(ខេត្តស្វាយរៀង)÷នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ សាលាអនុគណស្រុកកំពង់រោទ៍ បានរៀបចំធ្វើពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការស្តីទីវត្តទីបការាម ហៅ(វត្តព្រៃត្រុំ)ស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ៍ ស្រុកកំពង់រោទិ៍ ក្រោមព្រះអធិបតីភាព និងអធិបតីភាពព្រះវិសុទ្ធិ ចរិយានុបាល ឈុន ឌីណា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូអនុគណស្រុកកំពង់រោទិ៍ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងមានការចូលរួមពីព្រះសង្ឃប្រជាពលរដ្ឋជាច្រើនទៀត។ តាមសេចក្តីសម្រេចលេខ៧០/២២ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្រេចតែងតាំងភិក្ខុ នូ វាសនា ជាព្រះគ្រូចៅអធិការស្តីទី វត្តទីបការាម ហៅវត្តព្រៃត្រុំ នៃឃុំញរ ស្រុកកំពង់រោទិ៍ ។
មានថេរៈសង្ឃដីកា ព្រះវិសុទ្ធិចរិយានុបាល ឈួន ឌីណា បានធ្វើការណែនាំ និងផ្ដាំផ្ញើដល់ព្រះគ្រូចៅអធិការស្តីទីដែលទើបប្រកាសតែងតាំងថ្មីត្រូវគោរពវិន័យការសាមគ្គីភាពគ្នា រវាងព្រះសង្ឃជាមួយគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើនថ្កុំថ្កើងឡើងនៅក្នុងទីវត្តអារាមនេះ។ ជាពិសេស ត្រូវធ្វើឲ្យមានការគោរពនិងស្រឡាញ់ពីពុទ្ធបរិស័ទជិតឆ្ងាយ។
មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានថ្លែងនូវការចូលរួមអបអរសាទរចំពោះការប្រកាសតែងតាំងព្រះភិក្ខុ នូ វាសនា ជាព្រះគ្រូចៅអធិការស្តីទីវត្តទីបការាម ហៅ(វត្តព្រៃត្រុំ)នេះដើម្បីដឹកនាំព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងចំណុះជើងវត្តនេះឱ្យគោរពប្រតិបត្តិតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាអោយមានការរីកចម្រើនក៏ដូចជាការទាក់ទាញ និងចូលរួមពីសប្បុរសជន និងពុទ្ធបរិស័ទបន្តជួយកសាងរាល់សមិទ្ធិផលថ្មីៗបន្ថែមទៀតក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យមានការអភិវឌ្ឍនិងដើរទន្ទឹមជាមួយការរីកចម្រើនរបស់ប្រទេសជាតិ។ លោកអភិបាលស្រុកក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គត្រូវបន្តការសិក្សារៀនសូត្រស្រាវជ្រាវបន្ថែមទៀតទាំងចំណេះដឹងព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅក្នុងសង្គមដើម្បីបង្កើនសមត្ថភាពធនធានព្រះសង្ឃបានរឹងមាំ និងរីកចម្រើន។
លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ក៏បានសំណូមពរដល់ព្រះគ្រូចៅអធិការស្តីទីព្រះសង្ឃ គណៈកម្មការចារ្យវត្ត និងពុទ្ធបរិស័ទនៅទីនោះត្រូវចេះរួបរួមសាមគ្គីមូលមតិគ្នាឱ្យបានល្អដើម្បីបន្តកសាងវត្តឱ្យមានការរីកចម្រើន និងដើម្បីឱ្យប្រជាពលរដ្ឋចូលរួមគោរពស្រឡាញ់បន្តថែរក្សាព្រះពុទ្ធសាសនាដែលជាសាសនាបាននាំមកនូវការអប់រំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សយ៉ាងច្រើនក្នុងកាអភិវឌ្ឍន៍សង្គមជាតិ។ជាមួយគ្នានេះព្រះសង្ឃក៏មានការចូលរួមក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពផងដែរ ។ ដោយ= សុខហ៊រ