ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កាស៊ីណូអត់ច្បាប់ និងសេវាផ្លូវភេទក្នុងទឹកដីខណ្ឌសែនសុខ របស់ជនជាតិចិនបើកបម្រើយ៉ាងស្ថៀមស្ងាត់

ភ្នំពេញ ៖ សណ្ឋាគារខ្ពស់ស្កឹមស្កៃមួយកន្លែង ត្រូវបានថៅកែជនជាតិចិន ៤នាក់សហការគ្នា ជួលពីម្ចាស់ជាជនជាតិខ្មែរ ទៅបើកជា កាស៊ីណូ (ល្បែងស៊ីសងជាច្រើនប្រភេទ) និងក្លិបកម្សាន្ត បម្រើអន្តោប្រវេសន៍លួចលាក់ជនជាតិចិនខុសច្បាប់ ក្នុងនោះមានទាំងបម្រើសេវាផ្លូវភេទមួយសេតតែម្ដង ដែលពេលនេះកំពុងដំណើរការយ៉ាងត្រជាក់មេត្រជាក់កូន, រឿងនេះ មិនដឹងថាអាជ្ញាធរដែកដី លោក ហួរ ម៉េងវ៉ាង អធិការ និងលោក ម៉ូវ ម៉ានិត អភិបាល ដឹងដែរ តែបណ្ដែតបណ្ដោយ ឬក៏មិនបានដឹងសោះហ្មង ឬយ៉ាងណា?! ម្យ៉ាងទៀត អាចថា ក្រុមមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ព្យាយាមបិទបាំងរឿងអាស្រូវនេះមិនឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹងឡើយព្រោះខ្លាចបែកឆ្នាំងបាយរបស់ពួកគេ។

កាស៊ីណូខុសច្បាប់ មានល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា តុបៀ ហ្គេមអនឡាញ ស្លុតម៉ាស៊ីន និងសេវាស្រីស្រស់ ស្រីស្អាត ជនជាតិចិន និងវៀតណាម សម្រាប់បម្រើផ្លូវភេទដល់បុរសជនជាតិចិនដែលធ្វើអន្តោប្រវេសន៍លួចលាក់មកក្នុងប្រទេសកម្ពុជា។ រឿងអាស្រូវខុសឆ្បាប់ធំយ៉ាងនេះ ហេតុអ្វីក្រុមមន្ត្រីអាជ្ញាធរខណ្ឌសែនសុខ បែរជាថ្លើមធំ ហ៊ានគប់គិតគ្នាផ្ដល់ឱ្យកាស៊ីណូអត់ច្បាប់ និងបនស្រីពេស្យាល្មើសច្បាប់ លុកលុយ បំពារបំពានវប្បធម៌សង្គមកម្ពុជាដ៏ល្អ បំបាក់មុខប្រមុខរាជរដ្ឋាភិបាល និងលួចលាក់មិនឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រឹង ដឹងថែមទៀត តើវាស័ក្ដិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែរទេ?!

សណ្ឋាគារបង្កើតបទល្មើសដ៏អសោចិ៍មួយកន្លែងនេះ មានកម្ពស់ខ្ពស់គ្រាន់បើ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ស្គាល់ច្បាស់លេខផ្ទះ លេខផ្លូវ ប៉ុន្តែសុំលាក់បន្តិចសិន ទុកមុខទុកមាត់ឱ្យអាជ្ញាធរដែនដី ចាំមើលថា ចេះរកឃើញឬអត់?), ទីតាំងកាស៊ីណូ និងវិមានបនពេស្យានារីចិន និងវៀតណាម លួចលាក់នេះ មាន២អាគារ គឺអគាខាងមុខ និងអគារខាងក្រោយ, មានច្រកចូល ២កន្លែង គឺច្រកចូលខាងកើតមួយកន្លែង និងច្រកចូលខាងជើងមួយកន្លែង។

តាមប្រភពពីប្រជាពលរដ្ឋ និងក្រុមមន្ត្រីស្មោះត្រង់ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះ… (សុំលាក់សិន) មានម្ចាស់ជាជនជាតិខ្មែរ ប៉ុន្តែបានជួលឲ្យថៅកែជនជាតិចិនមានគ្នា ៤នាក់, ដំបូងឡើយគេនិយាយគ្នាពីការជួលបើកក្លិបកម្សាន្ត របៀបជា ភោជនីយដ្ឋាន ខារ៉ាអូខេ ស្ទីម ម៉ាស្សា តែប៉ុណ្ណោះ ប៉ុន្តែ ថៅកែចិន ដែលមានផ្នត់គំនិតម៉ាហ្វីយ៉ា និងចរិតរកស៊ីកាប់ដាវ (រកស៊ីខុសច្បាប់) មិនខ្លាចញញើតច្បាប់ប្រទេសកម្ពុជានោះ បែរជាទៅបើក កាស៊ីណូ អត់ច្បាប់ (ល្បែងស៊ីសងជាច្រើនប្រភេទ មាន តុបៀ ហ្គេមអនឡាញ ស្លុតម៉ាស៊ីន) និង សេវាផ្លូវភេទ សម្រាប់អន្តោប្រវេសន៍ចិនលួចលាក់ខុសច្បាប់ទៅវិញ។

បាននិយាយប្រាប់ថា បនល្បែងកាស៊ីណូតុបៀ គេរៀបចំនៅអគារខាងក្រោយជាន់ក្រោយ, ល្បែងហ្គេមអនឡាញគេរៀបចំនៅអគារខាងក្រោយដែរ តែជាន់ទី១, រីឯកន្លែងម៉ាស្សា និងបន្ទប់បម្រើសេវាផ្លូវភេទ គេរៀបចំនៅជាន់ខាងលើៗទៀត, សម្រាប់នារីបម្រើផ្លូវភេទវិញ គឺមានតែនារីចិន និងនារីវៀតណាម តែប៉ុណ្ណោះ, ចំណែកនារីខ្មែរវិញ គេមិនអនុញ្ញាតឱ្យមាននៅក្នុងនេះទេ។ ស្ថានភាពនៃការចូលលេងល្បែងស៊ីសង និងសេវាផ្លូវភេទ គេរៀបចំប្រព័ន្ធការពារ ឬសន្តិសុខយាមកាម តឹងតែងណាស់, តាមប្រភពថា ជាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលមកពីក្រសួងមហាផ្ទៃទៀតផង។

អ្នកដែលអាចចូលលេង ឬចេញ-ចូលក្នុងកាស៊ីណូអត់ច្បាប់នេះបាន គឺលុះណាតែ នារី-បុរស ជនជាតិចិន ឬនារីជនជាតិវៀតណាម ទើបគេអនុញ្ញាតឲ្យចូល, បើឃើញបុរស-នារី ជនជាតិខ្មែរវិញ គេមិនអនុញ្ញាតឱ្យចូលទេ, បើអាច លុះណាតែ នារីខ្មែរហ្នឹង ត្រូវបានបុរសជនជាតិចិននាំចូល។

ប្រភពខាងលើ បានបញ្ជាក់ឱ្យដឹងថា បនល្បែងកាស៊ីណូខុសច្បាប់ និងសេវាបម្រើផ្លូវភេទរបស់ថៅកែចិនទាំង ៤នាក់នេះ ចាប់ផ្ដើមបើកដំណើរការយ៉ាងសប្បាយរីករាយ ត្រជាក់មេ ត្រជាក់កូន ចាប់តាំងពីដើម ខែមិថុនា ឆ្នាំ២០២២មកម៉្លេះ គិតមកដល់ចុង ខែកក្កដានេះ គឺប្រហែលពីរខែហើយ, សភាពទូទៅនៅក្នុងសណ្ឋាគារបង្កប់កាស៊ីណូ និងបនស្រីពេស្យានេះ គឺមានសកម្មភាពអ៊ូអរ ឬចាប់ផ្ដើមបម្រើសេវាគ្រប់យ៉ាង តែពេលយប់ៗប៉ុណ្ណោះ, ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ទីនេះនៅស្ងាត់នៅឡើយទេ, តែចាប់ពីម៉ោង ៧យប់ ឡើងទៅ គឺដំណើរការពេញទី, រហូតដល់ម៉ោងជាង៤ទៀបភ្លឺ ទើបភាពអ៊ូអរត្រូវបានរសាយបាត់បន្តិចម្ដងៗ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com