ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បែកធ្លាយរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុ ពីការអង្គេតស្រាវជ្រាវករណីវិវាទរវាងប្រជាពលរដ្ឋ និងឈ្មោះ ភឺន ផល្លា នៅស្រុកព្រៃនប់ ដោយរកឃើញថា ឯកសាររបស់លោក ភឺន ផល្លា មានភាពមិនប្រក្រតី និងមានតម្រុយជាឯកសារក្លែង

 

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គភាពសារព័ត៌មាន ព្រះនរាយណ៍ បានទទួលឯកសារមួយច្បាប់មាន១០កំរាស់១០ទំព័រ ដែលជារបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ដាក់ទៅរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពីលទ្ធផលអង្កេតស្រាវជ្រាវករណីវិវាទរវាងឈ្មោះ ភឺន ផល្លា និងប្រជាពលរដ្ឋនៅភូមិអូរតាសេក និងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យោងតាមលិខិតលេខ ០៧៨/២១ រ.ប.ក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលមានចុះហត្ថលេខា របស់លោក គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ ត្រង់ទំព័រទី៧, ទី៨, ទី៩ នៃលិខិត បានបញ្ជាក់ថា៖-យោងតាមកំណត់ហេតុអង្កេតដីចំនួន ១០៨ប័ណ្ណ ដែលការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកព្រៃនប់ និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលឈ្មោះ ភឺន ផល្លា បានដាក់ជាភស្ដុតាង ជូនក្រុមការងាររួមមាន៖ កិច្ចសន្យាទិញ-លក់ដី ចុះថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ និងលិខិតប្រគល់ទទួលប្រាក់ចំនួន ០៤ដំណាក់កាល ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖*ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកិច្ចសន្យាទិញ-លក់ដីជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ីម៉ី ដែលផ្ដិតលើកំណត់ហេតុអង្កេតដី លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្ដាច់ មានស្នាមក្រយៅ មិនដូចគ្នា។

*ផ្ទៀងផ្ទាត់ស្នាមមេដៃរបស់ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើលិខិតប្រគល់-ទទួលប្រាក់ទាំង ០៤ដំណាក់កាល ជាមួយស្នាមមេដៃរបស់ ជិន យានមិង និង ចូវ ស៊ូម៉ី ដែលផ្ដិតលើកំណត់ហេតុអង្កេតដីលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណឆ្នាំ១៩៩២ ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងលិខិតលក់ផ្ដាច់ មានស្នាមក្រយៅ មិនដូចគ្នា។

លិខិតនោះបានបញ្ជាក់បន្តទៀតថា*យោងលិខិតលេខ ០៤២ សជណ/អអ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍នៃក្រសួងមហាផ្ទៃ ស្ដីអំពីទិន្នន័យអន្តោប្រវេសន៍ចេញ-ចូលប្រទេសកម្ពុជា ដែលមានភ្ជាប់មកជាមួយតារាងទិន្នន័យចេញ-ចូល របស់លោក ជិន យានមិង ភេទ ប្រុស ថ្ងៃកំណើត ១៥-មីនា-១៩៥៩ កាន់លិខិតឆ្លងដែនលេខ 301588052/351922438 និងឈ្មោះ ចូវ ស៊ូម៉ី ភេទ ស្រី ថ្ងៃកំណើត ០១-កុម្ភៈ-១៩៥៨ កាន់លិខិតឆ្លងដែនលេខ 302802871/351922437 ក្រុមការងារបានរកឃើញភាពមិនប្រក្រតីដូចខាងក្រោម៖*នៅថ្ងៃចុះកិច្ចសន្យាទិញ-លក់ ក្នុងតម្លៃដី ២៦.២៨០.០០០ ដុល្លារ ធ្វើឡើងរវាងភាគីអ្នកលក់ ឈ្មោះ ជិន យានមិង និង ចូវ ស៊ូម៉ី និង ភាគីអ្នកទិញឈ្មោះ ភឺន ផល្លា ដែលបានធ្វើឡើងនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦ នៅចំពោះមុខមេធាវី នួន បូរ៉ា។ តាមការផ្ទៀងផ្ទាត់តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី ឃើញថា ជនជាតិចិនតៃវ៉ាន់ទាំង០២រូបនេះ ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃទីចុះកិច្ចសន្យា ដូចការបំភ្លឺ និងការដាក់ភស្តុតាងជាឯកសាររបស់ឈ្មោះ ភឺន ផល្លា នោះទេ។*នៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ ចំនួន ០៤ដំណាក់កាលរួមមាន៖ លើកទី១- នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៦, លើកទី២-នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦, លើកទី៣-នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ និងលើកទី៤- នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមការផ្ទៀតផ្ទាត់តារាងទិន្នន័យចេញ-ចូលប្រទេសកម្ពុជា របស់ឈ្មោះ ជិន យានមិង និងឈ្មោះ ចូវ ស៊ូម៉ី ឃើញថាជនជាតិចិនតៃវ៉ាន់ទាំង២រូបនេះ ពុំមានវត្តមាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃធ្វើលិខិតប្រគល់-ទទួលប្រាក់ទាំង ០៤ដំណាក់កាល ដូចការបំភ្លឺ និងការដាក់ភស្ដុតាងជាឯកសាររបស់ឈ្មោះ ភឺន ផល្លា នោះទេ។

របាយការណ៍បានសសេរថា ៖ សំណុំឯកសាររបស់លោក ភឺន ផល្លា ដែលភ្ជាប់មកជាមួយដីកាបញ្ជូនលេខ ៩៧០ ខន/០២០ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ផ្ទៀងផ្ទាត់ជាមួយសំណុំឯកសារដែលលោក ភឺន ផល្លា ដាក់ជូនមករដ្ឋបាលខេត្ត ក្រុមការងារពិនិត្យឃើញថាស្នាមមេដៃលើឯកសារដែលបានភ្ជាប់មកជាមួយមានភាពខុសគ្នា ។

*យោងតាមលិខិតលេខ ០៤៦ រប/បស្ថ ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន បានគោរពរាយការណ៍ជូន សម្ដេចតេជោនាយករដ្ឋមន្ដ្រី លើសំណើររបស់លោក ភឺន ផល្លា ស្នើសុំចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើដីទំហំ ៦២៦ហិកតា ស្ថិតនៅភូមិអូរតាសេក និងភូមអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីនេះក្រសួងទាំងពីរ បានធ្វើរបាយការណ៍គោរពជូនយោបល់ សម្ដេចតេជោ ពុំយល់ព្រមតាមការស្នើសុំ ព្រោះទីតាំងដែលស្នើសុំ បានជាន់លើដីរបស់ប្រជាពលរដ្ឋ និងបានជាន់លើដីឧទ្យានជាតិព្រះសីហនុ រាម ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចំណារឯកភាពតាមការជូនយោបល់នេះ ។

ពាក់ព័ន្ធការបំភ្លឺអះអាងរបស់ឈ្មោះ ភឺន ផល្លា និងការផ្តល់ភស្តុតាងជាឯកសារដែលឈ្មោះ ភឺន ផល្លា បានដាក់ជូនខុទ្ទកាល័យសម្តេចតេជោ និងជូនក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ មានដូចជា ៖ កិច្ចសន្យាទិញ លក់ដី លិខិតប្រគល់ ទទួលប្រាក់ និងឯកសារផ្សេងៗទៀត ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុឃើញថា ៖ ការបំភ្លឺ និងភស្តុតាងជាឯកសារនោះ សង្ស័យមានភាពមិនប្រក្រតី និងមានតម្រុយជាឯកសារក្លែង ។

ទោះជាយ៉ាងណា លោក លីវណ្ណៈ កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ បានព្យាយាម ទំនាក់ទំនងទៅលោក ភឺន ផល្លា ដោយផ្ទាល់តាមតេឡេក្រាម ដោយចង់ដឹងថា ៖តើ លោកមានការបំភ្លឺបែបណា ចំពោះឯកសាររបស់លោក ដែលរដ្ឋបាលខេត្តព្រះសីហនុថា មានភាពមិនប្រក្រតី និងមានតម្រុយជាឯកសារក្លែងនោះ គឺលោកមិនបានឆ្លើយអោយចំគោលដៅនោះទេ ។

មហាជនតែងតែឭឈ្មោះ លោក ភឺន ផល្លា មានវិវាទរឿងដីធ្លីជាច្រើន ជាមួយប្រជាពលរដ្ឋ ក៏មាន ជាមួយអ្នករកស៊ីដូចគ្នាក៏មាន និងជាមួយតំណាងរាស្រ្ត ក៏មាន គឺមានមិនចេះចប់ មិនចេះហើយ តែលើកនេះមហាជនសំណូមពរ អោយមានការបើកការស៊ើបអង្កេត ។
ប្រសិនបើរកឃើញពិតប្រាកដថា ឯកសាររបស់ភឺន ផល្លា ពិតជាមានភាពមិនប្រក្រតីមែននោះ សូមអោយអនុវត្តន៍ច្បាប់តែម្តង ព្រោះថាតាមដឹងមានប្រជាពលរដ្ឋមួយចំនួនទៀតកំពុងចាំរកយុត្តិធម៌ផងដែរ ៕

 

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com