(ខេត្តស្វាយរៀង) ÷កាយរិទ្ធប្អូនចំនួន១៧៨នាក់ ស្រី ៩៣នាក់ស្មើនឹង៧កង និង២៨ល្បាត ត្រូវបានធ្វើពិធីបំពាក់កន្សែង និងសច្ចាប្រណិធាននៅសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក ឯក សាម៉ុល ស្នងការកម្មវិធីយុវជនកាយរិទ្ធជាតិកម្ពុជាខេត្តស្វាយរៀង នឹងមានការចូលរួមពីមេកងឯកភាពសាលាបឋមសិក្សាព្រះសីហនុ ជំនួយការមេកងឯកភាពសាលា និងកម្លាំងកាយរិទ្ធជាតិកម្ពុជាខេត្តជាច្រើនទៀត។
ការបំពាក់កន្សែងជូនកាយរិទ្ធប្អូនៗនៅពេលនេះគឺដើម្បីបង្កើតបន្តធនធានកម្លាំងកាយរិទ្ធជាតិកម្ពុជាខេត្តស្វាយរៀងឲ្យទទួលបានទាំងបរិមាណ និងគុណភាពសំដៅលើកកម្ពស់សីលធម៌សង្គម និងចូលរួមយ៉ាងសកម្មរបស់កម្លាំងកាយរិទ្ធជាតិកម្ពុជា នៅក្នុងសង្គមជាតិក៏ដូចជាការធ្វើជាគំរូល្អដល់កុមារនិងយុវជនកម្ពុជានៅគ្រប់ជំនាន់អោយខិតខំសិក្សារៀនសូត្រមានការគោរពច្បាប់ការប្រកាន់នូវសីលធម៌ល្អ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទនិងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។
ពិសេសកម្លាំងកាយរិទ្ធជាតិកម្ពុជាមានតួនាទីក្នុងការចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។ កាយរិទ្ធប្អូននៅពេលនេះបានធ្វើការប្រណិធាននូវខ្លឹមសារចំនួន៥ ចំណុចគឺ ស្ដាប់បង្គាប់ ,ថែរក្សាខ្លួនឯង ,ជួយគ្នាទៅវិញទៅមក ,ជួយអ្នកក្មេងជាង, និងធ្វើអំពើល្អ។
លោក ឯក សាម៉ុល ដែលជាស្នងការកម្មវិធីយុវជនកាយរិទ្ធជាតិកម្ពុជាខេត្តស្វាយរៀង បានមានប្រសាសន៍អបអរសាទរចំពោះកម្មវិធីសច្ចាប្រណិធាន នឹងបំពាក់កន្សែងជូនដល់កាយរិទ្ធឹប្អូនក្នុងសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងនៅពេលនេះ និងសង្ឃឹមថាកាយរិទ្ធឹប្អូនគឺជាទំពាំងស្នងឬស្សីយ៉ាងល្អដើម្បីបន្តវេនពីកម្លាំងកាយរិទ្ធឹជាតិកម្ពុជាខេត្តស្វាយរៀងនៅថ្ងៃអនាគត។
លោកឯក សាម៉ុល ក៏បានធ្វើការផ្តាំផ្ញើដល់កាយរីទ្ធប្អូនទាំង១៧៨នាក់ នៅទីនេះត្រូវខិតខំរៀនសូត្រឱ្យបានពូកែ មានសីលធម៌ល្អ ត្រូវចេះគោរពឪពុកម្ដាយស្ដាប់បង្គាប់ និងការបង្ហាត់បង្រៀនពីលោកគ្រូ អ្នកគ្រូ និងធ្វើជាគំរូល្អដល់ប្អូនសិស្សានុសិស្សនៅក្នុងសាលាទាំងអស់។ជាពិសេសគឺអនុវត្តនូវខ្លឹមសារទាំង៥ប្រការរបស់កាយរិទ្ធប្អូនឲ្យបានល្អដើម្បីក្លាយខ្លួនជាកម្លាំងកាយរិទ្ធជាតិកម្ពុជា ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត ។ ដោយ= សុខហ៊រ