក ហៅឈ្មោះ ហ៊រ ហោ ទៅសួរនាំថាតើមូលហេតុអ្វី មានសិទ្ធអ្វី មកហាមឃាត់គាត់មិនឱ្យកាប់ដីខ្លួនឯងដើម្បីធ្វើដំណាំនោះ។

ពាក់ព័ន្ធនឹងបណ្តឹងសុំបើកផ្លូវ និងបញ្ហាធ្វើផ្លូវលើដីឈ្មោះ អាន គ្រុយ លោក ហ៊រ ហួត បាននិយាយថា ដីធ្វើផ្លូវនេះ វាត្រឹមត្រូវហើយថា ជាដីរបស់គាត់ ប៉ុន្តែដីហ្នឹងវាមានផ្លូវ បច្ចុប្បន្នផ្លូវចាស់ ដូច្នេះ រឿងនេះវាមិនមានពាក់ព័ន្ធជាមួយលោកទេ។ ករណីដែលថា គាត់ធ្វើផ្លូវលើដីគេ លោកបាននិយាយថា ផ្លូវនេះ គឺលោកធ្វើតាំងពីឆ្នាំ២០១៤មកម្លេះ តាំងពីម្ចាស់ដើមនៅ ដោយស្ម័គ្រចិត្តរៀងៗខ្លួន ដល់ពេលធ្វើផ្លូវរួចហើយ ទើបគាត់មកទិញដីនេះ។ លោកថា មិនបានសន្យាជាមួយបងប្អូនណាទេ ហើយលោកមិនបានបិទផ្លូវនេះដែរ គឺខាងគេជាអ្នកបិទទៅវិញទេ។ កាលណោះ លោកអភិបាលស្រុក, តាឈឺន និង ហ៊រ ហោ បានចុះមកមើលផ្លូវដើម្បីដាក់កម្មវិធីសម្ពោធ ។

ពាក់ព័ន្ធនឹងរឿងផ្លូវដែលប្អូនលោកឈ្មោះ ហ៊រ ហោ ទៅឃាត់ ព្រោះផ្លូវនេះអភិបាលស្រុកគាត់រក្សាទុក មានតែពង្រីកថែម ។ ទោះជាមានការបកស្រាយពីម្ចាស់មណ្ឌលកំសាន្តយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានធ្វើការរិះគន់រួចទៅហើយនូវករណីបើកសម្ពោធផ្លូវមានទំនាស់នេះ ។ មិនតែប៉ុណ្ណោះមន្ត្រី អាជ្ញាធរឃុំប្រាសាទ និងឃុំតាលន់ក៏បានសម្តែងការខកចិត្តផងដែរជុំវិញការបើកសម្ពោធផ្លូវនេះ ។

IMG_20190917_102743_654

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com