ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដីអាងស្តុបទឹកបឹងតូចបឹងធំរាប់មុឺនហិកតានៅក្នុងស្រុកកៀនស្វាយត្រូវអ្នកមានលុយមានអំណាចបោះបង្គោលរំលោភយកយ៉ាងអានាធិបតេយ្យ………..

(កណ្តាល):

ដីអាងស្តុបទឹកសាធារណៈរបស់រដ្ធ ត្រង់ចំណុចបឹងតូច បឹងធំ រាប់មុឺនហិកតា នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអ្នកមានលុយមានអំណាច បោះបង្គោលរំលោភបំពានយកធ្វើជាកម្មសិទ្ធឯកជនយ៉ាងអានាធិបតេយ្យ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ ទើបគ្មានការទប់ស្កាត់ឫបង្ក្រាបពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញ។ ប្រភពព៌តមានបានប្រាប់អោយដឹងថា អាងស្តុបទឹកបឹងតូច បឹងធំនេះ គឺជាបឹងធម្មជាតិដែលមានជម្រៅទឹកជ្រៅកន្លែងខ្លះ(៣m-៤m)ឯណោ ហើយកើតមានឡើងតាំងពីដូនតាមកម្លេះ។បឹងនេះធំល្វឹងល្វើយមានផ្ទៃដីរាប់មុឺនហិកតា ក្រោមការគ្រប់គ្រងដែនរដ្ធបាលនៃឃុំចំនួន៤ក្នុងស្រុកកៀនស្វាយ គឺឃុំឈើទាល ឃុំភូមិធំ ឃុំគគីរ និងឃុំដីឥដ្ធ ដែលមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនប្រើប្រាស់ទឹកស្រោចស្របផលដំណាំផ្សេង ព្រមទាំងមុជដាំស្លផងដែរ។មិនតែប៉ុណ្ណោះក៍ជាកន្លែងប្រជាជនរកនេសាទត្រី រកខ្ចៅខ្យង ដកព្រលិត ដកក្រអៅឈូក បេះត្រកួន ដាំឈូក ចិញ្ចឹមជីវិត បន្ទាប់ទំនេរពីមុខរបរបង្កបង្កើនផលធ្វើស្រែចំការ។បឹងតូច បឹងធំនេះ ក៍ជាប្រព័ន្ធរំដោះទឹកនាពេលរដូវទឹកដំឡើងហូរធ្លាក់ចេញទៅរហូតដល់ប្រទេសវៀតណាម ដើម្បីបញ្ជៀសកំុអោយកើតមានទឹកជំនន់ជន់លិច ផ្ទះសម្បែងនិងប៉ះពាល់ដល់ផលដំណាំរបស់ប្រជាជន។ស្រាប់តែខណៈដីមានហាងឆេង ក៍មានបុគ្គលអ្នកមានលុយមានអំណាចនៅខាងក្រៅស្រុក គេមកទំនាក់ទំនងជាមួយអាជ្ញាធរភូមិ ឃុំ ស្រុកចុះទិញតែដីពលរដ្ធរុករានធ្វើស្រែចំការខាងលើៗនៅជុំវិញមាត់បឹងនោះទេ។ចំណែកផ្ទៃបឹងគឺឈ្មួញបានឃុបឃិតគ្នាជាមួយអាជ្ញាធរ ដោយបំផុសបំផុលអោយពលរដ្ធមួយចំនួនមកចុះឈ្មោះផ្តិតមេដៃ គុម្ពីយកអត្តសញ្ញាណប័ណ្ណ ថតរូបភាព ក្លែងបន្លំឯកសារទិញលក់ដីបឹងក្នុង១ម៉ែត្រការ៉េ១$(មួយដុល្លារ) ទោះបីជាអ្នកគ្មានដីនៅទីនេះក៍មកចុះឈ្មោះទទួលយកលុយបានដែរ។ប្រភពបន្តថា ការឃុបឃុតគ្នាយកពលរដ្ធធ្វើខែលក្រោមរូបភាពកែប្រែដីបឹងសាធារណៈរបស់រដ្ធអោយក្លាយទៅជាដីកម្មសិទ្ធរបស់បុគ្គលអ្នកមានលុយមានអំណាចនេះហើយ ទើបធ្វើអោយពលរដ្ធមួយចំនួនតូចបានត្រឹមតែហួសចិត្តសោកស្តាយបឹង មិនហ៊ានចេញមុខតវ៉ា ខ្លាចគេចោទលាបព៌ណថាជាក្រុមបក្សប្រឆាំងចាប់ដាក់គុកច្រវ៉ាក់ចោលប្រពន្ធកូនចៅ។ព្រោះអ្នកមករំលោភយកដីបឹងនេះភាគច្រើន គឺសុទ្ធតែអ្នកមានលុយមានអំណាចធំៗណាស់ម្នាក់ៗរាប់សិបហិកតាឯណោះ ហើយបើតាមប្រភពស្គាល់ឈ្មោះខ្លះៗនៃម្ចាស់មួយប៉ែកបឹងធំភូមិឈើទាល ឃុំឈើទាល រួមមាន ឧកញ៉ា ច័ន្ទ វិទូ បានលក់អាចម៌ដីទៅអោយឈ្មោះភិរម្យ កំពុងដាក់គ្រឿងចក្រដំណើរការលើកទំនប់ព័ទ្ធនិងដឹកជញ្ជូនអាចម៌ដីលក់។ដីក្រុមហ៊ុន ចិន បានចាក់ដីលុបនិងធ្វើឃ្លាំងរួចរាល់ហើយ។ដីឧកញ៉ា វ៉ែន សុខគា ដីជំទាវ មុី និងដីឧកញ៉ា អាំង ទ្រី ក្រុមហ៊ុនវឌ្ឍនៈ។ល។ ដោយឡែកប្រភពព៌តមានពីពលរដ្ធ៣នាក់សូមមិនបញ្ចេញឈ្មោះ បានអោយដឹងថា កាលពីដើមឡើយពលរដ្ធចង់ដាំឈួកក្នុងបឹងនេះ ទាល់តែទៅធ្វើលិខិតបញ្ជាក់សុំជួលពីអាជ្ញាធរភូមិ ឃុំ ក្នុង១ហិកតា១០ទៅ១៥មុីនរៀលក្នុងមួយរដូវ។ប្រភពបញ្ជាក់បន្ថែមថា បឹងនេះសប្បូរត្រីសត្វគ្រប់ប្រភេទ និងមានសោភ័ណភាព ទេសភាពស្រស់បំព្រង ប្រសិនបើប្រមុខរាជរដ្ធាភិបាលយើង កែលម្អអោយបឹងនេះក្លាយទៅជាតំបន់តំបន់រម្មណីយដ្ធានទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ មកទស្សនាកម្សាន្តលេង ប្រាកដជាចំណេញដល់រដ្ធផង ជៀសជាងអោយធ្លាក់ទៅលើដៃបុគ្គលឯកជន។ព្រោះនៅចំកណ្តាលបឹងមានទួលបារមី ជាច្រើនកន្លែងដូចជា÷ទួលលោកតាកោះកំពុងរទាស់ ទួលលោកតាកោះលាស់ ទួលលោកតាកោះពងអណ្តើក និងទួលលោកតាកោះអណ្តែតប្រាសាទនៅលើកោះ សម្រាប់ប្រជាពលរដ្ធ ក៍ដូចជាជនបរទេសដែលតែងតែមកប្រារពធ្វើបុណ្យឡើងអ្នកតាសូមសេចក្តីសុខសប្បាយជារៀងរាល់ឆ្នាំផងដែរ។ហើយឥឡូវជិតដល់ថ្ងៃធ្លងទៀតហើយ ពលរដ្ធខ្លះខំទៅកែលម្អកន្លែងប្រាសាទ បែរជាអាជ្ញាធរឃុំទៅឃាត់អត់អោយពលរដ្ធធ្វើទេ ដោយប្រាប់ថាបឹងកោះនេះគេទិញអស់ហើយ មិនបាច់មកធ្វើអីទៀតទេ។ ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក អ៊ូ ឈាង អភិបាល ស្រុកកៀនស្វាយ បានប្រាប់ភ្នាក់ងារកោះសន្តិភាព កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩យ៉ាងខ្លីថា រូបលោកជាប់រវល់ប្រជុំរឿងដីអាងស្តុបទឹកបឹងតូចបឹងធំនេះហើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com