នៅថ្ងៃទី3 ខែធ្នូ ឆ្នាំ 2016 នេះ ព្រះសង្ឃ ពុទ្ធបរិស័ទ គណៈកម្មការវត្ត រួមនឹង មន្ត្រីរាជការ បានរួមគ្នា ប្រារព្ធបុណ្យ រំលឹកខួបនៃការកកើត ឡើងវិញ នៃគណៈធម្មយុត្តិកៈនិកាយ នៅព្រះរាជាណាចក្រកម្ពុជា ។នៅក្នុងកម្មវិធីនោះ មានការយាង ជាព្រះអធិបតីពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ-គ្រី ព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកៈ និកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ។សម្តេច ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ -សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ យោងតាមរបាយណ៍ការដែលអានដោយ ព្រះមហារាជធម្ម វង្ស អានេតា សមាជិកគណៈសង្ឃនាយក និង ជាអនុប្រធានទី1 ថេរសភាព្រះពុទ្ធសាសនា នៃគណៈធម្មយុត្តិកនិកាយ បានអោយដឹងថា នៅថ្ងៃទី17 ខែមេសា ឆ្នាំ 1975 រហូតដល់ ថ្ងៃទី7 ខែមករា ឆ្នាំ 1979 ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះពុទ្ធសាសនា ត្រូវបានរលាយសាបសូន្យ ។បន្ទាប់ពីថ្ងៃ រំដោះ ថ្ងៃទី7 មករា ឆ្នាំ 1979 ដោយសម្តេចទាំង3 ព្រះពុទ្ធសាសនាក៏បានកកើតឡើងវិញ ។ព្រះអង្គបន្តថា គណៈធម្មយុត្តិកនិកាយ បានកកើតនៅលើទឹកដីកម្ពុជាវិញ នៅពេលកម្ពុជាទទួលបាននូវការផ្សះផ្សារ បង្រួបបង្រួមជាតិ ។ពោលគឺនៅថ្ងៃទី 7 ខែធ្នូ ឆ្នាំ 1991 ព្រះសង្ឃខាងគណៈធម្មយុត្តិកៈនិកាយ បានកកើតជាផ្លូវការ តាំងពីពេលនោះមក ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៏ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ពិសេសពុទ្ធបរិស័ទ ជាង90ភាគរយ ជាអ្នកកាន់សាសនាព្រះពុទ្ធ ទោះថា នៅខាងនិកាយណាមួយក៏ដោយ គឺជាព្រះសង្ឃ ដែលពុទ្ធបរិស័ទ គោរព ។ សម្តេច បានកោតសសើរផងដែរ ពីការគ្រប់គ្រង បានល្អ របស់ព្រះសង្ឃ ខាងគណៈធម្មយុត្តិកៈនិកាយ គឺកន្លងមកមិនដែលមានបញ្ហានឹងសង្គម ពិសេសល្បីថាបានចូលរួមក្នុងបាតុកម្ម ណាមួយ នាំអោយការឈឺក្បាលដល់អាជ្ញាធរ និង រាជរដ្ឋាភិបាលផងនោះទេ ។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរគ្រី មានព្រះរាជបន្ទូលថា ព្រះពុទ្ធសាសនាបានមកប្រតិស្ថាននៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អស់កាលជាយូរលង់ណាស់ហើយ គឺទាំងពីសតវត្សទី3 មកម្លេះ ។ ព្រះពុទ្ធសាសនា មានការរីចំរើន និង ថមថយ គឺអាស្រ័យតាមសម័យកាល តែបច្ចុប្បន្ននេះ ព្រះពុទ្ធសាសនា ត្រូវបានលើកតំកើន តាមរដ្ឋធម្មនុញ្ញ ជាសាសនា របស់រដ្ឋ តំណាងដោយនិកាយ2 មានគណៈធម្មយុត្តិកៈនិកាយ និង គណៈមហានិកាយ ។
មានប្រសាសន៍ចុងបញ្ចប់នៃកម្មវិធីដ៏នក្ខត្តឬទ្ធិនោះ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ បានរំលឹកថា ព្រះពុទ្ធសាសនាត្រូវបានរលាយសាបសូន្យក្នុងរបបប៉ុលពត តែក្រោយថ្ងៃរំដោះ7 មករា ឆ្នាំ 1979 មិនថាសាសនាព្រះពុទ្ធនោះទេ ដែលបានកកើតឡើងវិញគឺមានសាសនាដ៏ទៃទៀតក៏បានកកើតដែរ ។
សូមបញ្ជាក់ថា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា មាន2 និកាយ គឺ ទី1 គឺខាងគណៈធម្មយុត្តិកនិកាយ និង ទី2 គឺខាងមហានិកាយ ទាំង2 និកាយនេះ មានព្រះសង្ឃប្រមាណ ជិត6ម៉ឺន អង្គ និង មានវត្តអារាមនៅទូទាំងប្រទេសមានប្រមាណ ជិត5ពាន់វត្ត ៕