មណ្ឌលគិរីៈស្ថានីយ៍ទឹកស្អាតស្រុកកែវសីមា ខេត្តមណ្ឌលគិរីត្រូវបានគេលើកឡើងថា មិនទតួលការខុសត្រូវលើការផ្គត់ផ្គង់ទឹកឲ្យអតិថិជន ក្នុងនោះបញ្ហាអនាម័យក៏ជាបញ្ហាដែលអតិថិជនអះអាងថាមានសភាពច្រេះ និងសត្វល្អិតក្នុងទឹក។ការលើកឡើងបែបនោះគឺបន្ទាប់ពីអ្នកភូមិតាមបណ្តោយផ្លូវឡាប៉ាខេ(ផ្ទះក្រហម)ឃុំស្រែខ្ទុម ស្រុកកែវសីមា មិនមានទឹកប្រើប្រាស់រយៈពេល២ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃ១៤ខែមិថុនាមកនោះ។
លោកឈាង ណាក់ ជាមន្ត្រីមេព្រៃ មានទីលំនៅចំណុចខាងលើបានលើកឡើងស្រដៀងនិងពលរដ្ឋដទៃទៀតថា លោកពិតជាមិនសប្បាយចិត្តនោះទេ ខណៈដែលការផ្គត់ផ្គង់ទឹកប្រចាំថ្ងៃរបស់ស្ថានីយ៍ទឹកកែវសីមា មិនទទួលខុសត្រូវលើសេវាកម្មផ្គត់ផ្គង់ទឹករបស់ខ្លួន ព្រោះថាទឹកបានដាច់តាំងពីថ្ងៃទី១៤មកម្លេះ ហើយរហូតមកដល់ថ្ងៃទី១៦មិថុនានេះ នៅមិនទាន់មានការតភ្ជាប់ឲ្យអតិថិជនប្រើប្រាស់នោះឡើយ។ក្នុងនោះកំឡុងពេលដាច់ទឹកលោកបានទំនាក់ទំនងទៅម្ចាស់ស្ថានីយ៍តែទូរស័ព្ទមិនព្រមទទួល ហើយក្រោយពេលទទួលឆ្លើយបែបនេះ បែបនោះ តែមិនមកតភ្ជាប់ទឹកដដែល។លោកមេព្រៃដដែលបានបន្តថា ចំពោះការដាច់ទឹកនិងភាពរអាក់រអួលវាជាមួយផ្នែកតែប៉ុណ្ណោះ ប៉ុន្តែបើពិនិត្យទៅលើទឹកដែលហូរចេញពីទុយោនោះ មានសភាពច្រេះ មានសត្វល្អិតហូរធ្លាក់ចុះមកលាយឡំជាមួយទឹក ហើយពេលខ្លះយកខោអាវពណ៌សរ ទៅបោកគក់ពណ៌ច្រេះនោះកាន់ជាប់និងអាវថែមទៀត។
នៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមិថុនានេះ ការលើកឡើងចំពោះបញ្ហាទឹកមានជាប់មាត់អតិថិជនក្នុងភូមិខាងលើតែម្តង ប៉ុន្តែនៅមិនទាន់មានការមកតភ្ជាប់ឬផ្គត់ផ្គង់ទឹកនោះឡើយពីសំណាក់អ្នកបម្រើនិងផ្គត់ផ្គង់ទឹកអង្គភាពខាងលើ។ម្ចាស់ស្ថានីយ៏ផ្គត់ផ្អង់ទឹកស្អាតមណ្ឌលគិរីនិងស្រុកកែវសីមាលោកប៉ោ ពួជ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែមិថុនានេះថា ចំពោះបញ្ហាទឹកដាច់លោកបាននិងកំពុងជម្រុញឲ្យកម្មករតភ្ជាប់ទុយោមេនោះហើយ ប៉ុន្តែនៅមិនទាន់តភ្ជាប់រួចរាល់។លោកថាចំពោះបញ្ហាទឹកមានសត្វល្អិតឬច្រេះហូរចេញពីទុយោនោះមិនមែនជាការពិតនោះទេ លោកថាមុននិងបញ្ចេញទឹកឲ្យអតិថិជនប្រើប្រាស់ស្ថានីយ៏បានបូមទឹកពីប្រភពពីរកន្លែងទីមួយនៅចំណុចលូបាក់ ទីពីរនៅក្រោយស្ថានីយ៏ផ្ទាល់ ដើម្បីយកមកប្រើបច្ចេកវិជ្ជាបន្សុតក្នុងអាង ទើបបញ្ចេញឲ្យអតិថិជនប្រើប្រាស់។លោកប៉ោ ពួជ បន្តថាចំពោះស្ថានីយ៏ទឹករបស់លោកបានទទួលការត្រួតពិនិត្យក្នុងឡាបូ ពិសោធន៏របស់មន្ទីរឧស្សាហកម្មនិងសិប្បកម្មរាល់៣ខែម្តង មិនដែលមានបញ្ហានោះទេ។លោកបញ្ជាក់ថាដើម្បីឆ្លើយតបនិងការអំពាវនាវរបស់រាជរដ្ឋាភិបាលស្ថានីយ៏លោកបានធ្វើតាមតាំងអស់ ក្នុងនោះចំពោះការប្រើប្រាស់៣គីបចុះគឺគិតត្លៃដើមតម្លៃ១៩០០រៀល ហើយចំពោះអ្នកប្រើប្រាស់ចាប់ពី៣គូបឡើងត្រូវគិតក្នុង១គូប២២០០រៀល
ទោះជាយ៉ាងណាលោកប៉ោ ពួជ ប្រធានស្ថានីយ៏ផ្គត់ផ្គង់ទឹកស្អាតមិនបានបដិសេធចំពោះការលើកឡើងរបស់អតិថិជនទាំងស្រុងនោះទេព្រោះថាអាចមានកង្វះខាតបច្ចេកទេសពីកម្មករ ដោយលោកមិនបានដឹងក៏ថាបាន។ទាក់ទងទៅនិងករណីដែលមានការលើកឡើងនោះរួមនិងអាជ្ញាប័ណស្ថានីយ៏ផ្គត់ផ្គង់ទឹកស្អាត អ្នកកាសែតមិនអាចសូមការឆ្លើយតបពីប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មបាននោះទេនាថ្ងៃ១៦មិថុនានេះ។ប៉ុន្តែម្ចាស់ស្ថានីយ៏ទឹកស្អាតស្រុកកែវសីមា ថានិងមានការពន្លឿន ការតភ្ជាប់ទឹកឲ្យអតិថិជនបានប្រើប្រាស់ឆាប់រហ័សឡើងវិញផងដែរ៕