(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវ..!។បន្ទាប់ពីរូបគាត់ មានអាការៈ មិនស្រួលខ្លួនធម្មតា ហើយចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”ស្ថិតនៅខាងកើត រង្វង់មូលស្វាយអន្ទរ ក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរយៈពេល០២យប់។
លុះអាការៈប្រែក្លាយទៅជាធ្ងន់ធ្ងរទំនងមិនរស់ គ្រូពេទ្យនៅគ្លីនិក ខៀង សុគន្ធា ក៏សម្រេចបញ្ជូនអ្នកជំងឺ ចេញពីគ្លីនិករបស់ខ្លួន.!។
ដោយដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ពេលមកដល់គ្រូពេទ្យនៅទីនោះ ក៏បានពិនិត្យភ្លាមៗ ដើម្បីសង្គ្រោះបឋមផងដែរ។ប៉ុន្តែដោយឃើញអាការៈ អ្នកជំងឺធ្ងន់ធ្ងរពេកមិនអាចជួយបាន គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង សម្រេចបញ្ជូនបន្ត ទៅរាជធានីភ្នំពេញទៀត ។
តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់តាមផ្លូវ នៅម្ដុំឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥.១២.២០២៣ ហើយក្រុមគ្រួសារ ក៏បានដឹកសាកសពមកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ជនរងគ្រោះឈ្មោះ ជិន សុផាត ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតាឡើក ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជុំវិញការស្លាប់អ្នកជំងឺតាមផ្លូវនេះដែរ ក្រុមគ្រួសារសព បានបញ្ជាក់ប្រាប់ថា ដំបូងឡើយជនរងគ្រោះឈ្មោះ ជិន សុផាត គ្រាន់តែមានអាការៈមិនស្រួលខ្លួនធម្មតាប៉ុណ្ណោះ។
ដោយជំងឺបេះដូងត្បៀត និងលើសឈាម ប៉ុន្តែរូបគាត់អាចដើរបាន ជិៈម៉ូតូឬធ្វើការងារបានជាធម្មតា ក្នុងស្ថានភាពថប់តិចៗ។
លុះដល់ថ្ងៃទី២៣.១២.២០២៣ រូបគាត់ បានចូលសំរាកព្យាបាលនៅ”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”។ គ្រូពេទ្យបានឱ្យសំរាកនៅក្នុងគ្លីនិក ដើម្បីពិនិត្យវិនិច្ឆ័យរោគ និងវ៉ៃថ្នាំ បញ្ចុះឈាមជាបន្តបន្ទាប់! ជាហេតុនាំឱ្យអ្នកជំងឺ ចុះខ្សោយគ្មានកម្លាំង ក្លេតតែម្ដងសឹងតែត្រដរខ្យល់…!។
បើតាមគ្រួសាររងគ្រោះ ខណៈពេលកំពុងព្យាបាលនៅគ្លីនិក ខៀង សុគន្ធា គឺអាការៈរបស់អ្នកជំងឺម្ដងតឹងម្ដងធូរ។
ក្រោយទទួលការព្យាបាល រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥.១២.២០២៣ អាការៈអ្នកជំងឺឈ្មោះ ជិន សុផាត បានប្រែក្លាយទៅជាធ្ងន់ធ្ងរធ្វើទុក្ខខ្លាំង កាន់តែក្លេតទៅៗនិងត្រដរខ្យល់ គ្មានសង្ឃឹមថារស់..!។
ដោយមើលទៅមិនស្រួល ណាខ្លាចអ្នកជំងឺស្លាប់ក្នុងគ្លីនិកមានបញ្ហាដល់ខ្លួន គ្រូពេទ្យ នៅគ្លីនិក ខៀង សុគន្ធា បានទាមទារឱ្យបញ្ជូនអ្នកជំងឺឈ្មោះ ជិន សុផាត ចេញពី”មន្ទីរសម្រាកព្យាបាល និងសម្ពព ខៀង សុគន្ធា”យ៉ាងតក់ក្រហល់តែម្តង។
រហូតដល់ថ្ងៃទី២៩ ធ្នូ នេះបញ្ហាស្លាប់បុរសខាងលើនៅមិនទាន់មានការបញ្ជាក់ណាមួយអោយបានច្បាស់លាស់នោះទេ ៕