នៅក្នុងថ្ងៃនេះកម្មវិធីទីវត្តអារាម និង ការអភិវឌ្ឍន៏ របស់ទូរទស្សន៏ព្រះនរាយណ៏ សូមបង្ហាញនូវទិដ្ឋភាពរួមនៃវត្តមួយនៅកណ្តាលរាជធានីភ្នំពេញ ។វត្តនោះមានអាយុកាល ជាង100 ឆ្នាំមកហើយ ពោលគឺបានកសាងតាំងពីសម័យ
សម្តេចព្រះនរោត្តម ក្នុងឆ្នាំ 1889 ។អស់រយៈកាល ជាង 127 ឆ្នាំ វត្តមង្គលវ័ន ហៅវត្តថ្វាយដង្គំ បានធ្វើការអភិវឌ្ឍន៏ ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងការកសាងហេដ្ឋារេចនាសម្ព័ន្ធ និង ការកសាងធនធានមនុស្សមាន ព្រះសង្ឃ និង សិស្សនិស្សិត តាជី ដូនជី អោយសមស្របតាមសម័យកាលដែលសង្គមកំពុងត្រូវការអ្នកចេះដឹង ។ ជួបជាមួយព្រះចៅអធិការវត្តមង្គលវ័ន ហៅ វត្តថ្វាយដង្គំ ព្រះនាម ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរង ជាព្រះរាជាគណៈថ្នាក់ទោ និង ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស កាលពីថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2016 កន្លង បានបញ្ជាក់ថា វត្តមង្គលវ័ន ឬ ហៅថា វត្តថ្វាយដង្គំនេះ ពីដើមឡើយ មានអូរនៅក្បែរវត្ត ដែលហូរចាក់ទៅផ្សារអូរឬស្សី និង ផ្សារអូរឡាំពិក ហើយនៅមាត់អូរក្បែរវត្ត មានដើមស្វាយមួយដើមដុះត្រសុំត្រសាយ ដែលមើលទៅគួរជាទីមនោរម្យ ត្រជាក់ត្រជុំសំរាប់មនុស្ស សត្វ សំរាប់ជ្រកកោន ស្នាក់អាស្រ័យ ។ចាប់ពីនោះមកពុទ្ធបរិស័ទ រួមនឹងព្រះសង្ឃ ក្នុងសម័យកាល ឆ្នាំ1889 ក៏បានដាក់ឈ្មោះ វត្តមង្គលវ័ន ដែលមានន័យថា ជាទីត្រជាក់ត្រជុំ និងជាព្រៃដ៏មានសិរីសួស្តី និង មានមង្គល ។
សមិទ្ធផលដែលព្រះចៅអធិការ កំពុងញាប់ដៃញាប់ជើងក្នុងកសាង អាគារថ្មីបណ្តោយ38ម៉ែត្រ គុណនឹង 8 ម៉ែត្រកន្លះ មានកំពស់3 ជាន់ គឺសំរាប់ជាប្រយោជន៏ដល់ ព្រះសង្ឃ បានជួបប្រជុំកិច្ចកិច្ចការនានា ក៏ដូចសំរាប់សំរួលដល់ពុទ្ធបរិស័ទដែលមិនមានទីធ្លាដូចជាអ្នករស់នៅជាន់លើៗ មានជាន់ទី1 ជាន់ទី2 ជាន់ទី3 ជាដើម បានមករៀបចំធ្វើបុណ្យសព្វអោយសាច់ញាតិនៅទីនេះ ។
ទោះមានការកសាង ហេដ្ឋារចនាសម័ន្ធក្នុងវត្ត មានច្រើនយ៉ាងណាក្តី ព្រះអង្គក៏បានលើកឡើងផងដែរ ពីសំណង់ព្រះវិហារ ក្នុងវត្តគឺមានវ័យចំណាស់ ទៅហើយ បើគិតអាយុក្បែរ 70 ឆ្នាំទៅហើយ ។ ព្រះអង្គមិនទាន់បានបង្ហើបថាព្រះវិហារនេះ ត្រូវរក្សាទុក ជាបេតិយកភណ្ឌ របស់ជាតិ ឬ ត្រូវវ៉ៃចោល កសាងថ្មីនោះទេ ។តែអ្វីជាការសំណូមពររបស់ព្រះអង្គគឺសំណូមពរដល់ប្រជាជនទូទៅ ពិសេសអ្នករត់តាក់ស៊ី អ្នកមកជិះតាក់ស៊ី និង អ្នកនៅជុំវិញ របងវត្ត សុំ មេត្តាកុំមកជុះនោម នៅតាមរបងវត្តអី ប្រសិនបើរកកន្លែងមិនឃើញ គឺអាចចូលមកក្នុងវត្តបាន ។ការបន្ទោរបង់តាមរបងវត្តដែលពុទ្ធបរិស័ទជិតឆ្ងាយ បានខិតខំចូលរួមគ្នាកសាង ហើយជាពិសេសតាមរបងវត្តក៏មានឆ្លាក់ឈ្មោះ អ្នកកសាងផងដែរ ។
ក្រឡែកមកចាប់អារម្មណ៏នឹង ប្រសាសន៏របស់ដូនជី និង លោកពូ ស៊ីក្លូ ដែលជាអ្នកស្នាក់អាស័យនៅក្នុងវត្តវិញម្តង។ ពួកគាត់បាននិយាយថា ការរស់នៅក្នុងវត្តនេះ មិនមានអ្វីជាបញ្ហានោះទេ គឺដោយមានក្តីមេត្តា និងការសន្តោសប្រណី ពីព្រះចៅអធិការវត្ត ធ្វើអោយពួកគាត់ បានមកប្រតិបត្តិព្រះធម៌ បានយូរអង្វែង ។ក្រុមការងារយើងបានជួប លោកយាយ តាន់ រដ្ឋា ហៅយាយ ស្រីទូច អាយុ65 ឆ្នាំ ស្នាក់នៅវត្ត ជាង10 ឆ្នាំ -លោកយាយ នូវ ផន អាយុ 83 ឆ្នាំ ស្នាក់នៅវត្តចំនួន28 ឆ្នាំ និង លោកតា ចឹក ចន អាយុ 65 ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ បាននិយាយរៀបរ៉ាប់ថា ។
សូមបញ្ជាក់ថា តាមការបញ្ជាក់ពីព្រះចៅអធិការថា ក្រោមការគ្រប់គ្រងរបស់ព្រះអង្គ គឺមានការគ្រប់គ្រងម៉ត់ចត់ និង តឹងរឹងបំផុត គឺ ព្រះសង្ឃ មានចំនួន46 អង្គ -សិស្សនិស្សិត មានចំនួន 45 នាក់ -ដូនជី មានចំនួន 48 នាក់ និង ចុងភៅ មានចំនួន10 នាក់ សរុប ចំនួន 149 អង្គនាក់គឺ ត្រូវមានបញ្ជី100 ឬ លិខិតស្នាម អោយបានច្បាស់លាស់ បានព្រះអង្គ ហ៊ានអនុញ្ញាតិអោយស្នាក់នៅ ព្រោះដើម្បីការពារសន្តិសុខ ក្នុងវត្តផង ក៏ដូចបង្ការការខុសឆ្គងណាមួយ ដល់ទីសាធារណៈ ពិសេសវត្តមង្គលវ័ន នៅក្បែរនិង វិមានរដ្ឋាភិបាលផងនោះ ៕