ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្ដីប្រពន្ធជាបងប្អូនបង្កើតនឹងគ្នា​ មានកូនដល់ទៅ​ ៨នាក់ សុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ទទួលបានអំណោយសម្រាលទុក្ខលំបាកពី មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ 

ផ្ដើមចេញពីបងប្អូនបង្កើតក្នុងផ្ទៃម្ដាយតែមួយ បានយកគ្នាជាប្ដីប្រពន្ធ បណ្ដាលឱ្យកូនកើតមកទាំង៨នាក់ សុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ហើយមានជីវភាពក្រលំបាកថែមទៀត។ គ្រួសារខាងលើនេះ មានប្ដីឈ្មោះ ធូ សាវន អាយុ ៦៥ ប្រពន្ធឈ្មោះ សេង សាវេត អាយុ៤៩ រស់នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានកូន៨នាក់ ក្នុងនោះប្រុស២នាក់។

ដោយឃើញពីទុក្ខលំបាកផ្ទួនៗបែបនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ​ ទី​ ១០​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមទាំងម៉ូតូ១គ្រឿង កង់២គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារខាងលើនេះផងដែរ។
ក្នុងឱកាសនោះ លោកជំទាវ​ ម៉ែន នារីសោភ័គ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក ពិសេសនូវក្ដីអាណិត ស្រលាញ់ ចំពោះក្មួយៗផងដែរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកជំទាវ​ បានបន្ថែមថា បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានដំណឹងពីទុក្ខលំបាក ពិសេសរឿងដែលកម្រងកើតមានឡើងសម្រាប់គ្រួសារប្ដីប្រពន្ធមួយគូនេះ មាតាមនុស្សធម៌ក៏បានចាត់លោកស្រីចុះមកសួរសុខទុក្ខ និងស្វែងយល់ពីបញ្ហាប្រឈម ឬភាពខ្វះខាត ដើម្បីឆ្លើយតបនឹងតម្រូវការដែលអាចជួយទៅក្មេងៗមានសតិស្មារតីមិនប្រក្រតីខាងលើនេះ។

លោកជំទាវបន្ដថា «អ្វីដែលជាការអាណិតអាសូរនោះ គឺកូនរបស់គាត់ទាំង៨នាក់ កើតមកសុទ្ធតែខ្សោយសតិបញ្ញាពីកំណើត ដែលទទួលរងការរើសអើង ការមើលងាយ និងបញ្ហាសុខភាព។ នេះជាកត្ដាចាំបាច់ណាស់ ដែលកាកបាទក្រហមកម្ពុជា ត្រូវយកចិត្ដទុក្ខដាក់»។

លោកជំទាវ​ គូសបញ្ជាក់ថា «ក្នុងគោលការណ៍កាកបាទក្រហមកម្ពុជា គឺមិនរើសអើង មិនទុក្ខម្នាក់ណាចោលនៅក្នុងសង្គម ពិសេសជួយដល់ជនដែលងាយរងគ្រោះបំផុត ដូចជា អ្នកដែលមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ ឬជំងឺផ្សេងៗ ចាស់ជរាឥតទីពឹង និងស្ដ្រីមេម៉ាយមានកូនច្រើន គឺសុទ្ធតែនៅក្នុងគោលដៅរបស់កាកបាទក្រហមកម្ពុជា ត្រូវតែជួយ និងផាត់ពួកគាត់ចោលនៅក្នុងសង្គមនោះទេ»។
«បើងាកមកកាកបាទក្រហមកម្ពុជា ដែលទើបតែប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។ ប្រធានបទនេះ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរបស់យើងគ្រប់ស្រទាប់ ពិសេសជនដែលងាយរងគ្រោះបំផុត ហើយទទួលនូវភាពរើសអើងនៅក្នុងសង្គម ទទួលបានផលស្មើៗគ្នា នៅក្នុងសង្គមជាតិ។ ដូច្នេះការចុះមកជួយនេះ មិនមែនគាំទ្រការប្រព្រឹត្ដប្ដីប្រពន្ធស្រលាញ់បងប្អូនបង្កើតទេ តែក៏មិនផ្ដាច់គាត់ចេញពីសង្គម»។ នេះតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ។

សូមជម្រាបថា ប្ដីប្រពន្ធខាងលើនេះ បានបង្ហាញពីការស្ដាយក្រោយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្ដខុស គឺយកបងប្អូនឯងបង្កើត ដែលបន្សល់នូវកូន៨នាក់សុទ្ធតែមានសតិស្មារតីមិនប្រក្រតី ធ្វើឱ្យពួកគាត់មិនអាចរំពឹងអ្វីបាននៅថ្ងៃអនាគតពីអត់ពីឪពុកម្ដាយ ។​ លើសពីនោះ អ្នកទាំងពីរក៏បានអំពាវនាវ សូមកុំយកគំរូតាមគាត់ឱ្យសោះ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com