ខេត្តតាកែវ ៖ ជាយូរឆ្នាំមកហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិនាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បានសង្ស័យអាគារដ៏ធំស្កឹមស្កៃមួយ ជាសំបុកល្បែងខុសច្បាប់ ដែលពួកគេមកលេងគឺជាជនជាតិចិន។
អគារដ៏ធំស្កឹមស្កៃអមដោយរបងថ្ម ហ៊ុមពទ្ធ័ជិតឈឹងកំពស់៥ម៉ែត្រ និងមានកងសន្តិសុខយាមកាមយ៉ាងតឹងរឹង បើគេសង្កេតមើលអគារ ខាងលើ គឺដូចជាកាស៊ីណូសុទ្ធសាធ ព្រោះកងសន្តិសុខ ការពារយ៉ាងតឹងរឹង ហើយការចេញចូល គឺមានការត្រួតពិនិត្យតឹងរឹង ជាពិសេសចេញចូល បានតែជនបរទេសដែលសុទ្ធតែចិនទាំងក្រុមៗប៉ុណ្ណោះ ។
ប្រភពដដែលបន្តទៀតថា ចាប់ពីម៉ោង១០ព្រឹក គឺមានតាក់ស៊ីដឹកតែភ្ញៀវបរទេស មកដាក់មុខអគារខាងលើ ហើយជនបរទេសចូលទៅក្នុងអគារបាត់ ចំណែកតាក់ស៊ីនៅឈប់ចតតម្រៀបគ្នាមុខអគារ រង់ចាំដឹកជនបរទេសទាំងនោះចេញទៅវិញភាគច្រើនជនជាតិចិន ។
តាមប្រភពច្បាស់ការពីមន្ត្រីសាលាស្រុកបាទីសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា អគារខាងលើគឺជាអគារភ្នាល់ល្បែងអនឡាញគ្រប់ប្រភេទ ហើយបុគ្គលិកបម្រើការនៅក្នុងអគារមិនបានអនុញ្ញាតអោយចេញក្រៅផ្ដេសផ្ដាស់នោះទេ ។ ចំណែកលោក ភួន ឈឹម អភិបាលស្រុកបាទី ធ្លាប់ប្រាប់សារព័ត៌មាន ថា អគារខាងលើ គឺដូចជារីសត តែធាតុពិត គឺជាអគាររោងចក្រនោះទេ មិនមែនអគារភ្នាល់ល្បែងអនឡាញ ដូចមហាជននិយាយឡើយ ។
ទោះជាយ៉ាងណាប្រជាពលរដ្ឋបានដាក់ចំងល់ថា ៖ បើទីនោះជារោងចក្រមែននោះ ប្រាកដណាស់គឺត្រូវមានកម្មកររាប់រយនាក់ចេញចូល ធ្វើការជារៀងរាល់ថ្ងៃ ហើយរោងចក្រនេះក៏ត្រូវមានឈ្មោះ មិនមែនននលគោក ឈ្មោះរោងចក្រក៏គ្មាន កម្មករ កម្មការិនី ចេញចូលក៏គ្មាន មានតែកម្មករអនាម័យ៤-៥នាក់ចេញចូលទៅវិញនោះទេ ។
ប្រភពពីប្រជាពលរដ្ឋថា ៖ទីតាំងអាគារនោះ ជារបស់ពលរដ្ឋខ្មែរម្នាក់ បានជួលទៅអោយចិន ។ គេសង្កេតឃើញថៅកែនោះមកមើលទីតាំងម្តងៗ គឺមានអង្គរក្ស២ឡានអមមកជាមួយ ដែលអ្នកស្រុកភូមិថា ថៅកែនោះប្រហែលជាស័កធំហើយមើលទៅ ។
ដើម្បីកុំអោយមានមន្ទិលសង្ស័យច្រើនគួរអាជ្ញាធរស្រុកបាទី ឬ ក្រសួងការងារ ចុះពិនិត្យទីតាំងនោះ អោយបានជាក់លាក់ ព្រោះថា បើមិនដូច្នោះ ប្រជាពលរដ្ឋនៅតែថា ៖ ទីតាំងនោះជាកន្លែងសំបុកបនល្បែងខុសច្បាប់ដដែល ៕