(ខេត្តកណ្ដាល) បន្ទាប់ពីមាន បណ្តាញព័ត៌មាន ផ្សព្វផ្សាយជាបន្តបន្ទាប់ ពីករណី មានគ្រឿងចក្រ ជាច្រើនគ្រឿង បានសំរុកវ៉ៃព្រៃ យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅចំណុចស្លាបសង្វារភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នោះមក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២៣ អាជ្ញាធរស្រុកកៀនស្វាយ ដឹកនាំដោយលោក លាវ វ៉ាន់ថេង អភិបាលរងស្រុកកៀនស្វាយ និងមន្រ្តីមួយចំនួនទៀត បានកាន់ឯកសារមកបង្ហាញអ្នកព័ត៌មាន ថា ដីខាងលើនេះ គេបានសុំច្បាប់ត្រឹមត្រូវ តាំងពីឆ្នាំ ២០២០ មកម្លេះ ។
តាមឯកសារចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា នាងខ្ញុំឈ្មោះ ឡោក ខេង កើតឆ្នាំ១៩៥៥ មានទីលំនៅ រាជធានីភ្នំពេញ គោរពជូនលោក អភិបាលនៃគណអភិបាលស្រុកគៀនស្វាយ តាមរយៈលោកប្រធានកសិកម្មស្រុក ។ លោកមេឃុំ លោកមេភូមិពោធិមៀវ និង លោកមេភូមិគគីរធំ ។ សំណើរសុំច្បាប់អនុញ្ញាតិជីកប្រឡាយ លើកជាភ្លឺទំនប់ ព្រំដី ដែលនាងខ្ញុំបានទិញពីប្រជាពលរដ្ឋ ចំនួន១០០ហិកតា នៅភូមិពោធិមៀវ ភូមិគគីរធំ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
រយៈពេលជាង១០ថ្ងៃ គឺថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ អភិបាលស្រុកគៀនស្វាយ លោក អ៊ូ ឈាង បានស៊ីញ៉េ អនុញ្ញាតិ ដោយបានឯកភាពតាមសំណើរ ដោយបានបញ្ជាក់ថា ក្នុងករណីអនុវត្ត មានការតវ៉ា សុំអោយភាគី ស្នើសុំធ្វើការសម្របសម្រួល និង ដោះស្រាយបញ្ចប់សិន មុននឹងដំណើរការបន្ត ។
ប្រជាពលរដ្ឋថា ដីនោះមានទំហំ ១៣០ ហិកតា តែក្នុងឯកសារដាក់តែ ១០០ហិកតា ហើយតំបន់នោះ ជាព្រៃលិចទឹក សម្រាប់បងប្អូនអាស្រ័យផល នៅទឹកតម្លើង ។
ប្រជាពលរដ្ឋបានស្គាល់ថា លោក ជំទាវឡោក ខេង ជាអ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ ហើយជាប្អូនបង្កើត ឯកឧត្តម ឡោក ហួរ ជាថៅកែសំបូរដីរាប់ពាន់ហិកតា ដែលទិញពីប្រជាពលរដ្ឋ នៅក្នែរៗ នោះ ផងដែរ ។
ពាក់ព័ន្អទៅនឹងទំហំដីថា មានរហូតដល់១៣០ហិកតា ក្រុមការងារយើងមិនរកការបំភ្លឺពីម្ចាស់គ្រឿងចក្រ ក៏លោកជំទាវ ឡោក ខេង បានទេនៅរសៀលថ្ងៃទី១១ ខែឧសភា នេះ ៕