(ខេត្តស្វាយរៀង)៖ ឯកឧត្តម ជ័យ សុន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងសង្កាត់ព្រៃអង្គុញ ដែលតែងតែផ្តល់នូវជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ធ្វើឱ្យសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះលើសលុប។
ការថ្លែងរបស់ឯកឧត្តម ជ័យ សុន បែបនេះបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងពិសាបាយសាមគ្គីនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ និងសមាជិក សមាជិកាគណបក្សប្រជាពលរដ្ឋទាំងអស់ ដែលបានលះបង់ កម្លាំង កាយចិត្ត និងធនធានប្រកបដោយស្មារតីទទួលខុសត្រូវដោយមិនខ្លាចនឿយហត់រហូតទទួលបានការគាំទ្រ និងជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដើម្បីបន្តបេសកកម្មដឹកនាំ និងអភិវឌ្ឍឃុំ សង្កាត់ តទៅមុខទៀត។
ជាមួយគ្នានេះឯកឧត្តមក៏សូមថ្លែងអរគុណចំពោះ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នងសង្កាត់ព្រៃអង្គុញ ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានដំណើរការនិងប្រព្រឹត្តទៅដោយរលូន ជោគជ័យ ក្រោមបរិយាកាសសុខសន្តិភាព និងគ្មានអំពើហឹង្សាស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។ ដោយ= សុខហ៊រ