ភ្នំពេញ៖មន្ត្រីនគរបាល នាយកដ្ឋានទេសចរណ៍ ក្រសួងមហាផ្ទៃ និងអនុប្រធាននាយកដ្ឋាន បាននាំគ្នាផ្តិតមេដៃ ប្តឹងទៅអគ្គស្នងការ នគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំឲ្យធ្វើការ ផ្លាស់ប្តូរ លោកឧត្តមសេនីយ៍ឯកសំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាន នគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ និងលោកសត ណាពេញ អនុប្រធាន នាយកដ្ឋាននគរ បាលទេសចរណ៍។
យោងតាមលិខិតដែល សៀមរាបប៉ុស្ដិ៍ បានទទួលនៅថ្ងៃទី២៤ ឧសភា នេះ មានខ្លឹមសារ ដូចខាងលើក្រោម៖
ទី១ការដឹកនាំរបស់លោកសំ ស៊ីយ៉ាន មិនបានធ្វើឲ្យ ថ្នាក់ក្រោមគោរព ស្រឡាញ់ និងកោតសរសើរ លោកទេ លោកអាងអំណាច បុណ្យស័ក្តិ ធ្វើឫកក្រអឺតក្រទម គាបសង្កត់ គំរាមគំហែង កេងប្រវ័ញ្ច ពុករលួយ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោម អស់ទំនុកចិត្ត ហើយមានការឈឺ ចាប់ពីមួយថ្ងៃទៅមួយថ្ងៃ។
ទី២លោកសំ ស៊ីយ៉ាន តាំងពីចូលកាន់ តំណែងមក គឺលោកមិនបានទុក ចិត្តមន្រ្តី ថ្នាក់ក្រោមខ្លួនទេ ចាត់ទុកកូនចៅ ជាសត្រូវរបស់ខ្លួន ហើយផ្ដល់អំណាច ឲ្យទៅលោក សត ណាពេញ ដែលជាអនុប្រធាន នាយកដ្ឋានទើបឡើងថ្មី ធ្វើព្យុះធ្វើភ្លៀង ជ្រៀតជ្រែកការងារបណ្ដោយឲ្យ លោកជិះជាន់ គាបសង្កត់ ព្រហើន កោងកាច ប្រើអកប្បកិរិយាមិនសមរម្យ គ្មានសីលធម៌ សម្ដីអសុរោះដាក់ មនុស្សចាស់ទុំ ដែលខ្លួនទើបនឹង ឡើងកាន់តំណែងថ្មីៗ អ្វើឲ្យមន្រ្តីបំពេញ ការងារប្រចាំថ្ងៃ មានការបាក់ទឹកចិត្ត និងភាពភ័យខ្លាច គំរាមកំហែងដកបញ្ជូន ទៅឈរចើងប្រចាំការ នៅខេត្តព្រះវិហារ ទង្វើបែបនេះ យើងជាថ្នាក់ដឹកនាំ អនុនាយកដ្ឋាន និងមន្រ្តីថ្នាក់ក្រោមមិនអាចទទួលយកបាន។
ទី៣ ដោយឡែក អ្នកអវត្តមាន ប្រចាំកន្លងមក មិនបានមកបម្រើ ការងារប្រចាំថ្ងៃ មិនត្រូវបាន លោកប្រធាននាយកដ្ឋាន ធ្វើការស្ដីបន្ទោស ឬដាក់វិន័យឡើង ព្រោះអ្នកទាំង នោះជាថ្នូរនឹង លាភសក្កាៈរបស់ខ្លួន។
ទី៤ការតែងតាំងមន្រ្តី គឺលោកប្រធាននាយកដ្ឋាន តែងតែទូរសព្ទហៅ មកជួបផ្ទាល់ៗ និយាយអំពីលាភសក្ការៈ ដែលត្រូវគិតគូរឲ្យ លោកប្រធាន ដោយមិនបានកោះប្រជុំ ថ្នាក់ដឹកនាំក្នុងនាយកដ្ឋាន ដើម្បីវាយតម្លៃ អំពីស្នាដៃឲ្យបានត្រឹមត្រូវ តាមនីតិវិធី ឬតាមឋានុក្រម ដូចពីប្រធាន នាយកដ្ឋានមុនៗទេ។
ទី៥នាយកដ្ឋាននគរបាល ទេសចរណ៍បច្ចុប្បន្ន គឺលោកសំ ស៊ីយ៉ាន និងលោក សត ណាពេញ ចាត់ទុកជារបស់ ផ្ដាច់មុខរបស់អ្នកទាំងពីរ ព្រោះគេនិយាយថា សម័យនេះមិនមែនជាសម័យលោក ញាណ វិបុល ទេ គឺសម័យ សំ ស៊ីយ៉ាន និង សត ណាពេញ កុំភ្លេច។
រាល់ទង្វើ ដែលបុគ្គលនេះ បានប្រព្រឹត្តិ មន្រ្តីនគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ សំណូមពរដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ពិសេស សម្តេចក្រឡាហោម ស ខេង មេត្តាផ្ទេរផ្លាស់ បុគ្គលទាំងពីរនាក់នេះ ចេញពីអង្គភាព ព្រោះនេះជា បញ្ហាដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចដឹកនាំ និងសហការធ្វើការរួមគ្នាបានតទៅ ទៀតទេ។