ខេត្តព្រះសីហនុ ៖ ពិជាគួរអោយហួសចិត្ត នៅពេលគេនាំគ្នានិយាយទៅដល់បុគ្គលមួយរូប ឈ្មោះលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ជាថៅកែមន្ទីរពហុព្យាបាលឯកជនយីហោ «សេតេ-CT» ព្រមទាំងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផង ដែលមានប្រវត្តិមិនល្អក្នុងការបំពេញការងាររបស់ខ្លួន បែរជាចង់ឡើងធ្វើជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ។កាលពីថ្ងៃព្រហស្បត្តិ៍ទី ៥ កន្លងមកត្រូវបានក្រុមប្រឹក្សាខេត្តប្រជុំចង់អោយ លោក លិ គឹមហ៊ួរ ឡើងធ្វើជាអ្នកធំ ។ការដាក់ ផែនការនេះត្រូវបានគាំទ្រដោយ លោកអភិបាលរងខេត្តម្នាក់ ដែលមានមហិច្ឆិតា ចង់អោយសំរេច បំណង របស់ខ្លួនរឺថា បានត្រូវថ្នាំសណ្តំទឹកលុយ ពីនរណាម្នាក់ ។ ការប្រជុំស្ទាបស្ទង់នោះត្រូវបានបរាជ័យ ដោយថា ជាង៥០ភាគរយ មិនគាំ ទ្រនូវសំណើរនេះទេ ។ យោងតាមការព្យាករណ៍ទុកនរណាហ៊ានសំរេចគាំទ្រ លោក លិ គឹមហ៊ួរ អោយ ឡើងជា អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដូចជាយកដុំភ្លើងលេបចូលទៅក្នុងពោះ ។សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ (Lik Kim Hour) អាយុ៥១ឆ្នាំ នាយកគ្លីនិកឯកជនយីហោ «សេតេ-CT» ខេត្តព្រះសីហនុ និងជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្លាប់ត្រូវបានថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះសីហនុធ្វើសំណើគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើសុំផ្ទេរឈ្មោះចេញពីមន្ទីរសុខាភិបាលខេត្តព្រះសីហនុតាមលិខិតលេខ៨២០មស.ខពសន ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ។ លើសពីនេះ លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ក៏ធ្លាប់ត្រូវបានឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើសុំឲ្យឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុចាត់វិធានការវិន័យទៀតផង តាមស្មារតីលិខិតលេខ១៨១សខប ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ ដោយលិខិតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា «តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុអំពីករណីលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ឲ្យដឹងថា ទោះបីជាមានការណែនាំជាបន្តបន្ទាប់ឲ្យលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ខិតខំយកចិត្តទុកដាក់បំពេញការងារ គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពយ៉ាងណាក៏ដោយ គាត់នៅតែមិនយកចិត្តទុកដាក់បំពេញការងារ ដោយបានគ្រាន់តែមកចុះហត្ថលេខាលើបញ្ជីវត្តមានការងារ ហើយត្រឡប់ទៅផ្ទះវិញមិនបានគោរពតាមការណែនាំឡើយ ។ » ។មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ក្នុងចំណោមមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមួយចំនួនទៀត ក៏ធ្លាប់ត្រូវបានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតលាយលក្ខណ៍អក្សរចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ស្នើសុំឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្វើការពិនិត្យ និងដោះស្រាយលើភាពអសកម្មរបស់មន្ត្រីទាំងនោះផងដែរ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្តឹងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥រួចមក ។ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលប្រមាណជិត២ឆ្នាំ ស្រាប់តែនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧កន្លងទៅ គណៈអភិបាលខេត្តព្រះសីហនុបានបើកកិច្ចប្រជុំមួយក្រោមអធិបតីភាពរបស់ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យពិភាក្សា និងវាយតម្លៃសម្រេចលើការតែងតាំងបេក្ខភាពលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ហើយឯកឧត្តម យន្ត មីន ក៏បានសម្រេចឯកភាពតែងតាំងលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ៣ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ និងបង្គាប់ឲ្យចាត់នីតិវិធីស្នើសុំការអនុម័តពីក្រុមប្រឹក្សាខេត្តដើម្បីជំរុញឲ្យចេញដីកាស្នើសុំតែងតាំង ។ប្រការគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតលើការស្នើសុំតែងតាំងលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលធ្លាប់ធ្លាយរឿងអាស្រូវអសកម្មការងារជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ របស់គណៈអភិបាលខេត្តព្រះសីហនុនោះ គឺ ៖ ១-ឯកឧត្តម យន្ត មីន រំលេចអំពីគុណសម្បត្តិការងាររបស់លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ដោយឡូកឡំផ្អែកលើសំណូមពរពីក្រុមយុវជនគណបក្សគាំទ្រ ដោយទម្លាក់កំហុសទៅលើមន្ទីរសុខាភិបាលខេត្តមិនគាំទ្រ និងវាយតម្លៃលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ថា «មិនមែនមនុស្សចោលម្សៀតពេក» ព្រោះសំអាងលើការជាប់ឆ្នោតជាប្រធានគណៈគ្រូពេទ្យ (Sic!) ។ ២-គណៈអភិបាលខេត្តព្រះសីហនុប្រជុំគាំទ្រតែងតាំងបេក្ខភាពលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុទាំងមូលនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ និងឯកឧត្តម យន្ត មីន ក៏បានចុះហត្ថលេខា «បានឃើញ និងយល់ព្រម» លើឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗ បែរជាសរសេរឈ្មោះលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ខុសឆ្គងថា «លិ គឹមហួរ» ទៅវិញ (Resic!) ។សរុបសេចក្តីមក យោងតាមទំនោរគាំទ្ររបស់គណៈអភិបាលខេត្តព្រះសីហនុដែលមានឯកឧត្តម យន្ត មីន ជាអភិបាលនៃគណៈអភិបាលផង បូករួមជាមួយធនធានទ្រព្យសម្បត្តិផ្ទាល់របស់លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ផង និងនិន្នាការឡូកឡំជាមួយការងារគណបក្សនយោបាយផង…នាំឲ្យមជ្ឈដ្ឋាននានាធ្វើការព្យាករណ៍ទស្សន៍ទាយទុកជាមុនថា លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួរ ដែលធ្លាប់មានរឿងអាស្រូវអសកម្មការងារផ្អើលដល់ក្រសួងសុខាភិបាល និង ACU ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តព្រះសីហនុធ្លាប់ស្នើសុំផ្ទេរឈ្មោះចេញពីមន្ទីរនោះ នឹងទទួលបានការតែងតាំងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុប្រកបដោយជោគជ័យតាមបំណងនាសម័យ «ព្រះរាជាណាចក្រអច្ឆរិយៈ» នេះ ។ការិយាល័យយើងមិនអាចទាក់ទងទៅលោក វេជ្ជបណ្ឌិត លិ គឹមហ៊ួរ បាននោះទេ៕