(ខេត្តក្រចេះ)÷ នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់ក្រុមការងារ យើងដឹងថា បន្ទាប់ពីមានការបង្ក្រាបនិងទប់ស្កាត់ពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធក្នុងទឹកដីខេត្តក្រចេះទៅលើបុគ្គលជាមេឈ្មួញឈ្មោះថាលោកធា ថែមទាំងដុតកំទេចនៅរថយន្តសាំយ៉ុងកែច្នៃចំនួនពីរគ្រឿង របស់មេឈ្មួញជើងខ្លាំងឈ្មោះថាលោកធារួចមកនោះ នាពេលថ្មីៗនេះគេសង្កេតឃើញថាមេឈ្មួញចាស់វស្សានិងជាអធិរាជជើងខ្លាំងដោយអាងខ្នងបង្អែកម្នាក់នេះ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ យ៉ាងរលូននៅពេលបច្ចុប្បន្នដោយមិនមានផលរំខានពីសំណាក់សមត្ថកិច្ចដែលធ្លាប់ ទប់ស្កាត់និងបង្ក្រាបទៅលើមេឈ្មួញរូបនេះ ជាថ្មីម្ដងទៀតនោះទេមកទល់នឹងពេលនេះ។
ប្រភពច្បាស់ការមានលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះមួយបានបញ្ជាក់ឲ្យក្រុមការងារយើងដឹងមួយយប់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ នេះថា ចំពោះអធិរាជឈ្មួញឈើជើងខ្លាំងឈ្មោះធា ម្នាក់នេះមានទីលំនៅ ពាមកោះស្នា ហើយនាពេលកន្លងមកតែងតែដើរអួតក្ដែងៗថា ខ្លួនគឺជាក្មួយ ជាប្អូនថ្លៃជីដូនមួយរបស់អ្នកមានអំណាចដ៏ធំមួយរូបនៅក្នុងទឹកខេត្តក្រចេះនឹងយកឪពុករបស់អ្នកធំមកជិះឡានជាមួយដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ខ្លួន ហើយអធិរាជឈ្មួញឈើឈ្មោះធា ម្នាក់នេះ កំពុងតែតាំងខ្លួនថា ខ្លួនគឺជាមេដឹកនាំដ៏ធំជាងគេនៅក្នុងការបំផ្លាញនឹងដឹកជញ្ជូនបទល្មើសធនធានធម្មជាតិ ចេញពីទឹកដីព្រៃឡង់ឆ្លងកាត់ ភូមិត្រាំដុំ ឃុំវឌ្ឍនៈ ឆ្ពោះទៅស្រុកព្រែកប្រសព្វ ហើយបន្តយកទៅលក់ចែកចាយនៅពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ចំពោះសកម្មភាពនៃការដឹកជញ្ជូនបទល្មើសព្រៃឈើ ពីសំណាក់អធិរាជឈ្មួញឈើឈ្មោះធាម្នាក់នេះបានប្រើមធ្យោបាយដឹកជញ្ជូនឈើតាមរថយន្តកែឆ្នៃខ្នាតយក្សកង់ធំៗជារៀងរាល់យប់ គេបានដឹងយ៉ាងច្បាស់ថាឈ្មួញឈើឈ្មោះធា បានជិះរថយន្តតាកូម៉ាពណ៌ទឹកប្រាក់មួយគ្រឿងផ្លាកលេខភ្នំពេញ2BA.2719(ដែលបានយកស្កុតបិទផ្លាកលេខ) សំរាប់ធ្វើការបិទផ្លូវអ្នកសារព័ត៌ កុំអោយថតនឹងតាមផ្តិតយករូបភាពសកម្មភាពឡានកែឆ្នៃដឹកឈើរបស់ខ្លួននិងបានប្រើពាក្យសំដីនឹងកាយវិការយ៉ាងច្រង៉េងច្រង៉ាងជាមួយនឹងអ្នកសារព័ត៌មាន នាពេលកន្លងមកទៀតផង។
មហាជនជាច្រើន និងពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ សូមសំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជួយមានវិធានការបង្ក្រាប និងទប់ស្កាត់ទៅលើអធិរាជឈ្មួញឈើឈ្មោះធា ពាមកោះស្នាម្នាក់នេះ ឲ្យបានទាន់ពេលវេលាផងទាន៕