រាជធានីភ្នំពេញ ៖ មហាជនដែលបានជិះឆ្លងកាត់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ពីខាងលិចឆ្លងទៅខាងកើតស្ពាន ប្រាកដជានាំគ្នាស្ងើចសសើរអំពើសំណង់ដ៏ធំមហិមាមួយកន្លែងនៅខាងឆ្វេងដៃ ដែលបានសង់បង្ហួតរាងយ៉ាងសង្ហា ពីក្បាច់ក្បូរនឹងការចាក់គ្រឹះយ៉ាងរឹងម៉ាំចូលមកចំណីទន្លេ ដើម្បីទប់លំនឹងកុំអោយរបងផ្ទះបាក់ចូលទន្លេ ។
មហាជនដែលបានផ្ញើរូបមក អង្គភាពសារព័ត៌មាន ព្រះនរាយណ៍ ហើយបានសួររបៀបឆ្ងល់ថា ៖ ម្ចាស់ភូមិគ្រឹះ ចាក់គ្រឹះសង់បំពានចំណីទន្លេស្ថិតនៅ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតើគេរត់ច្បាប់ដល់ក្រសួងដែនដី ឬមួយយ៉ាងណា ទើបគេអាចចាក់ខ្សាច់ឃាំងទឹក បានយ៉ាងនេះ ?
ប្រភពដដែលបានបង្ហើបថា រឿងចាក់ថ្មចូលទន្លេ នៅខេត្តកំពង់ចាម ហេតុអីអ្នកលេងបណ្តាញសង្គម និងអ្នកព័ត៌មាន បាននាំព្រួតវ៉ៃមិនដកដៃ តែបែរជាសំណាងម្ចាស់ភូមិគ្រឹះមួយនេះវិញ ហាក់អ្នកព័ត៌មានខ្លះ និងអ្នកលេងបណ្តាញសង្គមមិននាំនិយាយឬមួយខ្សែ ម្ចាស់ភូមិគ្រឹះនេះ ជាអ្នកមានអំណាច ដែលពួកគេមិនហ៊ានប៉ះ ។
ពាក់ព័ន្ធបញ្ហានេះ ក្រុមការងារយើងកាលពីថ្មីៗនេះ បានធ្វើការទំនាក់ទំនងជួបដោយផ្ទាល់ជាមួយចៅសង្កាត់ព្រែកថ្មី
។ពេលជួបនោះលោកចៅសង្កាតើមិនបានផ្តល់ព័ត៌មានអ្វីនោះទេ គឺលោកបានរុញអោយទៅសួរ លោកចៅហ្វាយខណ្ឌច្បារអំពៅ ។ ដល់ពេលក្រុមការងារយើងទាក់ទងទៅលោកអភិបាលខណ្ឌច្បារអំពៅ តាមរយៈទូរសព្ទលោកក៏បានឆ្លើយតបថា សូមទៅជួបចៅសង្កាត់ទើបដឹង ។ សូមបញ្ជាក់ថា ៖សំណួរដែលក្រុមការងារយើងចង់ដឹង ហើយដើម្បីយកទៅប្រាប់មហាជនវិញនោះ គឺចង់សួរថា ៖តើភូមិគ្រឹះនេះបានសាងសង់ទៅតាមច្បាប់ក្រឹតក្រមហើយឬនៅ ? ៕