(ភ្នំពេញ)៖ជាក់ស្ដែងថ្មីៗនេះ ទីតាំងល្បែងស៊ីសងជល់មាន់តាមអិនធឺណេត និងល្បែងឆ្នោតឡូតូតាមអិនធឺណេត មួយកន្លែងកំពុងបើកលេងផ្ទះយីហោលក់កាហ្វេ នៅខាងត្បូងប៉ុស្តិ៍នគរបាលចៅចៅ១ ប្រហែល ១០០.ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងបើកលេងភ្នាល់ចាក់លុយយ៉ាងអនាធិបតេយ្យ បែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ប្រហែលអសមត្ថភាពក្នុងការបង្ក្រាបទីតាំងល្បែងមួយនេះហើយមើលទៅ ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍។
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឲ្យដឹងថា ទីតាំងល្បែងលួចបង្កប់នៅក្នុងហាងកាហ្វេ មួយកន្លែងនៅខាងលើនេះ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យកំពុងប្រមូលផ្តុំក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់ចាក់លុយ បានយ៉ាងរំភើយទៀតផង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះ មានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ ដូចជា បទល្មើសផ្សេងៗ(ពោលគឺ)លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
គួររំលឹកផងដែលកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ!។