ខេត្តក្រចេះ : មួយរយៈចុងក្រោយនេះ ភាពល្បីល្បាញ នៃក្រុមរត់ការបទល្មើស ធ្យូងឈើ អោយឆ្លងដែនទៅប្រទេសវៀតណាម បានយ៉ាងរលូន មិនថាថ្ងៃ ឬ យប់នោះទេ គឺគ្មានសមត្ថកិច្ចណា ហ៊ានអើពើនោះឡើយ ។
ភាពល្បីល្បាញ របស់ក្រុមរត់ការ មានឈ្មោះ លាក់ ដែលគេស្គាល់ថាជាក្មួយលោកស្នងការខេត្តក្រចេះ ជាអ្នកកាច់ចង្កេះ ឬហៅថា ជាអ្នកទទួលរត់ការពីក្រុមឈ្មួញធ្យូង អោយបានឆ្លងទៅប្រទេសវៀតណាម ហើយឈ្មោះលាក់ នេះជាកូនដៃ របស់ ឈ្មោះ លីម មេច្រកជីឃ្លាំង ដែលកន្លងមក មានឈ្មោះអាស្រូវ កាលជំនាន់លោក ឧកញ៉ា គង់ ក្រឹង ពាក់ព័ន្ធការបណ្តែតបណ្តោយអោយមានឈើ ចេញទៅវៀតណាម និង លោក នាង ចម្រើន ជាដើម ។
ទោះកន្លងមក ព្រះនរាយណ៍ ធ្លាប់ផ្សាយពីករណី ធ្យូងឈើចេញជាហូរហែរ នៅលើទឹកក្រចេះ និងក្រុមសហការរត់ការ អោយធ្យូងចេញទៅប្រទេសវៀតណាម យ៉ាងណាក្តី ក៏ក្រុមនេះ នៅធ្វើសកម្មភាព បានដដែល ដោយពួកគេចល័ត ចេញតាមច្រក ដេ២- ច្រកដេ៣-ច្រកជីឃ្លាំង និងច្រកអូរឡាវ ជាដើម ។
ដោយមានភាពសហការយ៉ាងស្និទ្ធរមួតយ៉ាងនេះ មហាជនស្នើដល់ លោកស្នងការខេត្តក្រចេះ មេត្តាបើកការស្រាវជ្រាវ កុំអោយមានការរិះគន់ ថានៅច្រកព្រំដែន សុទ្ធតែសាច់ញាតិកូនក្មួយ លោកស្នងការ ។
ទោះជាយ៉ាងណា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ព្រះនរាយណ៍ មិនអាចរកការបំភ្លឺ ពីលោក លាក់ .លោក លីម និង លោក នាង ចំរើន បាននោះទេ ៕