(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ លោកជំទាវ ឯក សុវណ្ណាភារៈ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត ខេត្តស្វាយរៀង ។
នៅក្នុងពិធីនោះដែរ លោកជំទាវអភិបាលរងខេត្ត បានមានប្រសាសន៍ថា ខេត្តស្វាយរៀងជាខេត្តមួយក្នុងចំណោម ២៥រាជធានី ខេត្ត ដែលធ្លាប់ទទួលរងគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ បណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលកន្លងមកខេត្តស្វាយរៀងធ្លាប់បានទទួលរងនៅគ្រោះមហន្តរាយធម្មជាតិដូចជា ÷ ទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ ទាំងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន ជីវិតមនុស្ស និងដំណាំកសិកម្មផងដែរ ។
លោកជំទាវអភិបាលរងខេត្ត បានបន្តថា ដោយមានហានិភ័យនៃមុខសញ្ញាគ្រោះថ្នាក់ជាច្រើន ប៉ុន្តែដោយផ្អែកលើធនធានមានកំណត់យើងពុំអាចធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់បានគ្រប់មុខសញ្ញាគ្រោះថ្នាក់នោះទេ គឺយើងជ្រើសរើសយកតែមុខសញ្ញាគ្រោះថ្នាក់អាទិភាពតែពីរប៉ុណ្ណោះរួមមាន ÷
គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត សម្រាប់ធ្វើផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ ហើយផែនការត្រៀមបម្រុងនេះត្រូវការធាតុចូលជាចាំបាច់ពី លោក លោកស្រី ដើម្បីឲ្យផែនការនេះអាចឆ្លើយតបសមស្របទៅនឹងគ្រោះមហន្តរាយ ទឹកជំនន់ និងរាំងស្ងួតនៅក្នុងខេត្ត ។
លោកជំទាវអភិបាលរងខេត្ត ក៍បានកោតសរសើរចំពោះកងកម្លាំងទាំងបី មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គភាពជាដៃគូនានា ដែលកន្លងមកតែងតែចូលរួមចំណែកយ៉ាងសកម្មអស់ពីកម្លាំងកាយចិត្តក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសចូលរួមត្រៀមបង្ការការឆ្លើយតបនិងការសង្គ្រោះដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយនៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ។
ជាចុងបញ្ចប់លោកជំទាវ ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ជុំវិញខេត្តដែលជាសមាជិកគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយទឹកជំនន់ និងភាពរាំងស្ងួតនៅពេលនេះ។ ដោយ = សុខហ៊រ