មានការភ្ញាក់ផ្អើល ពីមាត់មួយ ទៅមាត់ ថា ទេពធិតា ឆ្នាំនេះ ទ្រង់ចុះមកទទួលដំណែង នៅកណ្តាលរាត្រី ដែលមនុស្សលោក បានកំពុងដេកលង់លក់ នៅម៉ោង ៣:១២នាទី ទៀបភ្លឺនៃថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០១៧ នេះ ។ ទោះជាកាលកំណត់វេលា ដោយអ្នកចាស់ទុំរបស់ខ្មែរក្តី ប្រជាជនខ្មែរ សឹងទូទាំងនគរ បានរៀបរណ្តាប់ និង ដង្វាយ សំរាប់ទទួលទេពធិតា ឆ្នាំ រកានេះ ។ ប្រជាជនខ្លះ បាននិយាយថា ចុះមកពាក់កណ្តាលទៀបភ្លឺនេះ មកពីខ្លាចស្ទះចរាចរណ៍ និង មួយទៀតថា បើមកភ្លឺពេក ខ្លាច ប្រជាជនសប្បាយភ្លេចខ្លួន មានការផឹកស៊ី កាប់សំលាប់គ្នាជាដើម ។ ចំណែកការសោយរបស់ទេពធិតា វិញ ដូចរៀងទ្រង់ប្លែក ត្រង់ថា សោយផ្លែចេក ជាអាហារ ដែលពេលនោះ ចេកណាំវ៉ា មួយស្និត បានឡើងដល់ ៥ ពាន់រៀល ខណៈពេលធម្មតា មានតំលៃតែ ២៥០០ រៀល ទៅ ៣០០០ រៀល ប៉ុណ្ណោះ ។ ទោះថ្លៃយ៉ាងណា ប្រជាជនខ្មែរ បាននាំគ្នាទិញ រួមទាំងរណ្តាប់នានា សំរាប់ទទួល ទេព ធិតា តាមអ្វី ដែលចាស់ទុំ បានប្រកាស ជាសាធារណៈ។ប្រជាជនខ្លះ បានឆ្ងល់ថា ទេពធិតា ក្នុងឆ្នាំរកា ដែលនិយាយអោយស្រួលស្តាប់ គឺ តំណាងអោយសត្វ មាន់ ចំណីរបស់មាន់គឺ ស្រូវ និង អង្ករ ជាដើម ហេតុអី បានចេញ ចេក ទៅវិញ ។នេះជាការលើកឡើង របស់ប្រជាជន មួយចំនួនប៉ុណ្ណោះ តែបើយោងតាម សំណេរ“មហាសង្ក្រាន្ត” និពន្ធដោយលោក អ៊ឹម បុរិន្ទ នាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថាទេវតាឆ្នាំរកា ព្រះនាង កិមិរាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម ជាបិតា ។ អ្វីដែលជាផ្តាំផ្ញើ របស់ហោរាសាស្រ្តយើង គឺ ការធ្វើល្អ និងរក្សា សីលទេវតាឆ្នាំថ្មីនឹងតាមថែរក្សាអ្នករាល់គ្នា ជួបតែសេចក្ដីសុខ ជាក់ជាមិនខាន។
ដោយ ៖ លោក ព្រហ្ម ឥន្រ្ទ