នៅថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2016 សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជនៃគណ:ធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងបានជាព្រះរាជាធិបតីភាព បើកបវេសកាលឆ្នាំសិក្សា 2016-2017នៃ សាលាបថមសិក្សា និង វិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ។ ស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល ។
យោងតាមរបាយការណ៏ របស់ព្រះរាជធម្ម វង្ស អានេតា ព្រះនាយកសាលាចំណេះដឹងទូទៅ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ជាព្រះចៅអធិការផងនោះ បានបញ្ជាក់ថា សាលាចំណេះដឹងទូទៅនេះបានបង្កើតឡើងតាំងពីឆ្នាំ2011 ដោយបានបង្រៀនបន្ថែមមានភាសាអង់គ្លេស ភាសាចិន បារាំង និង ថ្នាក់កុំព្យូទ័រផងដែរ ។ សរុបសិស្សានុសិស្សទាំងអស់មានចំនួន 833 នាក់។
ព្រះអង្គបានបន្ថែមថា ដោយមានក្តីមេតាករុណា និងសណ្តោស ពីសម្តេចតេជោ ហ៊ុន សែន គឺកាលពីថ្ងៃទី16 ខែតុលា ឆ្នាំ2016 កន្លងមកនោះ គឺសម្តេចបានសំរេចបញ្ចូលសាលាបថមសិក្សា និង វិទ្យាល័យខាងលើជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ រួមទាំងបុគ្គលិក លោកគ្រូ អ្នកគ្រូ បានក្របខណ្ឌរដ្ឋផងដែរ ។
ជាមួយនោះសម្តេចក៏បានជួយកសាងអាគារសិក្សា អាគារអន្តេវាសិកដ្ឋាន ព្រះវិហារ និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្តជាច្រើនទៀត ។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានព្រះរាជបន្ទូល ថាទីវត្តអារាមមិនត្រឹមតែ ជាកន្លែងគោរពបូជារបស់ពុទ្ធបរិស័ទ ប៉ុណ្ណោះទេ តែវត្តអារាម ក៏ជាកន្លែងផ្តល់ចំណេះដឹង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។ តួយ៉ាងវត្តព្រះឥន្ទសាមគ្គីធម៌នេះ ជាគំរូ គឺថាកូនចៅប្រជាជនដែលមាននិស្ស័យនិងព្រះ ក៏បានបួសដើម្បីទ្រទ្រង់ខាងសាសនាអោយបានគង់វង់ និងអ្នកមិនបានបួសក៏បានចូលរៀនតាំងពីថ្នាក់បថម ដល់វិទ្យាល័យ ដែលពួកគេបានបំពេញបន្ថែមតាមចំណង់ចំណូលចិត្តមានភាសា បារាំង ចិន អង់គ្លេស និង កុំព្យូទ័រជាដើម ។ ទាំងនេះជាទិសដៅក្នុងការពង្រឹង បង្កើនគុណភាព សមត្ថភាព ដល់សិស្សានុសិស្ស សំរាប់ប្រកួតប្រជែងទាំងក្នុងស្រុក និង បណ្តាប្រទេសអាស៊ានផងដែរ ។
សម្តេច មានព្រះរាជបន្ទូលថា ដោយមានកំណើនសិស្សនុសិស្ស ក្មេងកំព្រា ក្មេងក្រីក្រ ប្រជាជន នៅក្បែរវត្ត ដែលពិបាកក្នុងការស្វែងរកមណ្ឌលសុខភាពនោះ សម្តេចបានសំរេចបង្កើតមណ្ឌលសុខភាពថ្មីក្នុងវត្តព្រះឥន្ទសាមគ្គីធម៌នេះ ដើម្បីជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស បាននៅគៀកនឹងគ្រូពេទ្យតែម្តង ។