ខេត្តបាត់ដំបង÷មន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោមស.ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងលោកជំទាវនៅរសៀលថ្ងៃទី៥ខែកុម្ភះនេះបានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ។នៅក្នុងពិធីនេះលោកជំទាវញ៉ែម.សាខនសម្តេចក្រឡាហោមស.ខេងបានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអគារមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបងស្ថិតនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនាភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។
ក្នុងពិធីនេះក៏មានវត្តមានលោកស.សុខារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាព្រមទាំងលោកជំទាវលោកចន្ទ.សុផលអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបងលោកខាន់.ម៉ាណេររដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងព្រមទាំងអស់លោកលោកជំទាវមន្រ្តីរាជការអ្នកមុខអ្នកការតាមមន្ទីរស្ថាប័នអង្គភាពពាក់ព័ន្ធក្នុងខេត្តបាត់ដំបងកងកម្លាំងនគរបាលព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនអង្គរូបផងដែរ។ជាមួយគ្នានេះដែរលោកជំទាវញ៉ែម.សាខនក៏បានថ្លែងអំណរគុណចំពោះអស់លោកលោកជំទាវលោកស្រីមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធអាជីវករសប្បុរសជនក្នុងខេត្តនិងក្រៅខេត្តដែលបានជួយឧបត្ថមជាបន្តបន្ទាប់កន្លងមក។
ក្នុងឱកាសនោះលោកជំទាវក៏បានប្រគេនទយ្យវត្ថុចំពោះព្រះសង្ឃនិងប្រគល់សម្ភារៈបរិក្ខាប្រេីប្រាស់និងឱសថដល់មន្ទីរពេទ្យព្រមទាំងបានចែកអំណោយមួយចំនួនដល់អ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផងដែរ។បច្ចុប្បន្នមន្ទីរពេទ្យមួយនេះក៏ត្រូវបានរៀបចំបំពាក់ដោយឧបករណ៍សម្ភារៈវេជ្ជសាស្រ្តទំនើបៗទាន់សម័យនិងមានក្រុមវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ទទួលបានការបណ្តុះបណ្តាលទាំងក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ទន្ទឹមនិងនេះក៏បានទទួលពិនិត្យនិងព្យាបាលជម្ងឺទាំងកងកម្លាំងនគរបាលមន្រ្តីរាជការនិងប្រជាពលរដ្ឋទូទៅ២៤ម៉ោងលើ២៤ម៉ោងទៅតាមតម្រូវការ៕សៅ សារិទ្ធ