រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានលើយកសំណុំរឿងកូនប្រុសលោក ចាន់ សារុន អតីតថៅកែស្ថានីយប្រេងឥន្ទនៈ PTT គួរស្រូវ ពាក់ព័ន្ធចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ជាង១០ម៉ឺនដុល្លារអាមេរិក មកបើកសវនាការ ដើម្បីផ្តន្ទាទោស ដែលសវនាការនោះមានលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ ។
សវនាការនេះ បានធ្វើឡើងជាសាធារណៈ និងចំពោះមុខជនជាប់ចោទឈ្មោះ សារុន វិធុរ៉ាក់ អតីតថៅកែស្ថានីយប្រេងឥន្ទនៈ PTT ដែលសវនាការបានធ្វើការសាកសួរដេញដោលទៅលើជនជាប់ចោទចប់សព្វគ្រប់ ចៅក្រមជំជម្រះកំណត់យកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដើម្បីប្រកាសសាលក្រមផ្តន្ទាទោស ។
សូមរម្លឹកថា កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានចាប់បញ្ជូនបុរសជនជាប់ចោទខាងលើ
ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន. ពោលគឺចេញសែកអត់មានសាច់ប្រាក់ប្រមានជាង១០ម៉ឺនដុល្លារអាមេរិក ។
លោក សារុន វិធុរ៉ាក់ អាយុ៤៣ឆ្នាំ មុខរបរអតីតជាថៅកែស្ថានីយប្រេង PTT មានទីតាំងស្ថិតនៅរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានគេស្គាល់ជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងនេសាទ និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលខេត្តតាកែវ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធចេញសែកស្អុយលើទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្នចាប់ពីពេលនោះមក ។
ជនជាប់ចោទ សារុន វិធុរ៉ាក់ និងកូនចៅ ក៏ធ្លាប់បានប្រើអំពើហិ.ង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងបរិវេណស្ថានីយប្រេងរបស់ខ្លួន ដោយចោទថា គ្រូបង្រៀនរូបនោះ បានចូលទៅអុកឡុក និងលួចថតរូបស្ត្រីនៅក្នុងបន្ទប់ទឹកផងដែរ ៕