(ខេត្តស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប “ទិវាជាតិនៃការចងចាំ” ស្ថិតក្នុងបរិវេណស្តូបគោរពវិញ្ញាណខ័ន្ត វត្តកំពង់ត្រាច ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងនូវការផ្តាំផ្ញើរ ដើម្បីរំលឹកនូវប្រវត្តិសាស្ត្រជូរចត់របស់ប្រជាជនកម្ពុជា ក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំដល់ប្រជាពលរដ្ឋកម្ពុជាផងដែររួមមាន÷
១. ចងចាំជានិច្ចនូវសោកនាដកម្មរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃដែលបានប្រព្រឹត្តឡើងដោយពួកប្រល័យពូជសាសន៍ប៉ុលពតមកលើប្រទេសកម្ពុជា។
២. ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាននូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។
៣. ប្រែក្លាយស្មារតីចងកំហឹងឈឺចាប់ទៅជាការខិតខំប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍។
៤. ពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងប្តេជ្ញាឈរលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងត្រៀមខ្លួនជានិច្ចចូលរួម និងអនុវត្តសំដៅការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
៥. ប្រឆាំងដាច់ខាតចំពោះពួកជ្រុលនិយមមួយចំនួនដែលល្មោភអំណាច និងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ៧មករា ។ ដោយ= សុខហ៊រ