កាស៊ីណូព្រែកចាក សៃវៀនវីម៉ាន់
ប្រកាសរកដៃគូប្រកួតមាន់ជល់
គីឡូខ្នាតធំៗដើមផាន់ចាប់ពី៣០០០ដុល្លារ- ១០០០០ដុល្លា និងមានរង្វាន់ម៉ូតូនៅថ្ងៃអាទិត្យផងដែរ
ខេត្តកំពត៖ លោក Vorn Nine ដែលមហាជនមួយចំនួន ពិសេសក្រុមអ្នកញៀនល្បែងបក្សីកីឡាស្គាល់យ៉ាងច្បាស់ថា ជាម្ចាស់ភាគហ៊ុនធំជាងគេល្បែងសង្វៀនជល់មាន់ នៅកាស៊ីណូ វីម៉ាណ ១៦៨ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ Farm Vorn Nine – V9 បានធ្វើការប្រកាសជាចំហដល់ក្រុមអ្នកស្នេហាបក្សីកីឡា ដើម្បីរកដៃគូប្រកួតគីឡូខ្នាតធំៗដើមផាន់ចាប់ពី៣០០០ដុល្លារ (បីពាន់ដុល្លារ) ដល់១០០០០ដុល្លារ (មួយម៉ឺនដុល្លារ)។
ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Farm Vorn Nine – V9 រូបនេះបានបញ្ជាក់ថា រៀងរាល់ថ្ងៃច័ន្ទ , អង្គារ , ពុធ , ព្រហស្បតិ៍ សុក្រ , សៅរ៍ មាន់ជល់ឈ្នះ៣ ដើមផាន់ ៦០មុឺនឡើងទៅ ទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមចំនួន១,០០០,០០០រៀល (មួយលានរៀល)។ ដោយឡែកសម្រាប់ថ្ងៃអាទិត្យ គឺជាថ្ងៃពិសេស មាន់ជល់ឈ្នះ៤ ដើមផាន់ចាប់ពី ១,១០០,០០០រៀល (មួយលាន ដប់មុឺន)ឡើងទៅ និងទទួលបានរង្វាន់ម៉ូតូ Scoopy Smart Key ចំនួនមួយគ្រឿងផងដែរ។
បើតាមប្រភពបានឱ្យដឹងថា លោក Vorn Nine កំពុងតែបើកល្បែងដូចជា បក្សីកីឡា (ជល់មាន់) បៀ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ដោយជ្រកក្រោមច្បាប់ កាស៊ីណូ វីម៉ាណ ១៦៨ ថែមទាំងបានអនុញ្ញាតឱ្យមានបងប្អូនប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងផ្ទុយពីច្បាប់កាសុីណូ ដែលមានការអំពាវនាវស្នើទៅដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជួយពិនិត្យ និងមានវិធានការលើទីតាំងល្បែងខាងលើនេះផង។
សូមជម្រាបថា ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត ត្រូវពិនិត្យឡើងវិញជាបន្ទាន់លើល្បែងផ្សងសំណាងគ្រប់ប្រភេទ។ ទន្ទឹមនឹះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាង ឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស៕