(ខេត្តស្វាយរៀង)៖ មានក្រុមឈ្មួញដឹកទំនិញគ្រឿងអេឡេចត្រូនិច គេចពន្ធលួចឆ្លងដែនទៅប្រទេសវៀតណាមតាមប្រឡាយទឹកនៃច្រករបៀងគោកតែក យ៉ាងរលូនដោយពុំមានរំខានដល់សមត្ថកិច្ចជំនាញឡើយ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅចំណុចប្រឡាយទឹកជិតប៉ុស្ត៍នគបាលវរៈការពារព្រំដែនច្រករបៀងគោកតែក ស្ថិតនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿងម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ-៣A-៣២៥៣ ដឹកទំនិញគ្រឿងអេឡេចត្រូនិច ពេញទ្រុងសង្ស័យជាទំនិញគេចពន្ធ បានបើកបរមកផ្ទេរទំនិញ នៅចំណុចប្រឡាយទឹក ជិតច្រករបៀងគោកតែក ដោយផ្ទេរដាក់ក្នុងទូកស្មាច់ (ទូកម៉ាស៊ីនតឹករបស់ជនជាតិវៀតណាម)ដឹកឆ្លងដែនចូលទៅប្រទេសវៀតណាមតាមផ្លូវទឹកយ៉ាងរលូនរៀងរាល់ថ្ងៃ ដោយពុំមានឃើញអាជ្ញាធរមានសមត្ថកិច្ចអើពើឡើយ ។
ប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចថាគ្មានការទប់ស្កាត់ការដឹកទំនិញតាមរថយន្តធុនធំ ធ្ងន់ៗ នេះបង្កឲ្យខូចផ្លូវលំនៅជនបទ ពិបាកក្នុងការធ្វើដំណើរ។ជាមួយគ្នានេះប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចជំនាញ អាជ្ញាធរខេត្តមេត្តា ចុះពិនិត្យនិងបង្ក្រាបក្រុមរថយន្តដឹកទំនិញគេចពន្ធទាំងនេះផង បើមិនដូច្នោះទេនាំឲ្យបាត់ចំណូលថវិកាជាតិជាក់ជាមិនខានឡើយ។
ទាក់ទិនករណីនេះដែរ នៅព្រឹកថ្ងៃថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានព្រះនរាយណ៍ បានទំនាក់ទំនងទៅលោកអភិបាលស្រុកចន្ទ្រាតាមរយៈទូរស័ព្ទដើម្បីបំភ្លឺករណីនេះដែរ ដោយលោកបានឆ្លើយថា លោកនិងអោយកម្លាំងចុះត្រួតពិនិត្យមើល។
ចំណែកលោក ហេង សំបូរ ប្រធានគយខេត្តស្វាយរៀង បានឆ្លើយជាមួយអ្នកយកព័ត៌មានព្រះនរាយណ៍ប្រចាំខេត្តស្វាយរៀង តាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹកនេះថា ការងារចឹងៗមិនអាចនិយាយឬធ្វើតាមទូរស័ព្ទបានទេរួចក៏ចុចបិទទូរស័ព្ទតែម្តង៕ ដោយ= សុខហ៊រ