ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រូពេទ្យខ្លះនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បង្កើតភាពស្មោគគ្រោកទារលុយក្រៅផ្លូវ ខណៈប្រធានមន្ទីរពេទ្យវ៉ៃឬកក្រអើតក្រទមជាងរដ្ឋមន្រ្តី និង យករួចខ្លួន ។

រាជធានីភ្នំពេញ ៖ រឿងរ៉ាវស្មោគគ្រោក រឺ អាចនិយាយបានជាអំពើថោកទាប របស់គ្រូពេទ្យខ្លះដែលធ្វើការនៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលគេធ្លាប់ហៅថា មន្ទីរពេទ្យសម្ភពក្រុង ។

អំពើមិនសមគួរនោះបានកើតចេញ ហាក់ដើរជាប្រព័ន្ធ និង ប្រព្រឹត្តយូរឆ្នាំមកហើយ ដែលគេធ្វើការតាមជំនាញ ពីជំនាញ១ ទៅជំនាញ១ ។

ដើម្បីបង្ហាញភាពជាកស្តែងមួយ ដែលបានកើតឡើង ចំពោះស្រ្តីម្នាក់ដែលបានទៅឆ្លងទន្លេនៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ គឺនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៩ កន្លងទៅនោះ បានរៀបរាប់ថា ៖នៅព្រឹកនោះរូបគាត់ បានទៅដល់មន្ទីរម៉ោងប្រមាណ១១ជាង ក៏បានជួបគ្រូពេទ្យជាអ្នកកត់ប្រវត្តិរូប ។អ្នកកត់ប្រវត្តិរូបនោះបានអោយទៅជួប គ្រូពេទ្យជាន់ទី១ បន្ទប់សំរាលកូន ។ ពេលនោះអ្នកគ្រូពេទ្យ បានអោយទៅបង់លុយ ជាន់ក្រោម។ អ្នកទទួលលុយជាន់ក្រោម បានអោយបង់ ចំនួន១៦ ៣០០០រៀល ។ តែវិក័យប័ត្រ សសេរតែ ១៦ម៉ឺនរៀល ដោយអ្នកទទួលលុយ នៅអាគារក្រោមផ្ទាល់ដីនោះនិយាយថា ៣០០០រៀលនឹងជាថ្លៃប្រវត្តិរូប ។ជាមួយនោះក៏បង់សេវាពិនិត្យឈាម ចំនួន ៤០០០០រៀលទៀត។បន្ទាប់ពីបង់លុយហើយ ខាងអ្នកគ្រូពេទ្យ បាននាំទៅអាគារ E ដែលជាអាគារវះបង្កើតកូន ។នៅពេលចេញពីមន្ទប់សំរាលកូនជាន់ទី១ មានអ្នកគ្រូពេទ្យម្នាក់អាយុប្រមាណ ៤០ឆ្នាំជាង បានប្រាប់ក្រុមគ្រួសារសំរាលកូនថា បង់លុយ១០ដុល្លា សំរាប់ការសំអាត ។ ពេលនោះក្រុមគ្រួសារសួរថា មានវិក័យប័ត្រទេ អ្នកគ្រូពេទ្យនោះថាអ្នកមានទេ ។ លុយចំនួន១០ដុល្លានេះ ខាងគ្រួសារអ្នកជំងឺមិនបានបង់តាមការស្នើសុំនោះទេ ។

ក្រុមគ្រួសារអ្នកសំរាលកូន បាននិយាយថា ៖
នៅមុនពេលវះកាត់ មានគ្រូពេទ្យប្រុសម្នាក់ បានមកណែនាំ អំពីវិធី ជូតសំអាតអ្នកជំងឺ ព្រោះក្រោយពេលវះកាត់ហើយ គឺមានឈាមប្រឡាក់ជាប់នឹងខ្លួនអ្នកជំងឺ តែបើអោយខាងពេទ្យជាអ្នកជួយសំអាតក៏បានដែរ តែសុំសេវាខ្លះ ។ក្រោយពីពន្យល់ហើយពួកគាត់ថា សុំសំអាតអ្នកជំងឺដោយខ្លួនឯង ។

ពួកគាត់បន្តថា ៖នៅម៉ោង ១ និង ៣៣នាទី រសៀលថ្ងៃទី១៧ ខែធ្នូ ទារកបានបន្លឺសំលេងឡើង និង ម៉ោងប្រមាណ ២រសៀល ខាងគ្រូពេទ្យក៏បានរុញ ម្តាយមកតាមក្រោយ ។នៅពេលនោះពួកគាត់បានយកក្រណាត់សើម មកជូតឈាម ដែលប្រឡាក់នឹងខ្លួនម្តាយទារក បានស្អាតរួចរាល់ ។ តែអំឡុងពេលកំពុងជូតឈាមនោះ មានលោកគ្រូពេទ្យម្នាក់ បាននិយាយថា ជូតសំអាតខ្លួនឯងប្រយ័ត្នឆ្លងមេរោគ ពួកគេមិនទទួលខុសត្រួវឡើយ ។

ក្រុមគ្រួសារថា សំដីនេះហាក់មានការបំភ័យដល់ដល់ពួកគាត់ និងអ្នកជំងឺ អោយមានការគិតវែងឆ្ងាយ ពីសុខភាពម្តាយទារក ទៅថ្ងៃខាងមុខ ។

ពួកគាត់បន្តថា ៖បន្ទាប់ពីសំរាលកូនដោយវះកាត់បានជោគជ័យនេះរួចរាល់ហើយនោះ ខាងលោកគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារម្តាយទារក អោយបង់លុយចំនួន ៣០០ដុល្លា ពោលគឺត្រូវបន្ថែមចំនួនតែ២៦០ដុល្លាទៀតប៉ុណ្ណោះ ព្រោះម្តាយទារកបានបង់សេវា ១៦ម៉ឺនរួចហើយ ។នៅក្នុងថ្ងៃទី១៧ ខែធ្នូនេះក្រុមគ្រួសារមិនទាន់មានលុយគ្រប់បង់ទៅអោយពេទ្យនោះ ទេ។ លុះដល់ព្រឹកថ្ងៃទី ១៨ ខែធ្នូ ក្រុមគ្រួសារក៏បង់បន្ថែម ចំនួន ២៦០ដុល្លាទៀត ដើម្បីយកម្តាយទារក ទៅសំរាកនៅអាគារកណ្តាលជាន់ទី៣ ។នៅពេលបំលាស់បន្ទប់ ចេញពីអាគារវះកាត់នេះ ខាងលោកគ្រូពេទ្យក៏ទារលុយថែម១០ដុល្លាទៀត គេថាថ្លៃថ្នាំ ។ បន្ទាប់មក អ្នកជួយរុញ ឡើងទៅបន្ទប់ជាន់ទី៣ ទារ ១០ដុល្លាទៀត ។

ក្រុមគ្រួសារអ្នកជំងឺថា ការសំរាកព្យាបាលនៅបន្ទប់ជាន់ទី៣ នេះមួយថ្ងៃតំលៃ២ម៉ឺនរៀល ។បន្ទប់នេះ ហាក់ខ្វះអនាម័យ នៅក្នុងបន្ទប់ គឺដូចបន្ទប់ទឹក ហាក់ត្រូវគេបោះបង់ចោលយូរខែ ។ ពេលនោះក្រុមគ្រួសារក៏បានប្រាប់អ្នកគ្រូពេទ្យ ក៏មានខាងមីងអនាម័យ មកសំអាត អោយបានស្អាត។

ក្រុមគ្រួសារនោះ បាននិយាយថា ក្រោយពីចេញនិង ចូលពេទ្យនេះ ក៏បានគ្រឡេកឃើញតារាងតំលៃនៃការវះកាត់វះកាត់យកកូន មានតំលៃត្រឹមតែ ៧០ម៉ឺនរៀល និង ៨០ម៉ឺនប៉ុណ្ណោះ ។ហេតុអីពួកគាត់បង់លើសតំលៃ ដែលធ្វើអោយក្រុមគ្រួសារគាត់ធ្វើការរាយការណ៍ទៅអ្នកសារព័ត៌មានពីរឿងរ៉ាវ ទាំងនេះ ។

ពួកគាត់ថាក្រោយពីរាយការណ៍ទៅអ្នកសារព័ត៌មាន បាន២ថ្ងៃ គឺនៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ខាងមន្ទីរពេទ្យ បានយកលុយមកសងវិញ ចំនួន ៥០ម៉ឺនរៀល និងបាននិយាយថា ខាងមន្ទីរពេទ្យ មិនតំរូវអោយមានការទារសេវាក្រៅផ្លូវការនោះទេ ។

ម្តាយទារក បានបន្ថែមថា ក្រោយពីមានការបែកធ្លាយរឿងនេះ ក៏មានលោកគ្រូពេទ្យវះកាត់ដែលទារលុយ ចំនួន ៣០០ដុល្លា នោះបានឡើងមកបន្ទប់គាត់ ដោយបានសួរសុខទុក្ខ និងបាននិយាយថាខាងមន្ទីរពេទ្យបានបញ្ឈប់រូបគាត់ហើយ ។ លោកគ្រូពេទ្យនោះថា គ្នាគាត់វះកាត់មានចំនួន៥នាក់ បានខិតខំខ្នះខ្នែង យកចិត្តទុកដាក់ ទើបបានជោគជ័យ ។លោកគ្រូពេទ្យនោះថា គាត់ធ្វើការនៅទីនេះ ៦ឆ្នាំហើយ គឺសូមអរគុណដែលឈប់ បានសំរេច ។

ម្តាយទារក និង ក្រុមគ្រួសារ បានបន្តថា ក្រោយពីបែកធ្លាយរឿងនេះ ក៏ដូចលឺថាមានការបញ្ឈប់មន្រ្តីនៅទីនោះចំនួន ២នាក់នោះមក គឺមានគ្រូពេទ្យផ្សេងៗបាន មកអើតបន្ទប់គាត់ មិនដាច់ហើយមានគ្រូពេទ្យខ្លះបាននិយាយច ចេកចចូករឺ មាត់ចាប មាត់ព្រាប ៖ថា គេខំជួយហើយ នៅមិនមានគុណទៀត ។ ខ្លះនិយាយទៀតថា នៅពេលអាសន្នបុណ្យថ្វាយដំរី ពេលស្រន់ពងមាន់១គ្រាប់ក៏មិនបានផង ។

ម្តាយទារក និងក្រុមគ្រួសារថា ដោយមានការភ័យខ្លាច ការសងសឹកណាមួយនោះ ពួកគាត់ក៏សំរេចចិត្តសុំចេញ ពីមន្ទីរពេទ្យទាំងបង្ខំ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៩ គឺមានរយៈពេល៤យប់៥ថ្ងៃ (១យប់នៅអាគារវះកាត់ និង ៣យប់នៅអាគារសំរាក ) ត្រូវបង់លុយចំនួន ៨ម៉ឺនរៀល ទៅអោយអ្នកគ្រូពេទ្យ ជាន់ទី ១ដោយមិនមានចេញវិក័យប័ត្រ នោះទេ ។

ម្តាយទារកថា នៅពេលកើតរឿង រហូតដល់ពេលសុំចេញ ពួកគាត់មិនបានឃើញប្រធានមន្ទីរពេទ្យអើតមកសួរសុខទុក្ខ ពីដំណើររឿងនេះទេ ។ កត្តានេះហើយ ទើបពួកគាត់មានខ្លាចរអារ ចំពោះការស្នាក់នៅព្យាបាលបន្តទៀត ដោយសុខចិត្ត មករកមន្ទីរពេទ្យមណ្ឌល សុខភាពនៅក្បែរផ្ទះវិញ ទើបស្រលះក្នុងចិត្ត ជាងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ១នេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមគ្រួសារបាន សួរនាំអ្នកវះកាត់ចំនួន២នាក់ទៀត ដែលសំរាកនៅបន្ទប់ ២០៣ ជាន់ទី២ ដោយពួកគាត់ក៏បាននិយាយថា បានបង់អោយគ្រូពេទ្យចំនួន ៣០០ដុល្លាដែរ និង មានការទារ សេវាក្រៅទៀតផង ។ សូមស្តាប់សំដី ពួកគាត់ ។

បញ្ហាទាំងនេះ សូមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មេត្តាពិនិត្យ និងដកប្រធានមន្ទីរពេទ្យនេះចេញផង ព្រោះកត្តានាំអោយមានអំពើពុករលួយនេះ កើតជាយូរឆ្នាំមកហើយ ទើបធ្វើអោយគ្រូពេទ្យខ្លះហ៊ានទារលុយក្រៅផ្លូវការដោយស្រស់ៗ មិនញញើត និង មិនអៀនមាត់ ថាខ្លួនជាគ្រូពេទ្យមានតួនាទីសង្រោះជីវិតមនុស្ស និង ស្អាតស្អំ នោះទេ ។មួយវិញទៀតល្បីថាប្រធានមន្ទីរពេទ្យនេះមានចរិកក្រអើតក្រទម វ៉ៃឬក ខ្ពស់ ជាងរដ្ឋមន្រ្តី
ទៅទៀត ៕

IMG_20191223_060828_146 IMG_20191223_060843_803 Screenshot_2019-12-23-06-12-23-55

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com