លិខិតបណ្តឹង
ខ្ញុំបាទឈ្មោះ ឡាច សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ប្រើលេខទូរសព្ទ 078 53 25 62 /097 57 05 391 ។
សូមគោរពជូន
ឯកឧត្តម រដ្ឋមន្រ្តី
ក្រសួងរៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី
កម្មវត្ថុ ៖ សុំប្តឹងលោក សុក កាន់ណារិទ្ធ ប្រធានប្រធានមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាល និង វ៉ន ចេក អនុប្រធានក្រុមវ៉ាស់វែង ស្រុកស្អាង ករណីលាក់លេខក្បាលដី និងផ្តល់របាយការណ៍ខុសទៅសាលាឧទ្ធរភ្នំពេញ ។
តបតាមកម្មវត្ថុខាងលើខ្ញុំបាទ សូមជម្រាបជូនឯកឧត្តម អោយបានជ្រាបថា ៖ ដោយសារខ្ញុំបាទ មានករណីប្តឹងផ្តល់គ្នាជាមួយភាគីម្ខាងទៀត ដល់សាលាឧទ្ធរ រួចទៅហើយ ដោយសារខ្ញុំបាទនិងបងប្រុសបង្កើតម្នាក់ទៀតមិនយល់ព្រមទទួលយកនូវដីកាសម្រេចរបស់សាលាដំបូងខេត្តកណ្តាល ក្នុងការបែងចែកទ្រព្យសម្បត្តិកេរ្តិ៍ពីឳពុកម្តាយ និងដីរបស់ខ្ញុំបាទដែលបានទិញផ្ទាល់ជាលក្ខណៈឯកជនចំនួន៣ប្លង់ទៀត យកមកកាត់ចែកគ្នាជា៦ចំណែក ។
ការប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ភ្នំពេញ មានរយៈពេលជិត៤ឆ្នាំមកហើយមិនទាន់អាចកាត់សេចក្តីថាយ៉ាងណានោះទេ ។ការបើកសវនាការលេខទី១ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២រហូតដល់ទី៤ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ( ការទាញហេតុផលផ្ទាល់មាត់ មានរយៈពេល១ឆ្នាំទៅ ទើបនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ នៃសាលាឧទ្ធរណ៍ភ្នំពេញ បានធ្វើលិខិតមក ប្រធានមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាល ដើម្បីស្នើចាត់មន្រ្តីចុះវ៉ាស់វែង និងពិនិត្យទីតាំងដីដែលកំពុងមានវិវាទ ។បានន័យថា ៖ អោយមន្រ្តីចុះពិនិត្យតើការបែងចែកកេរ្តិ៍មកតក ដី៦កន្លែងនោះ ជាន់លើដីលោកឡាច សុខ ដែលជាដីឯកជន ដែរ ឬទេ ? ។
លិខិតរបស់លាលាឧទ្ធរណ៍ភ្នំពេញ បានដាក់ចូល និងខាងមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាល បានវ៉ៃត្រាចូលនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ។ អស់រយៈពេលជិត៤ខែ ពោលគឺនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ទើបខាងមន្រ្តីសុរិយោដី ចុះពិនត្យ តែមិនដឹងវ៉ាស់វែងនឹងធ្វើរបាយការណ៍យ៉ាងណានោះទេ ទើបរយៈ៦ខែក្រោយមកខាងតុលាការនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានហៅខ្ញុំបាទ ទៅសាលាឧទ្ធរណ៍ ហើយប្រាប់ផ្ទាល់មាត់ថា ខុសលេខក្បាលដី ស្នើអោយមន្រ្តីសុរិយោដី ពិនិត្យម្តងទៀត (គ្រាន់ស្ថាប័នទាំងពីរបានឆ្លើយឆ្លងគ្នា ប្រើរយៈពេល១០ខែ) ។
ជាលើកទីពីរនៃការបញ្ជូនលិខិត សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានធ្វើលិខិតចេញ នឹងបានដាក់ចូលមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាលបានស៊ីញ៉េទទួល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គឺមានរយៈ១៨ថ្ងៃ (ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤)ទើបខាង សាលាឃុំកោះខែល បានកោះហៅរូបខ្ញុំបាទ ( ឡាច សុខ ) អោយទៅសាលាឃុំ តែត្រូវបានផ្អាកទៅវិញដោយសារភាគីម្ខាងទៀតមិនបានចូលរួម។ ត្រង់ចំណុចនេះខ្ញុំបាទមានចំងល់ថា ហេតុដូម្តេចត្រូវហៅភាគីម្ខាងទៀតអោយមកចូលរួមដែរ ? (មកជួបគ្នាមានតែឈ្លោះគ្នា ) ។ប្រសិនបើហៅភាគីម្ខាងទៀតមក គេប្រាកដមិនយល់ស្រប ទទួលស្គាល់ដីទាំង៣ប្លង់របស់ខ្ញុំបាទនោះទេ ។ ដី៣ប្លង់នេះ ខ្ញុំបាទមានលិខិតទិញលក់ និងលិខិតបញ្ជាក់ពីមេភូមិ មេឃុំចាស់ ជាសំអាង ឯម្ខាងទៀតមិនមានអីសំអាងទេ គឺគ្រាន់តែមានមាត់និយាយជំទាស់មិនអោយចុះបញ្ជីរប៉ុណ្ណោះ ។ ពាក់ព័ន្ធបញ្ហានេះតើទង្វើរបស់ប្រធានមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាល និង លោក វ៉ន ចេក មានចេតនាឃុបឃិត និងអំលៀងទៅភាគីម្ខាងទៀតដែរឬទេ ? ព្រោះកន្លងមកខ្ញុំបាទក៏បានប្តឹងជំទាស់ភាគីម្ខាងទៀត( ឡាច តិចលី) មិនអោយចុះបញ្ជីរដែរ តែលោក វ៉ន ចេក មិនព្រមទទួល ហើយបានមកសម្របសម្រួលអោយចែកទ្រព្យទៅបងស្រី ឡាច តិចលី ពាក់កណ្តាល ដើម្បីបញ្ចប់រឿង ។
ខ្ញុំបាទសូមជម្រាបជូនឯកឧត្តម អោយបានជ្រាបថា ៖ គ្រួសារខ្ញុំបាទមាន បងប្អូនបង្កើត៥នាក់ ។ នៅឆ្នាំ១៩៨០ជាង រដ្ឋអំណាច បានចែកដីផ្ទះ ដីស្រែ ទៅអោយបងៗ មាន ឡាច ឈុន និង ឡាច តិចលី បានចំណែកស្មើៗគ្នា ។ ឯចំណែក ខ្ញុំបាទ និងបងប្អូន២នាក់ទៀត រស់នៅក្នុងបន្ទុកម៉ែឳ សរុបសមាជិក មាន៥នាក់ ក៏រដ្ឋបានចែកដីផ្ទះ និងដីស្រែ ដូចបងៗ ២នាក់ខាងលើនោះដែរ ។ លុះនៅឆ្នាំ១៩៩៧បងស្រី ឡាច តិចលី បានឡើងពីប៉ោយប៉ែត ចុះឡើងៗ តែម្នាក់មកស្នាក់នៅផ្ទះម៉ែឳ ។ លុះក្រោយពីឳពុកម្តាយបានទទួលមរណៈភាពអស់ទៅ បងបងស្រី ឡាច តិចលី បានទាមទារកេរ្តិ៍ដីផ្ទះ និងដីស្រែ ដែលជាចំណែករបស់ឳពុក និងបងប្អូនខ្ញុំបាទ៣នាក់ ទៅតុលាការ ។ តុលាការបានបែងចែកជា៦ចំណែក ដែលធ្វើអោយបងប្អូនខ្ញុំមិនសុខចិត្ត ព្រោះពួកគាត់មានចំណែករួចអស់ទៅហើយ នៅឡើយតែបងប្អូនខ្ញុំបាទ ៣នាក់មិនទាន់ទទួលបានអ្វីទាំងអស់ ។ ។ ត្រង់ចំណុចនេះ ប្រសិនបើមន្រ្តីសុរិយោដី មិនបានបង្ហាញលេខក្បាលដីទាំងនោះ ទៅភាគី ឡាច តិចលី នោះទេ ក៏តុលាការមិនអាចកាត់ក្តីចូលប្លង់ដីដែលខ្ញុំបានទិញឯកជននោះដែរ ។
អាស្រ័យហេតុនេះ សូមឯកឧត្តមមេត្តា ពិនិត្យមន្រ្តីខាងលើ តើពួកគាត់ជាមន្រ្តីបម្រើរាស្រ្តដោយស្មោះត្រង់ ឬ មានគំនិតអាក្រក់ មកលើរូបខ្ញុំបាទ ដោយធ្វើមិនព្រមទទួលស្គាល់ បង្ហាញលេខក្បាលដីនិងបង្កាន់ដៃដល់ខ្ញុំបាទ ទោះខ្ញុំបាទមានលិខិតទិញលក់ លិខិតបញ្ជាក់ពីមេភូមិ មេឃុំយ៉ាងណាក៏ដោយ ពិសេសមន្រ្តីនោះបានធ្វើរបាយការណ៍ខុសបញ្ជូនទៅសាលាឧទ្ធរ ធ្វើអោយពេលវេលាកាន់តែអូសបន្លាយ យូរឆ្នាំទៅមុខទៀត ។
ខ្ញុំបាទសូមបញ្ជាក់ថា ៖ ដោយសារបញ្ហាក្តីក្តាំនេះ ខ្ញុំដើរខ្ចីលុយគេតែ៥ម៉ឺនរៀលក៏គេមិនអោយផង ។ខ្ញុំបាទរាល់ថ្ងៃដើរបេះម្ទេស ធ្វើស្មៅអោយគេ មិនមានជីវភាពធូរធារដូចភាគីឡាចតិចលី នោះទេ សូម្បីតែមេធាវី ក៏ខ្ញុំបាទមិនអាចរកការពឹងពាក់អោយគេមកជួយនោះដែរ ។ ហើយមួយវិញទៀត រឿងប្តឹងផ្តល់នេះ មានប្រជាជនជាច្រើននាក់បានផ្តិតមេដៃគាំទ្រខ្ញុំបាទ ពិសេសមេភូមិ និងមេឃុំចាស់ ពួកគាត់អាណិតដល់ខ្ញុំបាទណាស់ និងរង់ចាំមើលពន្លឺយុត្តធម៌ជាង៤ឆ្នាំមកហើយ ដែលបងស្រីបានដេញខ្ញុំបាទចេញពីផ្ទះ ទោះមានសាលក្រមតុលាការអោយខ្ញុំចូលរស់នៅផ្ទះដែលខ្ញុំបាទបានកើតតាំងទារករហូតដល់សព្វថ្ងៃនេះក៏ដោយ ។ កន្លងមកបងស្រីបានបោះពាក្យថា សុខចិត្តបោះសាច់អោយតុលាការស៊ី ប្តឹងហ្អែងអោយស៊ីបាយក្រហមអោយទាល់តែបាន ។
ខ្ញុំបាទជាប្រជាជនក្រីក្រប្រភេទ២ មិនមានលទ្ធភាពតតាំងជាមួយអ្នកមានលុយនោះទេ មានតែលើកម្រាមដៃ១០សុំដល់ឯកឧត្តម អោយជួយប៉ុណ្ណោះ ។ ឯកឧត្តមអាចចាត់មន្រ្តីណា ចុះមកស៊ើបប្រវត្តិខ្ញុំបាទ នោះប្រាកដជាដឹងការពិត ព្រោះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ខ្ញុំបាទមិនហ៊ានរាយការណ៍កុហក់ឯកឧត្តមនោះទេ ។
ជាចុងបញ្ចប់នេះ ខ្ញុំបាទសូមជូនពរឯកឧត្តម និងលោកជំទាវ
សូមជួបប្រទះនឹងពុទ្ធពរ ទាំង៥ប្រការកុំឃ្លៀងឃ្លាតឡើយ ៕
ខេត្តកណ្តាល.ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤
ហត្ថលេខា ឬ ស្នាមមេដៃ
ឡាច សុខ