រាជធានីភ្នំពេញ : អស់រយៈពេលជិត១ខែទៅហើយ ដែលលោក ប៊ុន កែវឡុង ជាប្រជាពលរដ្ឋធម្មតា រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វើលិខិតទៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីប្តឹងមន្រ្តី២នាក់ មានឈ្មោះ សុក កាន់ណារិទ្ធិ ប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងលោកស្រី មាន សុទ្ធី ភូមិបាលស្រុកមុខកំពូល ព្រមទាំងបក្ខពួក ផ្សេងទៀត ដោយចោទប្រកាន់ថា ពួកគេបានពាក់ព័ន្ធក្នុងការគប់គិតគ្នាចេញប័ណ្ណកម្មសិទ្ធិមានភាពមិនប្រក្រតី គ្របលើដីរបស់ដើមបណ្ដឹងចំនួនជាង២០ហិកតា ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ឈ្មោះ ប៊ុន កែវឡុង បានរៀបរាប់ថា កាលពីអំឡុងឆ្នាំ២០០៦ មានឈ្មោះ នៅ សៀម បានទិញដីទំហំ២៦៤,២៣៦.១២ម៉ែត្រការ៉េ ស្ថិតនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ពីប្រជាពលរដ្ឋជាម្ចាស់ដីដើមចំនួន ១១គ្រួសារ ដោយមានលិខិតស្នាមដែលអាជ្ញាធរភូមិ ឃុំ និងស្រុក ទទួលស្គាល់តាមកំណត់ច្បាប់។
បន្ទាប់ពីទិញដីនោះពីប្រជាពលរដ្ឋ ឈ្មោះ នៅ សៀម បានអនុញ្ញាតិឱ្យប្រជាពលរដ្ឋជាម្ចាស់ដើមទាំង ១១គ្រួសារ បន្តអាស្រ័យផលបណ្ដោះអាសន្ន ដើម្បីជួយមើលដីជូនគាត់រហូតដោយពុំមានទំនាស់អ្វីទាំងអស់។
លោក ប៊ុន កែវឡុង បន្តថា នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានទិញដីខាងលើបន្តពីឈ្មោះ នៅ សៀម ដោយមានលិខិតផ្ទេរកម្មសិទ្ធិដែលមានការចូលរួមវាស់វែងជាក់ស្ដែងលើទីតាំងដី ដើម្បីកសាងប្លង់ដោយមានការចូលរួម និងទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ស្រុក និងបានបង់ពន្ធប្រថាប់ត្រាជូនរដ្ឋត្រឹមត្រូវតាមកំណត់ច្បាប់។
បន្ទាប់ពីបានទិញដីនោះពីឈ្មោះ នៅ សៀម លោក ប៊ុន កែវឡុង បានកាន់កាប់អាស្រ័យផលដោយសន្តិវិធី និងស្របតាមច្បាប់ដោយគ្មានបណ្ដឹងតវ៉ាអ្វីឡើយ។ លុះដល់អំឡុងចុងឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងឱ្យប្រជាពលរដ្ឋធ្វើប្លង់រឹងជាប្រព័ន្ធ ឈ្មោះ ប៊ុន កែវឡុង បានចូលរួមជាមួយអាជ្ញាធរពាក់ព័ន្ធ និងអ្នកជាប់ព្រំចុះទៅវាស់វែង និងបំពេញបែបបទតាមច្បាប់កំណត់ ដោយទទួលបានបង្កាន់ដៃស្របច្បាប់ត្រឹមត្រូវពីមន្ត្រីវិនិច្ឆ័យ ចំនួន ០៦ក្បាលដីរួមមាន៖ ក្បាលដីលេខ ៣០៤០, ២៨០៤, ៣០៣០, ៣០២៩, ៣០៣១ និងក្បាលដីលេខ ២២៥១។
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ ប៊ុន កែវឡុង បានទទួលព័ត៌មានថា មានឈ្មោះ ជា ស៊ីណា បានដាក់ពាក្យស្នើសុំធ្វើប្លង់រឹងលើដីទំហំ ៨០ហិកតា និងឈ្មោះ ហៀ ហ៊ីន បានដាក់ពាក្យស្នើសុំធ្វើប្លង់រឹងលើដីទំហំ ១០ហិកតា ដែលពួកគេបានទិញពីឈ្មោះ ភឺន ផល្លា ដោយទីតាំងដីដែលបានស្នើសុំធ្វើប្លង់រឹងនោះ គឺជាន់គ្នាលើទីតាំងដីរបស់ខ្លួនដែលមានការចុះវាស់វែងធ្វើប្លង់រឹងជាប្រព័ន្ធរួចហើយ ទើបឈ្មោះ ប៊ុន កែវឡុង បានសម្រេចដាក់ពាក្យប្ដឹងតវ៉ាជំទាស់គ្រប់នីតិវិធីនៃការចេញប្លង់រឹងឱ្យទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ជាបណ្ដោះអាសន្ន ដើម្បីរងចាំការដោះស្រាយ ស្វែងរកទីតាំង និងព្រំដីជាក់ស្ដែងដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន បានទិញពីឈ្មោះ ភឺន ផល្លា ឱ្យបានត្រឹមត្រូវជាមុនសិន។
លោក ប៊ុន កែវឡុង ថ្លែងថា បើទោះជាខ្លួនបានដាក់ពាក្យប្ដឹងតវ៉ាតាមកំណត់ច្បាប់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងអាជ្ញាធរជំនាញ ចាប់តាំងពីឃុំ ស្រុក ខេត្ត រហូតដល់ក្រសួងដែនដី ចំនួន ២លើក នូវគ្រប់នីតិវិធីនៃការកសាងប្លង់រឹងទៅឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន យ៉ាងណាក៏ដោយ ក៏ពុំមានអាជ្ញាធរពាក់ព័ន្ធណាកោះហៅគូភាគីពាក់ព័ន្ធដើម្បីចូលខ្លួនដោះស្រាយវិវាទឡើយ បែរជាចេញប្លង់រឹងឱ្យទៅឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន យ៉ាងឆាប់រហ័ស។
បញ្ហានេះត្រូវបានប្រជាពលរដ្ឋលើកឡើងថា ម្ចាស់បណ្តឹងប្រហែលមិនអាចរកយុត្តិធម៌ ឬ បើកការស្រាវជ្រាវឡើងវិញបាននោះទេ ព្រោះថាដីដែលលោកឧកញ៉ាភឺន ផល្លា បានលក់ទៅអោយអ្នកផ្សេងនោះក៏ជាអ្នកមានតួនាទីធំដែរ បានន័យថា សុទ្ធតែអ្នកធំទៅហើយ តើត្រឹមប្រជាជនតូចតាចអាចតតាំងបានកំរិតណា ។
ទោះជាយ៉ាងណាខាងភាគី ភឺន ផល្លា ក៏មានលិខិតសំអាងដែរ ទើបមន្រ្តីទាំងនោះ អាចចេញប្លង់ក្នុងអំឡុងពេលតវ៉ា បានដោយរលូន និងមិនខ្វល់ពាក្យបណ្តឹងនោះ ៕