រាជធានីភ្នំពេញ ៖ លោក សុក កាន់ណារិទ្ធ ប្រធានប្រធានមន្ទីររៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដី ខេត្តកណ្តាល និង វ៉ន ចេក អនុប្រធានក្រុមវ៉ាស់វែង ស្រុកស្អាង ត្រូវបានប្រជាពលរដ្ឋប្តឹងករណីលាក់លេខក្បាលដី និងផ្តល់របាយការណ៍ខុសទៅសាលាឧទ្ធរភ្នំពេញ ទៅឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរួបនីយកម្មសំណង់និងសុរិយោដីដើម្បីអោយជួយអន្តរាគមន៍ និងមានវិធានការចំពោះមន្រ្តីទាំង២ខាងលើ ។
យោងតាមពាក្យបន្តឹងចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ និងខាងមន្រ្តីក្រសួងស៊ីញ៉េទទួលនៅថ្ងៃដដែលនោះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរូបនោះ មានឈ្មោះឡាច សុខ អាយុ៥៤ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានកើតទុក្ខមិនសុខចិត្តចំពោះទង្វើរបស់មន្រ្តីទាំង២ខាងលើ ដែល បានលាក់លេខក្បាលដីចំនួន៣កន្លែង ដែលរូបគាត់បានទិញ ដោយមានការបញ្ជាក់ប្រវត្តិដីពីលោកមេភូមិ មេឃុំផងដែរ នៅតែមន្រ្តីទាំង២នេះ មិនព្រមចុះបញ្ជីអោយគាត់ ហើយបែរផ្តល់លេខក្បាលដីនេះទៅភាគីម្ខាងទៀត ដើម្បីប្តឹងទៅតុលាការ ធ្វើតុលាការសាលាដំបូងខេត្តកណ្តាលកាត់ក្តីចែកកេរ្តិ៍មកតក ជា៦ចំណែក ដោយទាំងដីទិញរបស់គាត់ ។
លិខិតនោះបានបន្តថា គ្រាន់តែរឿងនេះក្តីនេះ លោកបានប្រើពេលជិត៤ឆ្នាំទៅហើយ ពោលគឺដីជាចំណែកទិញរបស់គាត់ត្រូវបានគេគ្របទុកមិនអោយលក់ដូរ បញ្ជាំ អ្វីទាំងអស់។ ឯភាគីម្ខាងទៀត រូបគាត់ក៏បានប្តឹងជំទាស់ទៅមន្រ្តីឈ្មោះ វ៉ន ចេក ដែរតែលោកមិនទទួលពាក្យ ដោយរុញទៅប្តឹងឃុំ តែទីបំផុតលោក វ៉ន ចេក បានចេញបង្កាន់ដៃដីជាច្រើនកន្លែងទៅអោយភាគីម្ខាងទៀត ដោយមិនខ្វល់ពីបណ្តឹងរបស់លោកនោះទេ ។
ការដែលលោក សម្រេចចិត្តប្តឹងមន្រ្តីទាំង២នេះទៅរដ្ឋមន្រ្តី គឺសុំអោយរដ្ឋមន្រ្តីមេត្តាពិនិត្យនិងប្រគល់ក្បាលដីពិតប្រាកដទៅសាលាឧទ្ធរភ្នំពេញក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ ៦៦(ដ)ចុះថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ព្រោះថារឿងនេះបានប្រើពេលយូរណាស់ហើយ។ លើកទី១ គ្រាន់លិខិតពីសាលាឧទ្ធរ ស្នើអោយមន្រ្តីសុរិយោដីចុះពិនិត្យផ្ទៀងផ្ទាត់ដីប្លង់របស់ខ្ញុំបាទគឺខាងសុរិយោដីបានចំណាយពេលអស់៤ខែ បានបញ្ជូនមន្រ្តីចុះពិនិត្យ ។ដល់ពេលចុះពិនិត្យមន្រ្តីសុរិយោដី បានបញ្ជូនរបាយការណ៍ទៅសាលាឧទ្ធរ រយៈពេលជិត៦ខែ បានសាលាឧទ្ធរពិនិត្យឃើញថា ខុស ស្នើអោយមន្រ្តីសុរិយោដីពិនិត្យម្តងទៀត ។ រឿងនេះលោកហាក់អស់សង្ឃឹមទៅនឹងមន្រ្តីសុរិយោដី ដែលធ្វើការមិនយោងតាមឯកសារច្បាស់ លាស់បែរជាយោងតាមមាត់ភាគីម្ខាងទៀតទៅវិញ ។ការចុះពិនិត្យលើកណា ក៏ខាងមន្រ្តីផ្តល់ដំណឹងទៅភាគីម្ខាងទៀតអោយមកចូលរួមផងដែរ ជាជាក់ស្តែងលើកទី២នេះ ខាងសាលាឃុំកោះខែលបានកោះហៅ តែភាគីម្ខាងទៀតមិនបានមកចូលរួម ខាងសុរិយោដី ក៏លើកពេលជួបគ្នា ហើយមិនដឹងពេលបានជួបនោះទេ ។លោក ឆ្ងល់ថាហេតុអី មន្រ្តីសុរិយោដី ត្រូវអោយភាគីម្ខាងទៀតមកចូលរួមដែរ បើឯកសាររបស់លោកមានគ្រប់គ្រាន់អស់ទៅហើយនោះ ។
លោកបានបញ្ជាក់ថា រឿងនេះកើតឡើងជារឿងក្នុងរវង់គ្រួសារបងប្អូនបង្កើតនឹងគ្នា ។ ដែលភាគីម្ខាងទៀតជាបងស្រីបង្កើត កាលពីជំនាន់ឆ្នាំ១៩៨០ជាងរដ្ឋបានចែកដីផ្ទះ និងដីស្រែមួយចំណែករួចទៅហើយ ។ ដោយឡែករូបលោកនិងបងប្អូន២នាក់ទៀត រស់នៅក្នុងបន្ទុកឳពុកម្តាយ មានសមាជិក៥នាក់ ក៏បានដីផ្ទះ និងដីស្រែចំការមួយចំណែកផងដែរ ។ លុះនៅឆ្នាំ១៩៩៧ បងស្រីឈ្មោះ ឡាច តិចលី ក៏បានឡើងចុះ និងបានមកស្នាក់នៅជាមួយឪពុកម្តាយ និងជាមួយបងប្អូនលោកផងដែរ ។ លុះក្រោយពីឳពុកម្តាយ បានទទួលមរណភាពអស់ទៅ បងស្រីបានកើតជំងឺលោភលន់ដោយចង់អោយបងប្អូន៣នាក់ចែកទ្រព្យសម្បត្តិកេរ្តិ៍របស់ឳពុកម្តាយ ទៅអោយគាត់មួយចំណែកផងដែរ តែបងប្អូនគាត់ មិនព្រមទើបរូបគាត់ឡាចតិចលី បានប្តឹងទៅតុលាការ បានកាត់ក្តីជា៦ចំណែក ទើបធ្វើអោយលោកប្តឹងទៅទាស់ទៅសាលាឧទ្ធរតាំងពីឆ្នាំ ២០២០មកម្លេះ ។
លោកបញ្ជាក់ថា ៖រឿងរ៉ាវកើតឡើងរញ៉េរញ៉ៃនេះ គឺបណ្តាលមកពី លោក វ៉ន ចេក និង លោកប្រធានមន្ទីរ មិនព្រមបើកភ្នែកមើលឯកសាររបស់លោក ពិសេសរឿងនេះ មានប្រជាជននៅភូមិស្វាយជួរជាច្រើនរយនាក់បានអាណិតនឹងផ្តិតមេដៃ គាំទ្ររកយុត្តិធម៌ជាមួយលោកផងដែរ ។
ជាចុងក្រោយលោកស្នើអោយអ្នកច្បាប់ជួយរកយុត្តិធម៌ដល់រូបគាត់ផង តើបងស្រីបង្កើតធ្វើនេះស្របតាមច្បាប់ទេ ដីរបស់គាត់ គាត់ទុកនិងបានធ្វើចំការជាច្រើនកន្លែង តែដល់ដីប្អូនៗវិញ គាត់ប្តឹងទៅតុលាការដើម្បីយកចំណែក ដោយសំអាងថាបានធ្វើបុណ្យម៉ែឪ អស់លុយច្រើន ។