(ខេត្តស្វាយរៀង)÷ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល នៅសាលប្រជុំសាលាក្រុងស្វាយរៀង ។ នៅក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។
ឯកឧត្តមបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះគឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។ ដោយ= សុខហ៊រ