ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កូនលោក​ស្នងការ​ខេត្ត អ៊ា​វ ចំរើន ត្រូវបាន​ប្រជា​ពល​ដ្ឋ​៣​នាក់​ប្តឹងទៅ​ក្រសួងមហាផ្ទៃ

​ខេត្តកណ្តាល ៖ អធិការរង​ក្រុង​តាខ្មៅ​ម្នាក់​ឈ្មោះ ចំរើន បញ្ញា ដែល​ត្រូវជា​កូនលោក​ស្នងការ​ខេត្ត អ៊ា​វ ចំរើន ត្រូវបាន​ប្រជា​ពល​ដ្ឋ​៣​នាក់​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​ពីបទ​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ទៅ​អធិការដ្ឋាន និង​កសាង​សំណុំរឿង​បំភ្លៃ​ខុស​ការពិត ។ ពលរដ្ឋ​ដែល​ប្តឹង​អធិការរង​ក្រុង​តាខ្មៅ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី​១/ ឈ្មោះ កៅ ម៉ា​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ ទី​២/ ឈ្មោះ សាយ ស៊ីណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ទី​៣/ ឈ្មោះ សុខ ជា ភេទ​ស្រី អាយុ​៧៧​ឆ្នាំ មាន​ទី​នៅ​ភូមិ​ទួល​រការ សង្កាត់​ចាកអង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​ពាក្យបណ្តឹង​ក្រសួងមហាផ្ទៃ ពលរដ្ឋ​ដែលជា​ជនរងគ្រោះ​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ នាង​ខ្ញុំ​ទាំងអស់គ្នា​ជា​ជនរងគ្រោះ ដោយ​អំពើហិង្សា​បង្កឡើង​ពី​ក្រុមមនុស្ស​មួយក្រុម​ដែល​បាន​ព្រួត​គ្នា​វាយតប់​មកលើ​នាង​ខ្ញុំ​ទាំង​៣​នាក់ បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។ ហេតុការណ៍​នោះបាន​កើតឡើង​នៅក្នុង​ផ្សារ​តាខ្មៅ​ចាស់ ស្ថិតក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​ជនបង្ក​វាយតប់​មកលើ​នាង​ខ្ញុំ ដោយ​គ្រាន់តែ​ទំនាស់​ពាក្យសំដី​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រុម​ជនបង្ក​ហាក់​មាន​គំនុំ​ជាមួយ​នាង​ខ្ញុំ ពី​ពេលណា​មក​អញ្ចឹង ហើយ​បានមក​ព្រួត​វាយ​នាង​ខ្ញុំ​ទាំង​កំរោល​តែម្តង ។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា បន្ទាប់ពី​រងរបួស​ដោ​យ​អំពើ​វាយប្រហារ​របស់​ក្រុម​ជនបង្ក នាង​ខ្ញុំ​ទាំងអស់គ្នា​បាន​ព្យាយាម​ដាក់ពាក្យ​ប្តឹងទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ជួយ​រក​យុត្តិធម៌ ។ ប៉ុន្តែ​ខណដែល​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​កំពុងតែ​ធ្វើ​កំណត់ហេតុ និង​ទទួល​ពាក្យបណ្តឹង​ក៏​ស្រាប់តែ​ឈ្មោះ ឡុង បរិ​ញ្ញា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ទៅ​រារាំង​មិន​ឲ្យ​មន្ត្រីនគរបាល​ទទួល​ពាក្យបណ្តឹង​របស់​នាង​ខ្ញុំ ។ ទន្ទឹម​នោះ​លោក ចំរើន បញ្ញា អធិការ​ង​នគរបាល​ក្រុង​តាខ្មៅ បែរជា​ឃុបឃិត​ជាមួយ​មន្ត្រីនគរបាល ឡុង បរិ​ញ្ញា រៀបចំ​សំណុំរឿង​ខ្លួនឯង ដោយ​បង្វែ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៅ​ព្រហ្មទណ្ឌ​មួយ​នេះ​ទៅវិញ ខណដែល​មន្ត្រីនគរបាល​ទាំង​២​រូប​នោះបាន​ឃុបឃិត​ជាមួយ​ភាគី​ជនបង្ក ហើយ​បង្វែ​សំណុំរឿង​ឲ្យ​ជនបង្ក​ទៅជា​ជនរងគ្រោះ​ទៅវិញ ។​

​ប្រជាពលរដ្ឋ​ដែលជា​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់​ក្រសួងមហាផ្ទៃ​ថា ពួកគាត់​សុំ​ប្តឹង​ឈ្មោះ ចំរើន បញ្ញា អធិការរង​ក្រុង​តាខ្មៅ និង​ឈ្មោះ ឡុង បរិ​ញ្ញា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តកណ្តាល​ពីបទ​រារាំង​ដំណើរការ​ស្វែងរក​យុត្តិធម៌​របស់​នាង​ខ្ញុំ ហើយ​បាន​ឃុបឃិត​ជាមួយ​ជនបង្ក រួមទាំង​មន្ត្រីនគរបាល​មួយចំនួន ធ្វើ​កំណត់ហេតុ​ផ្ទុយ​ពី​ការពិត ។ ទន្ទឹម​នោះ​សុំ​ប្តឹង​ឈ្មោះ ឡុង បរិ​ញ្ញា ពីបទ​យក​តួនាទី​ជា​មន្ត្រីនគរបាល​មក​ការពារ​ជនបង្ក​អំពើហិង្សា​ដោយ​ចេតនា ។​

​ទាក់ទង​និង​ពាក្យបណ្តឹង​ខាងលើនេះ គេ​ក៏​ឃើញ​មាន​មន្ត្រីនគរបាល​ម្នាក់​បានចេញ​មុខ​ធ្វើជា​សាក្សី​ឲ្យ​ប្រជា​ពល​ដ្ឋ ដែលជា​ជនរងគ្រោះ​ខាងលើ ហើយ​ទាំង​បានធ្វើ​លិខិត​ភ្ជាប់​ជាមួយ​ពាក្យបណ្តឹង​និង​ក្នុងនាម​ជា​សាក្សី​ជូនទៅ​ក្រសួងមហាផ្ទៃ​ផងដែរ ។ មន្ត្រី​រូបនោះ​ឈ្មោះ ស្រី យ៉ា ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​មន្ត្រីនគរបាល​ក្រុង​តាខ្មៅ ដោយ​គាត់​បាន​រៀបរាប់​ក្នុង​លិខិត បញ្ជាក់​ក្នុងនាម​ជា​សាក្សី​ថា ៖ ខ្ញុំបាទ​សូម​ធ្វើការ​បញ្ជាក់​ក្នុងនាម​សាក្សី​ថា កាលពី​ថ្ងៃទី​១៥ វេលា​ម៉ោង ៨,៣០​នាទ មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់ គឺ​ទី​១/ ឈ្មោះ កៅ ម៉ា​ណា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទូល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ។ ទី​២/ ឈ្មោះ សាយ ស៊ីណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ទី​៣/ ឈ្មោះ សុខ ជា ភេទ​ស្រី អាយុ​៧៧​ឆ្នាំ មាន​ទី​នៅ​ភូមិ​ទួល​រការ សង្កាត់​ចាកអង្រែ​ក្រោម ខ័​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​៣​បានមក​អធិដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ដាក់ពាក្យ​ប្តឹង​ជនបង្ក​មួយក្រុម​ដែល​រួមគ្នា​ធ្វើ​សកម្មភាព​វាយដំ​ពួកគាត់​រហូត​មាន​របួសស្នាម​ធ្ងន់ធ្ងរ ។​

​មន្ត្រីនគរបាល​ជា​សាក្សី​បាន​បញ្ជាក់ថា អំឡុង​ពេលដែល​ប្រជាពលរដ្ឋ​ទាំង​៣​នាក់មក​ដាក់ពាក្យ​បណ្តឹង​នោះ​ក៏​ស្រាប់តែ​ឈ្មោះ ឡុង បរិ​ញ្ញា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ដឹកនាំ​ជនដៃដល់​មកដល់​ព្រម​គ្នា​ដែរ ហើយ​បាន​បង្ក​សកម្មភាព​អុកឡុក​ផ្អើល​ពេញ​អធិការដ្ឋាន​រំខាន​មិន​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​បាន​។ ទន្ទឹម​នោះ​មន្ត្រីនគរបាល​ដែល​ទទួល​ពាក្យបណ្តឹង​ក៏​បញ្ឈប់​ទទួល​ពាក្យ​ពី​ជនរងគ្រោះ ព្រោះតែ​មន្ត្រីនគរបាល​ឈ្មោះ ឡុង បរិ​ញ្ញា បង្ក​ការអុកឡុក​ខ្លាំងពេក ។​

​តាម​ព័ត៌មាន​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​បាន​ទៅដល់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ហើយ ហើយ​កំពុង​ត្រូវបាន​ដាក់ជូនទៅ​រដ្ឋលេខា​ធិ​ការទទួល​បន្ទុក​ចាត់​ការបន្ត​តាម​និតិ​វិធី ។​

​ទាក់ទិន​ព័ត៌មាន​ខាងលើនេះ ព្យាយាម​ទំនាក់ទំនង​ទៅ​លោក ចំរើន បរិ​ញ្ញា អធិការរង​ក្រុង​តាខ្មៅ និង​លោក ឡុង បរិ​ញ្ញា មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្តកណ្តាល​ផងដែរ ប៉ុន្តែ​មិនទាន់​អាចទាក់ទង​បាន ដើម្បី​សុំ​ការបំភ្លឺ​ករណី​ពាក្យបណ្តឹង​នោះ ៕

IMG-20170628-WA0030

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com