ជាច្រើនឆ្នាំមកនេះប្រជាពលរដ្ឋរស់នៅភូមិឆ្មានពូន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅតែទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយក្រុមឈ្មួញរកស៊ីជីកនិងដឹកដីលក់ មានជាអាថ៌
ដូចជាឈ្មោះ អ៊ុក ឡាឌិន ., សៅ ពន្លក និងឈ្មោះ សៅ សុធា ជាដើម ។ ផលប៉ះពាល់នោះ បើតាមប្រជាពលរដ្ឋ ដែលរស់នៅលើខ្នងទំនប់ ចូលតាមច្រកស្ពានបាក់មុខប៉ុស្តិ៍លេខ៥ ចាស់ បាននិយាយប្រាប់ព្រះនរាយណ៍
ថា ជារៀងរាល់ថ្ងៃតាំងពីព្រឹករហូតដល់ល្ងាច រថយន្តដឹកដីរបស់ក្រុមឈ្មួញខាងលើនេះ បានបើកលឿនៗ
លើផ្លូវខ្នងទំនប់តូចចង្អៀតទទឹង ប្រមាណ 4 ម៉ែត្រប៉ុណ្ណោះ ហើយមានពេលខ្លះបើកទៅបុក កង់ ម៉ូតូ សសរបង្គោលភ្លើង និង ផ្ទះប្រជាជនទៀតផង ។ ជា ពិសេសកាលពីឆ្នាំទៅមិញ គឺក្រុមឡានរបស់ឈ្មោះ អ៊ុក ឡាឌិន បានបើកបុកប្រជាពលរដ្ឋម្នាក់បណ្តាលឲ្យបាក់ជើងទៀតផង។ ប្រជាពលរដ្ឋបន្តថា ជារៀងរាល់ថ្ងៃនេះ ពួកគាត់ មានភាពភ័យខ្លាចនិងអាយុជីវិត កូនចៅ របស់ពួកគាត់ ដែលកំពុងទទួលរង ហានីភ័យយ៉ាងខ្លាំងដោយក្រុមឡានដឹកដី ម្យ៉ាងទៀតឡានដឹកដីទាំងនេះ ធ្វើសកម្មភាពដឹកជញ្ជូន គឺបានផ្ទុកអាចម៌ដីពេញផុតទ្រង់ ហើយមិនបានគ្របតង់វេចខ្ចប់ឲ្យបានត្រឹមត្រូវតាមច្បាប់និង ការណែនាំរបស់ក្រសួងរ៉ែនោះទេ ជាហេតុបណ្តាលឲ្យអាចម៌ដីជ្រុះធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ ។បញ្ហាអាចម៌ដីជ្រុះធ្លាក់នេះទៀតសោត
ក៏អាចធ្វើឲ្យអ្នកដំណើរងាយនិងទទួលរងគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ ដោយសារតែមានការព្រួយបារម្ភពីសុវត្ថភាពការរស់នៅទើបពួកគាត់ បានសំណូមពរតាមរយ:ព្រះនរាយណ៍ PNTV ទៅដល់ក្រសួង រ៉ែ និងថាមពល និងអាជ្ញាធរ មេត្តាគួរមានចំណាត់ការចំពោះក្រុមឈ្មួញទាំងនេះ ។គួរបញ្ជាក់ថា បើ យោងតាមប្រភពពត៌មានបានឲ្យដឹងថា រណ្តៅដី និង ការដ្ឋានខ្សាច់របស់ឈ្មោះ សៅ ពន្លក- សៅ សុធា និង ឈ្មោះ អ៊ុក ឡាឌិន ការរកស៊ីជីកដី និងខ្សាច់លក់ នៅក្នុងស្រុកកណ្តាលស្តឹង ខេត្តកណ្តាល មានជាច្រើនកន្លែង ពិសេសនៅក្នុង ភូមិឆ្មាពូន ឃុំជើងកើប នេះទំនងមិនមានច្បាប់ត្រឹមត្រូវនោះទេ ពោលគឺពួកគេបានលេងបួនសន្លឹកជាមួយក្រសួងរ៉ែ និង ថាមពល តាមរយៈមន្ត្រីខិលខូចមួយចំនួននៅក្នុងមន្ទីរ រ៉ែ និងថាមពល ខេត្តកណ្តាល ដោយគេសុំច្បាប់តែឈ្មោះម្នាក់ ដើម្បីបើកផ្លូវរកស៊ី ត្រឹមត្រូវ តែបានបង្កប់រណ្តៅដី និង រណ្តៅខ្សាច់ជាច្រើនកន្លែងទៀតអមជាមួយអាជ្ញាប័ណ្ណកុហក់ថ្នាក់លេី។