(ខេត្តស្វាយរៀង)÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងភរិយា រួមនឹងសហការី, លោកកែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងសារការី បានមូលមតិគ្នានាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៤វត្តក្នុងស្រុកស្វាយជ្រំ ។ ពិធីត្រូវបានរៀបចំឡើងនៅក្នុងវត្តទូលធ្លក ស្ថិតនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បើតាមទំនៀមទម្លាប់រៀងដរាបមក ការចូលព្រះវស្សាមាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មានជាប់រហូតមកដល់បច្ចុប្បន្ន ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ ។ កាលណាព្រះភិក្ខុសង្ឃ បានគង់ចាំវស្សាគ្រប់ ៣ខែ ហើយមានសិទ្ធទទួលកឋិនអំពីពុទ្ធបរិស័ទដែលបាននាំយកមកប្រគេនពីគ្រប់ទិសទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុសង្ឃ ក្នុងន័យការពារទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមានការពោលតិះដៀលពីជនដទៃ ក្នុងរដូវខែមានភ្លៀងធ្លាក់ជោកជាំ ។ ការហាមប្រាមនេះ ព្រោះថា សម័យបុរាណ ព្រះសង្ឃពុំមានវត្តអារាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌ ។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៤វត្ត ក្នុងថ្ងៃនេះ រួមមាន៖ ទៀនព្រះវស្សា១គូរ ,ធូបចំនួន ១ដុំ, តែចំនួន ១សុង, ស្ករសចំនួន ៥គីឡូ, ទឹកដោះគោចំនួន ១២កំប៉ុង, បុីចេងចំនួន ១គីឡូ, ខ្ទឹមសចំនួន ១គីឡូ, អំបិលម៉ត់ចំនួន ៥គីឡូ, ត្រីខកំប៉ុងចំនួន ១យួរ, ត្រីទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, សាប៊ូលាងចានចំនួន ៤លីត្រ, មីចំនួន២កេសតូច, អង្ករចំនួន ៥០គីឡូ, ទឹកក្រូចចំនួន២កេស, ទឹកសុទ្ធវីតាល់ចំនួន២កេស នំចិនចំនួន ១កេស, ប្រេងឆាចំនួន ៥លីត្រ, ថវិកាប្រគេនព្រះសង្ឃចំនួន ៨អង្គ ក្នុងមួយអង្គទទួលបានសំពត់ងូត ១ និងថវិកាចំនួន ១០០០០រៀល, និងបច្ច័យចូលបុណ្យចំនួន ២សែនរៀល បន្ថែមពីនេះទៀត លោកកែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ក៍បានចូលបច្ច័យបុណ្យក្នុង១វត្តៗចំនួន១០ម៉ឺនរៀលផងដែរ ។ ដោយ= សុខហ៊រ