ករណីព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តមុនីសាគរ ហៅកោះចិន សំណើរសុំប្តឹងឈ្មោះ អ៊ុំ ស៊ុនថុន ប្រពន្ធឈ្មោះ សៅ គឹមហ៊ន និង កូនប្រសារឈ្មោះ សូ វិចិត្រ ជាទាហានផ្កាយ២ បានយកដីវត្តមុនីសាគរ ស្ថិតនៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ និងចំណារឧបនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលបានបញ្ជូនករណីនេះ ទៅសាលាខេត្តកណ្តាលជាអ្នកដោះស្រាយ បានបញ្ជាក់ថា ៖ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និង យោងខាងលើ ក្រសួងសូមជម្រាម ឯកឧត្តម អភិបាល ជ្រាបថា ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត មុនីសាគរ ហៅកោះចិន សំណើរសុំប្តឹងឈ្មោះ អ៊ុំ ស៊ុនថុន ប្រពន្ធឈ្មោះ សៅ គឹមហ៊ន និង កូនប្រសារឈ្មោះ សូ វិចិត្រ ជាទាហានផ្កាយ២ បានយកដីវត្តមុនីសាគរ ស្ថិតនៅភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដោយអាងអំណាចខ្លួនជាទាហានផ្កាយ២ ។
យោងតាមកិច្ចសំភាស ក្រុមការងារ ព្រះនរាយណ៍ ជាមួយចៅអធិការវត្ត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ព្រះអង្គបានបញ្ជាក់ជារួមថា បញ្ហានេះមិនត្រូវបានដោះស្រាយនោះទេ រហូតដល់ថ្ងៃនេះ ។ ព្រះអង្គបានលើកយកសំដីក្រុមគ្រួសារខាងលើថា ពួកគេស៊ូរហូតដល់ទីបញ្ចប់ ទោះជ្រុះផ្កាយក៏ដោយ ។