ភ្នំពេញ : ពលរដ្ឋប្រមាណ១០០នាក់ តំណាងឱ្យ១៤៥គ្រួសារ មកពីភូមិព្រៃទា១និងព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ បានប្រមូលផ្ដុំគ្នាតវ៉ាជាថ្មី នៅលើសួនច្បារ ក្បែរក្រសួងការពារចំហៀងខាងកើត ក្នុងគោលបំណងជម្រាបទៅថ្នាក់លើ ពិសេសសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសារព័ត៌មាន បានដឹងថាទំនាស់ដីធ្លីពួកគាត់ មិនត្រូវបានដោះស្រាយ ទោះមានចំណារសម្តេច កាលពីឆ្នាំ២០១៧ ហើយបែរមានរបាយការណ៍ថា បានដោះស្រាយទៅវិញ ។
ប្រជាពលរដ្ឋបានប្រាប់ ព្រះនរាយណ៍ថា មានពាក្យល្ហិចល្ហៀងថា ប្រជាពលរដ្ឋ ទាំង៣៥គ្រួសាររបស់ពួកគាត់ ទទួលបានថវិកា ១គ្រួសារ ១ម៉ឺនដុល្លារួចហើយ ពីក្រុមហ៊ុនមួយ ។ ពួកគាត់ថា ពួកគាត់មិនទទួលបាន ថវិកា អ្វីនោះទេ សូមស្បថ ។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៧ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចារលើសំណើរ របស់សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយបានយល់ព្រម
៖ ១-ស្នើសុំកាត់ផ្ទៃដី ទំហំ ៣៤.៧៥០ម៉ែត្រការ៉េ ជូនគ្រួសារកងទ័ព និង ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងកំពង់កាន់កាប់ ។២-ស្នើសុំកាត់ផ្ទៃដីទំហំ ៤៣.៧៥០ម៉ែត្រការ៉េ ជូនតំណាងប្រជាជន៣៥គ្រួសារ ។៣-ស្នើសុំរក្សាផ្ទៃដីនៅសល់ទំហំ១៤.២៦៣ម៉ែត្រ សម្រាប់បន្ទាយវរសេនាតូចលេខ៩១ ។
យោងតាមលិខិត ប្រជាពលរដ្ឋតំណាងទាំង៣៥គ្រួសារ បានដាក់ចូលក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ ដោយបានតវ៉ាថា ពួកគាត់ មិនទាន់ទទួលបានការដោះស្រាយអ្វីនោះទេ ។ លិខិតនោះបានបញ្ជាក់ទៀតថា កន្លងមកការដោះស្រាយនោះ គឺការដោះស្រាយជូនគ្រួសារកងទ័ពតែប៉ុណ្ណោះ ។ ឯចំណែកដីផ្សេងទៀតដែលមិនបានដោះស្រាយ គឺយកធ្វើជាឃ្លាំង និង ធ្វើអាជីវកម្ម មិនតែប៉ុណ្ណោះ បានជួលទីតាំងទំនាស់ ដែលលោក សុខ ប៉ាង ថាជាបន្ទាយយុទ្ធសាស្រ្តល្អ ទៅជាធ្វើកន្លែងជួលអោយគេ រៀបអាពាហ៍ពិពាហ៍ទៅវិញ ៕