រាជធានីភ្នំពេញ ៖ លោក សាន ប៊ុនធឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកា ឃុំខ្លួនអតីតសង្ឃ ពឿយ មេត្តា ដាក់ពន្ធនាគារ(ប៉េហ្ស៊ី) ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ៦បទល្មើស ។
អតីតចៅអធិការ ពឿយ មេត្តា អាយុ៤៧ឆ្នាំ កម្រិតវប្បធម៌អនុបណ្ឌិតរដ្ឋបាលសាធារណៈ មានទីកន្លែងកំណើតនៅភូមិឫស្ដកណ្តាល សង្កាត់ឈ្មួញមានជ័យ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ អាសយដ្ឋានមុនឃាត់ខ្លួនស្នាក់នៅវត្តកោះមេត្តពោធិ៍វង្ស ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនជាប់ចោទ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ទី១-ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ទី២-បទ ក្លែងបន្លំ ទី៣-បទ ប្រើប្រាស់លិខិតក្លែង ទី៤-បទ ក្លែងបន្លំឯកសារសាធារណៈ ទី៥-បទ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងទី៦-បទ ញុះញុងឲ្យមានការរើសអើង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០២១ ដែលបទល្មើសនេះមានបញ្ញត្តិ នឹងឲ្យផ្តន្ទាទោសតាមមាត្រា ៣០៥ មាត្រា ៦២៦ មាត្រា ៦២៧ មាត្រា ៦២៨ មាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ។
លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានបើកការស៊ើបសួរលើ អតីតសង្ឃមួយអង្គ ពាក់ពន្ធសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ, ប្រើប្រាស់ត្រាក្លែងក្លែង, បន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង, ញុះ ញង់ឲ្យមានការរើសអើង និងបាតុកម្ម តាមពាក្យបណ្តឹងអន្តរាគមន៍របស់លោកស្រីឧកញ៉ា សៀង ចាន់ហេង ។
ការចាប់ខ្លួនអតីតសង្ឃនេះ ធ្វើឡើងក្រោយពីមានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ មុខភូមិគ្រឹះលោក ស្រីឧកញ៉ា សៀង ចាន់ហេង ពាក់ព័ន្ធដីវត្តនៅប្រទេសជប៉ុន ៕