(ស្វាយរៀង)៖ ក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះបង្ក្រាបក្រុមឈ្មួញដែលលួចនាំជ្រូកយួនឆ្លងដែន ដោយខុសច្បាប់ចូលមករដ្ឋបាលខេត្តស្វាយរៀង បម្រុងចូលវ៉ៃប៉ាស្ព័យដឹកទៅរាជធានីភ្នំពេញ ត្រូវបង្ក្រាប នៅវេលាម៉ោង២២ និង១០នាទីយប់ ឆ្លងចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ សត្វជ្រូករស់ចំនួន២០ក្បាល ដោយបានឈ្មួញនាំចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រកប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត បម្រុងនឹងយកទៅចែកចាយនៅក្រុងស្វាយរៀង (តាមការឆ្លើយបញ្ជាក់ពីម្ចាស់) ដោយគ្មានលិខិតអនុញ្ញាតត្រូវបានសមត្ថកិច្ចជំនាញស្ទាក់ចាប់ នៅលើផ្លូវជាតិលេខ ៣១៤ ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានចុះស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ ជាប្រភេទរថយន្តដឹកឣ្នកដំណើរ១៥កៅឣីពាក់ផ្លាកលេខភ្នំពេញ២N-៥៦៣៤ ដឹកសត្វជ្រូករស់ចំនួន២០ក្បាលនាំចូលពីប្រទេសវៀតណាម ។
បន្ទាប់មកក្រុមការងារបាននាំយកវត្ថុតាងទាំងនោះទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ គួររំលឹកថាកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២២រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីណែនាំលេខ០០២/២២សណន ស្តីពីវិធានការស្តីពីការទប់ស្កាត់នាំសត្វជ្រូក សាច់ជ្រូកនិងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងរួចមកហើយ ៕ ដោយ= សុខហ៊រ