គ្រឿងស្រវឹង ជាកត្តាហានិភ័យចម្បងមួយ ក្នុងចំណោមកត្តាហានិភ័យចម្បងបួន ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់ កើតជំងឺមិនឆ្លង ប្រមាណជាង២០០ប្រភេទ ដែលរួមមាន មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ដាច់សរសៃខួរក្បាល។ គ្រឿងស្រវឹងក៏ជាកត្តាហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងបញ្ហាអសន្តិសុខផ្សេងៗ ផងដែរ”។
ទាំងនេះជាការថ្លែងរបស់លោក លោក មុំ គង់ នាយកប្រតិបត្តិអង្គការ ចលនាដើម្បីសុខភាពកម្ពុជា នៅ ក្នុងសិក្ខាសាលាមួយស្តីពីស្ត្រី និងគ្រឿងស្រវឹង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធើកុងទីណង់តាល់ ព្រឹកមិញនេះ ។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធាន សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថាគ្រឿងស្រវឹងពិតជានាំមកនូវ ផលវិបាកជាអវិជ្ជមាន ដ៏ច្រើនបំផុត សម្រាប់ផលប្រយោជន៍បុគ្គល សាធារណជន និងសង្គមជាតិ ជាពិសេស គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានមនុស្សស្លាប់ របួស ខូតខាតទ្រព្យសម្បត្តិ អំពើហិង្សានានាលើស្ត្រី និងកុមារ។“គ្រឿងស្រវឹងភាគច្រើន ត្រូវបានប្រើប្រាស់នៅពេល ជប់លៀង មង្គលការ ជួបជុំគ្នា និងក្នុងបរិយាកាស សប្បាយរីករាយនានា ដែលភាគច្រើនបុរសៗ តែងតែហូបគ្រឿងស្រវឹង។ ពេលខ្លះអ្នកកើតទុក្ខ ក៏សេពស្រវឹងដើម្បីបន្លប់ និងបំភ្លេចទុក្ខ ធ្វើឱ្យពិបាកនឹងបញ្ឈប់ ឬទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹង បានទាំងស្រុង”។លោកជំទាវ លើកឡើងទៀត ថា បុគ្គលអ្នកប្រព្រឹត្តអំពើហិង្សា អ្នកដទៃមាន ឬគ្មានជាតិស្រវឹង ក៏ពួកគេនៅតែត្រូវទទួលទោស ដោយគ្មានករណីលើកលែងណាមួយ នៅក្នុងច្បាប់របស់កម្ពុជា។ ការយកគ្រឿងស្រវឹងជាលេសមិនអាចជួយពួកគេបានទេ។ ការស្វែងរកនូវវិធានការ ប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់ គ្រឿងស្រវឹង ជាពិសេស ក្នុងចំណោមស្ត្រីនិងយុវជន អោយមានការគាំទ្រឲ្យលើការអនុម័តច្បាប់លិខិតបទដ្ឋានគតិយុត្តិ ស្ដីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕