(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃច័ន្ទ ៦កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ព,ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នៃក្រុងស្វាយរៀង ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរលោកណុប ចំរើន អភិបាលក្រុងស្វាយរៀង បានស្នើឱ្យលោកស្រីចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ចេក ក្រុងស្វាយរៀង ដែលទើបតែឡើងកាន់តំណែងក្នុងអាណត្តិទី៥នាពេលនេះ ត្រូវបន្តខិតខំយកចិត្តទុកដាក់ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ។
លោកបានផ្តាំឲ្យក្រុមប្រឹក្សាសង្កាត់ ត្រូវចេះសាមគ្គីភាពគ្នាក្នុងការដឹកនាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។
លោកណុប ចំរើន អភិបាលក្រុងស្វាយរៀង ក៍សូមថ្លែងនូវការកោតសរសើរ និងចូលរួមអបអរយ៉ាងក្លៀវក្លាចំពោះលោកស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ នឹងលោក លោកស្រីជាចៅសង្កាត់ ចៅសង្កាត់រងទាំងអស់អត់បានទទួលនូវការស្រឡាញ់ពេញចិត្តនឹងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ ២០២២កន្លងមកនេះ ដើម្បីបន្តដឹកនាំសង្កាត់ចេកឱ្យបន្តអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ។
លោកបានបន្តទៀតថា ចាប់តាំងពីឆ្នាំ២០០២ ព្រះរាជាណាចក្រកម្ពុជាយើងបានដំណើរការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សសរុបចំនួន៥លើករួចមកហើយ គឺការបោះឆ្នោតមួយទៅកាន់ការបោះឆ្នោតមួយត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថា ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាកាន់តែវិវត្តន៍រីកចម្រើនជាលំដាប់ ។
លោកបានជំរុញដល់ប្រជាពលរដ្ឋ ដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ ដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះឆ្លងរាតត្បាតឡើងវិញក្នុងសហគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ និងសកម្មភាពសេដ្ឋកិច្ចសង្គមដែលកំពុងដំណើរការពេញលេញក្នុងពេលបច្ចុប្បន្ន ។ ដោយ= សុខហ៊រ