(ខេត្តស្វាយរៀង)៖ ទីតាំងកន្លែងកត់ឆ្នោតកន្ទុយលេខវៀតណាម កំពុងតែកត់លេងយ៉ាងរលូន នៅក្រុងស្វាយរៀង ដោយពុំឃើញមានអាជ្ញាធរ រឺសមត្ថកិច្ចចុះបង្ក្រាបឡើយ !។ ជាក់ស្តែងនៅទីតាំងកត់ឆ្នោតវៀតណាមមួយកន្លែងផ្ទះលេខ១០៦ ផ្លូវ១០៥ ,កែងនិងផ្លូវលេខ២០៥ ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ត្រូវបានប្រជាពលរដ្ឋរស់នៅខេត្តរិះគន់មិនដាច់ពីមាត់ថា បានបើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាងអនាធិបតេយ្យដែលទាំងអស់នេះបានបង្កឱ្យមានអំពើចោរកម្ម ឆក់ ប្លន់ តែសមត្ថកិច្ចពាក់ព័ន្ធហាក់បីដូចមិនបានខ្វាយខ្វល់ ក្នុងការចុះបង្ក្រាបនោះទេ ដែលផ្ទុយពីគោលនយោបាយ ភូមិ -ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ។
បើតាមប្រជាពលរដ្ឋដែលនៅខេត្តបានលើកឡើងថា ការបើកឱ្យលេងល្បែងកន្ទុយលេខវៀតណាមខុសច្បាប់ខាងលើនេះគេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការបង្ក្រាប ចំពោះមេខ្លោងធំៗម្តងណាឡើយខណៈដែលគេសង្ស័យមានការត្រូវរ៉ូវគ្នាហើយទើបការងារនេះដំណើរការលេងជារៀងរាល់ថ្ងៃបានយ៉ាងរលូនបែបនេះ ។
ករណីបើកឱ្យលេងល្បែងស៊ីសងកន្ទុយលេខបានយ៉ាងរលូន និងយ៉ាងអនាធិបតេយ្យនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យ ថាអ្នកទទួលកត់ ឬហៅថាកូនកញ្ច្រែងនោះ មានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធហើយ បានជាអ្នកទទួលកត់ៗយ៉ាងចំហរគ្រប់កន្លែងក្នុងខេត្តតែម្តង។ជាក់ស្តែងឆ្នោតដែលកំពុងកត់លក់នៅក្នុងខេត្ត គឺមានជាច្រើនកន្លែងណាស់ទាំងតូច ទាំងធំ ហើយមេខ្លោងធំៗ ដែលលក់ និងចែកចាយ ឱ្យកូនកញ្ជ្រែងជួយលក់នោះគេអាងមានខ្នងអ្នកធំ នៅពីខាងក្រោយកាងពួកគេ នេះបើតាមការលើកឡើងរបស់មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ។
ចំណែកលោកវរ:សេនីយ៍ត្រី កែន រិទ្ធី អធិការក្រុងស្វាយរៀងវិញក្រុមការងារអង្គភាពសារព័ត៌មានព្រះនរាយណ៍យើងបានទំនាក់ទំនងទៅដែរតែគាត់ថាជាប់រវល់ ។
ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មានសង្ឃឹមនិងជឿជាក់លើកឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងលោកឧត្តសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ដែលលោកតែងតែបញ្ជាឲ្យកងកម្លាំងចុះរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ និងត្រូវបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲ្យអស់ ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ។
សូមរម្លឹកផងដែរថាកន្លងមកសម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។ ហើយអ្វីដែលសំខាន់ទៀតនោះគេសង្កេត ឃើញថាបទល្មើសចោរកម្មក៏កើតមានឡើងដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិ្តរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង ។