រាជធានីភ្នំពេញ ៖ លោកស្រ្តី ហ៊ុល មុំ អាយុ៦០ឆ្នាំ ជាស្រ្តីម៉េម៉ាយ រស់នៅ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងម្តាយបង្កើតអាយុ៨០ឆ្នាំ បាននាំគ្នាថ្វាយបង្គំសុំដល់អភិបាលរាជធានីភ្នំពេញ មេត្តាអន្តរាគមន៍កុំអោយមន្រ្តីចុះវ៉ៃ និង រុះរើជម្រករបស់គាត់ ។
ការសុំអង្វរនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីលោកស្រ្តី ទទួលបានលិខិតពីរដ្ឋបាលសាលាខណ្ឌ ពោធិ៍សែនជ័យ អោយរុះរើជាកំហិត តាមរយៈលិខិតលេខ៤០០/២២ សជណ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។ ដោយបានជម្រាបទៅលោកស្រី ហ៊ុល មុំ នៅផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្នើអោយលោកស្រី និងក្រុមគ្រួសារ រុះរើរបងថ្ម និង តូបលក់ដូរចេញអោយអស់ពីគម្រោង ពង្រីកផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ យោងតាមដីកាអមលេខ៨៩១/២២ដកអ.ច ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកដីចំណីផ្លូវទុកជាទ្រព្យសម្បត្តិរដ្ឋវិញនោះ គឺស្នើលោកស្រី និងក្រុមគ្រួសារ ធ្វើការរុះរើរបងថ្ម និង តូបលក់ដូរ អោយអស់រយៈពេល៧ ថ្ងៃ។ ក្នុងករណី មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌនឹងមានវិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬ បាត់បង់ទ្រព្យសម្បត្តិ និង សម្ភារៈផ្សេងៗ ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្តន៍ការរុះរើនេះ ជាបន្ទុករបស់លោក លោកស្រី ជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូស អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី ។បានន័យថា នៅថ្ងៃទី១ ខែសីហា គឺ ដែលត្រូវកម្លាំងរបស់ខណ្ឌចុះមក អនុវត្តន៍ ។ លោកស្រីថា រឿងនេះអនុវត្តន៍មិនស្មើភាពគ្នា និង ប្រហែលផ្ទះក្រោយចង់បានដីគាត់ ទទឺង១២ម៉ែត្រ បណ្តោយ១២ម៉ែត្រ ដែលសល់ពីការពង្រីកផ្លូវ ដោយទទេរ តាមផ្លូវតុលាការ ព្រោះខាងខណ្ឌក៏ប្តឹងទៅតុលាការ និង ផ្ទះខាងក្រោយក៏ប្តឹងទៅតុលាការ ក្នុងន័យថាមួយគត់គឺចង់បានដីរបស់គាត់តែម្តង ។
លោកស្រី ហ៊ុល មុំ ក៏ធ្លាប់លិខិត ដាក់ទៅសាលារាជធានីភ្នំពេញ
អោយជួយ អន្តរាគមន៍កាល ពីថ្ងៃ១៥ ខែមេសា ២០២២ ដោយខាងមន្រ្តីបានទទួល តែមិនមានការឆ្លើយតបយ៉ាងណានោះទេ ។ នៅក្នុងលិខិតដាក់ទៅ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ៖នៅឆ្នាំ១៩៧៩ ខ្ញុំបានមករស់នៅលើដីដែលមានទំហំ១២ម៉ែត្រគុណនឹង៤៥ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៣ នៅភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ន ។នៅឆ្នាំ២០១១ ក៏មានការពង្រីក ផ្លូវជាតិលេខ៣ ដែលអាជ្ញាធរបានស្នើឲ្យ រុះរើសំយាបផ្ទះ និងផ្ទះអស់ទំហំ១២ម៉ែត្រគុណនឹង៣៣ម៉ែត្រ ។ សល់ដី១២ម៉ែត្រ គុណនឹង១២ម៉ែត្រ ហើយពេលនេះអាជ្ញាធរឲ្យនាងខ្ញុំ រុះរើរបងថ្មកម្ពស់១.៨ម៉ែត្រ បណ្ដោយ១២ម៉ែត្រថែមទៀត ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់នាងខ្ញុំ។ម៉្យាងទៀតនាងខ្ញុំបានអនុវត្តតាមគោលការណ៍និងពង្រីកផ្លូវជាតិលេខប៣ រួចរាល់អស់ហើយ គឺនាងខ្ញុំបានចំណាយលើចំណីផ្លូវរហូតដល់៣៣ម៉ែត្រ ដែលស្របទៅតាម ការពង្រីកផ្លូវរបស់រដ្ឋ ដែលមានទំហំ២៥ ម៉ែត្រទៅ៣៥ម៉ែត្រ ហើយបើដីនៅសល់ប្រជាពលរដ្ឋអាចអាស្រ័យផល នៅបាន ។
លិខិតនោះបានបញ្ជាក់ថា ៖កំណត់ហេតុ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ គឺមានការអញ្ជើញនាងខ្ញុំឲ្យចូលរួមប្រជុំជាមួយលោកប៉ាងលីដា សហម្ចាស់បំណុល ឱ្យរុះរើផ្ទះឈើមានទំហំ៨ម៉ែត្រ រហូតដល់របងថ្មរបស់ នាងខ្ញុំរុះរើរបងថ្មមានកម្ពស់១.៨ម៉ែត្រ បណ្តោយ១២ម៉ែត្រ នាងខ្ញុំបានឯកភាពនៃការស្នើរបស់មន្ត្រីអាជ្ញាធរ ប៉ុន្តែនៅក្នុងអង្គប្រជុំក៏ដូចជានៅក្នុងកំណត់ហេតុគឺនាងខ្ញុំបានស្នើសុំក្រោយពេលស្ថាបនាផ្លូវនិងដាក់លូរួចរាល់ហើយ បើដីរបស់នាងខ្ញុំនៅសល់នាងខ្ញុំសុំយកដីរបស់នាងខ្ញុំ ដែលនៅសល់សុំសុំចុះបញ្ជី ដើម្បីទទួលប័ណ្ណកម្មសិទ្ធិ ។ ជាក់ស្ដែងក្រោយពីស្ថាបនាផ្លូវនិងដាក់លូរួច ដីរបស់នាងខ្ញុំនៅសល់១២ម៉ែត្រ បណ្ដោយ១២ម៉ែត្រ និងមានរបងថ្មកម្ពស់១.៨ម៉ែត្រ និងបណ្ដោយ១២ម៉ែត្រ រហូតដល់ពេលនេះគឺនាងខ្ញុំបានគ្រប់គ្រងនិងកាន់កាប់អាស្រ័យផលរហូតដល់ពេលបច្ចុប្បន្ន ។
លោកប៉ាងលីដា សហម្ចាស់បំណុលមិនបានអនុវត្តតាមកំណត់ហេតុ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចមតិរបស់នាងខ្ញុំដែលបានស្នើសុំទៅលោកប៉ាងលីដា ហើយក៏មានការចុះហត្ថលេខារបស់លោកផងដែរ បែរជាពេលនេះលោកបានដាក់ពាក្យ សុំដីកាសម្រេចការពារទៅវិញ ដែលធ្វើឱ្យបាត់ជំនឿចិត្តរបស់ប្រជាពលរដ្ឋទៅលើអាជ្ញាធរ ។
ដោយឡែកបើយោងតាម ៖
កំណត់ហេតុសាកសួរ របស់អាជ្ញាសាលានៃសាលាដំបូងរាជធានី ភ្នំពេញ ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។ ចំពោះមុខ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ខាំ សុមករា បានធ្វើការសាកសួរកូនបំណុលនៃការអនុវត្តន៍ឈ្មោះ ហ៊ុល មុំ ពីសំណុំរឿងអនុវត្តន៍ជំនួសដែលជាសមត្ថកិច្ចរបស់អាជ្ញាសាលាលេខ០៧ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ។ លោកស្រី ហ៊ុល មុំ អះអាងថាខ្លួនមិនអាចធ្វើការអនុវត្តន៍ដោយស្ម័គ្រចិត្តតាមលិខិតជូនដំណឹងអំពីការអនុវត្តដោយស្ម័គ្រចិត្តរបស់អាជ្ញាសាលាបានទេ ដោយសារដីដែលគាត់បានកំពុងតែកាន់កាប់បច្ចុប្បន្ន គឺជាដីដែលបានសេសសល់ពីការពង្រីកផ្លូវរួចរាល់អស់ហើយ ហើយសំណងការខូចខាត ដែលគាត់បានទទួលពីរដ្ឋនោះ គឺគាត់បានធ្វើការរុះរើរួចរាល់អស់ហើយ ម៉្យាងទៀតដីរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះគឺសុទ្ធតែជាចំណីផ្លូវដូចគាត់ដែរ ចុះហេតុអ្វីបានជាខុសតែគាត់មួយអញ្ជឹង ។ លោកស្រី ហ៊ុល មុំ បានបញ្ជាក់ថាបើពិតជាចង់អោយរុះរើ មែននោះត្រូវតែធ្វើការរុះរើទាំងអស់គ្នា អ្នកដែលនៅតាមដងផ្លូវនោះ ព្រោះប៉ះចំណីផ្លូវទាំងអស់គ្នា ៕