(ខេត្តស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំចំនួន៤ ស្ថិតក្នុងស្រុករមាសហែក មានការក្តៅក្រហាយជាខ្លាំង ដោយសារមានក្រុមឈ្មួញជនជាតិវៀតណាមបានយកសាឡង់មកបូមខ្សាច់លក់ បង្កឲ្យបាក់ដីកសិកម្ម និងដីលលំនៅដ្ឋានរបស់ពួកគាត់ ដែលរស់នៅតាមបណ្តោយទន្លេទឹកវិលស្រុករមាសហែក ក្នុង១គ្រួសារៗចាប់ពី២៥ម៉ែត្រ ទៅជាង១០០ម៉ែត្រ។
បើតាមលោក កែវ សៀត អនុភូមិតាខុប ឃុំកំពង់ត្រាច តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះឃុំកំពង់តាចបានឲ្យដឹងថា ករណីជនជាតិវៀតណាមបានយកសាឡង់មកចូលបូមខ្សាច់នេះ កើតឡើងរយៈពេល១ឆ្នាំហើយនិងបង្កឲ្យបាក់ដីរបស់ប្រជាពលរដ្ឋ៦ខែមកហើយ គិតមកដល់ត្រឹមថ្ងៃទី៧ធ្នូ ២០២២ នេះ ។
លោកអនុភូមិបន្តទៀតថា ការបូមខ្សាច់នេះ បង្កឲ្យបាក់ច្រាំងទន្លេធ្វើឲ្យប៉ះពាល់ដីប្រជាពលរដ្ឋជាច្រើនភូមិ ដែលរស់នៅតាមបណ្តោយទន្លេទាំងសងខាងទន្លេ ចាប់ពីគល់ស្ពានទឹកវឹលរហូតដល់ព្រំដែនទឹកបាត់ត្រាស់ឃុំដូង មានចំនួន០៤ឃុំ គឺឃុំកំពង់ត្រាច ឃុំអំពឹល ឃុំគគីរ និងឃុំដូង ។ ហើយប៉ះពាល់ខ្លាំងមាន០៣ភូមិ គឺភូមិតាខុប ឃុំកំពង់ត្រាច- ភូមិត្បែង ឃុំអំពឹល និងភូមិត្រពាំងស្គន់ ឃុំគគីរ ។
បើតាមតំណាងប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាសាធារណៈនៅសាលាស្រុករមាសហែកដែលរៀបចំដោយក្រុមប្រឹក្សាខេត្តបានឲ្យដឹងថា ជនជាតិវៀតណាមយកសាឡង់ចូលមកបូមខ្សាច់នេះ ចាប់តាំងពីឆ្នាំ២០០៩មក ក៏ប៉ុន្តែបានធ្វើឲ្យបាក់ច្រាំងទន្លេប៉ះពាល់ដល់ដីកសិកម្មរបស់ប្រជាពលរដ្ឋខ្លាំងគឺនៅឆ្នាំ២០២២នេះ ដោយលើកឡើងថា ជនជាតិវៀតណាមមានសំណាងជាងប្រជាជនខ្មែរយើង ដោយគេដើរបូមខ្សាច់យកទៅលក់ក្នុងស្រុក និងដឹកតាមសាឡង់ឆ្លងដែនទៅប្រទេសវៀតណាមយ៉ាងរលូន នៅពេលដែលប្រជាពលរដ្ឋតវ៉ាគេប្រាប់ថា ក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានឧកញ៉ាម្នាក់បានបង្កើតក្រុមហ៊ុនមួយឈ្ឈ្មោះ(ក្រុមហ៊ុនរាសី) បានទទួលសិទ្ធិពីក្រសួងរ៉ែ និងថាមពល បូមខ្សាច់ផ្គត់ផ្គង់លក់ក្នុងស្រុក ដោយអាជ្ញាប័ណ្ណអនុញ្ញាតឲ្យបូមយកខ្សាច់ពីកណ្តាលទន្លេទំហំ០៦ម៉ែត្រ ។ជាក់ស្តែងលោកឧកញ៉ាម្នាក់នេះបានឲ្យជនជាតិវៀតណាមមិនចេះនិយាយភាសាខ្មែរសូមបីតែមួយម៉ាត់ យកសាឡង់ចំនួន០៤សាឡង់ពីប្រទេសវៀតណាមឆ្លងដែនចូលមករដ្ឋបាលស្រុករមាសហែក ធ្វើសកម្មភាពបូមខ្សាច់នៅក្នុងទន្លេរមាសហែកនេះ គោលដៅផ្គត់ផ្គង់ចែកចាយក្នុងស្រុក ក៏ប៉ុន្តែជនជាតិយួនបានលួចដឹកខ្សាច់ឆ្លងដែនទៅប្រទេសវៀតណាមនៅពេលយប់យ៉ាងរលូន។ ហើយមិនបានគោរពតាមច្បាប់អនុញ្ញាតនោះទេគឺ ដើរបូមតាមទំនើងចិត្ត គឺបូមជិតច្រាំងទន្លេតែម្តងទើបបង្កឲ្យបាក់ច្រាំងទន្លេ បាក់ដីកសិកម្មនិងដីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលប្រជាពលរដ្ឋធ្លាប់រស់នៅបានសុសុខសានដំណពីដូនតារាប់រយឆ្នាំមកហើយ ។
ទាក់ទិនករណីនេះដែរ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា លោកនឹងចាត់កម្លាំងចុះពិនិត្យទីតាំងវៀតណាមបូមខ្សាច់នេះ មើលអាជ្ញាបណ្ណ័ និងណែនាំឲ្យក្រុមហ៊ុនអនុវត្តតាមច្បាប់អនុញ្ញាត ប្រសិនបើ មិនអនុវត្តតាមទេ លោកនឹងសុំឲ្យក្រសួងរ៉ែនិងឋាមពលដកហូតអាជ្ញាបណ្ណ័បញ្ឈប់សកម្មភាពតែម្តង។ ហើយអ្វីដែលលោក អភិបាលស្រុកអះអាងនៅក្នុងវេទិកាផ្សព្វផ្សាយសាធារណៈនោះ ពុំមានប្រសិទ្ធិភាពទេ ក្រុមឈ្មួញជនជាតិវៀតណាមនៅតែបន្តធ្វើសកម្មភាពបូមខ្សាច់តាមទំនើងចិត្តដដែល ។ ដោយ= សុខហ៊រ
ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត នៅលើ គេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍