បាត់ដំបង : ប្រជាពលរដ្ឋនិងមហាជនមកពីទីជិតឆ្ងាយ នៅរយះប៉ុន្មានថ្ងៃនេះគេតែងតែសង្កេតឃើញនាំគ្នាមកបន់ស្រន់រូបសំណាក លោក តាដំបងក្រញួងជាបន្តបន្ទាប់ ដោយចាត់ទុកលើជំនឿបន់ស្រន់របស់ពួកគេថា នៅតែមានបារមីស័ក្កសិទ្ធ ខណះប្រជាពលរដ្ឋក្ន ងខេត្តមួយចំនួន បានលើកឡើងថា ពួកគាត់មកបន់ស្រន់ម្តងៗ មិនថាថ្ងៃសិល៍ឬថ្ងៃធម្មតានោះទេ ពួកគាត់ថាតែងទទួលបាន ដូចបំណងហើយលោកតាដំបងក្រញួងនៅតែស័ក្កសិទ្ធក្នុងការជួយថែទាំរក្សាដល់កូនខ្មែរតជំនាន់។ហើយរាល់ការបន់ស្រន់នេះគេសង្កេតឃើញមានកើតឡើងជារៀងរាល់ថ្ងៃជាពិសេសថ្ងៃឧបោសថសីលនិងថ្ងៃបុណ្យទានធំៗម្តងៗគេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់និងមានប្រារព្ធពិធីសាសនាផ្សេងៗដើម្បីទទួលបានសេចក្តីសុខចាកផុតគ្រោះចង្រៃឬបានបំពេញបំណងដល់បុគ្គលដែលបានបន់ស្រន់ មិនថាប្រជាពលរដ្ឋសាមញ្ញឬមន្ត្រីរាជការនោះជាដើមទេ ។
ក្នុងសកម្មភាពកំពុងតែបន់ស្រន់របស់យុវជន និងយុវនារី ហើយអ្នកខ្លះក៏មានទាំងដង្វាយមកថ្វាយផងនោះ យុវជនឈ្មោះគឹម សុង បានឲ្យដឹងថា ការនាំមកនូវដង្វាយនេះ គឺជាការដឹងគុណលោកតា ដែលខ្លួនបានបន់ស្រន់លោកតាកាលពីថ្ងៃកន្លងទៅ ហើយការបន់ស្រន់នោះក៏បានដូចបំណង ទើបខ្លួនយកដង្វាយតាមការសន្យាកាលណុះមកថ្វាយតែម្តង។មិនខុសគ្នានោះដែរ អ្នកស្រី ចាន់នី ក្នុងវ័យ៤០ឆ្នាំជាង រស់នៅក្នុងក្រុងបាត់ដំបង បានប្រាប់អោយដឹងថា “កាលពីម្សិលមិញត្រូវនិងថ្ងៃសីល៍ផង ខ្ញុំ បាននាំយកដង្វាយមកថ្វាយលោកតាដំបងក្រញូងលាបំណន់ ដែលកូនខ្ញុំបានប្រឡងជាប់ដូចបំណងដែលខ្ញុំបានបន់ “។
ជុំវិញការបន់ស្រន់បារមីនេះ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តបាត់ដំបង បានលើកឡើងថា ការបន់ស្រន់លោកពិបាក ក្នុងការវិន្និច្ឆ័យណាស់ ជារួមវាអាស្រ័យទៅលើនិស្ស័យបុគ្គលម្នាក់ៗប៉ុណ្ណោះ ដែលអ្នកខ្លះក៏បានដូចបំណង ហើយខ្លះក៏មិនដូ ចបំណងដែលពួកគេប៉ង ។លោកបន្តថា “បើនិយាយទៅ ទំនៀមទម្លាប់ក្នុងការជឿទៅលើការបន់ស្រន់ អ្នកខ្លះក៏បានផលដោ យចៃដន្យ ដូច្នេះខ្ញុំក៏មិនដឹងថា រូបលោកតាដំបងក្រញួងមានបារមីពិតឬយ៉ាងណានោះទេ អាស្រ័យលើលទ្ធផលអ្នកដែលបាន បន់ស្រន់ប៉ុណ្ណោះ តែឃើញមានអ្នកមកគោរពប្រតិបត្តិស្ទើររាល់ថ្ងៃដែរ “។
ក្នុងវ័យ៧៦ឆ្នាំ ជាអតីតគ្រូបង្រៀន លោក សំរឹត បានឲ្យដឹងដែរថា “តាមពិតទៅ លោកតាដំបងក្រញួង ល្បីថាសាកសិទ្ធតាំងពី ខ្ញុំនៅក្មេង ហើយខ្ញុំក៏មានជំនឿខ្លះដែរលើការបន់ស្រន់ ហើយនៅក្នុងខេត្តបាត់ដំបង ខ្ញុំសង្កេតឃើញកន្លែងដែលប្រជាជនភាគ ច្រើនក្នុងខេត្ត គឺមានតែ២ទីតាំងនោះទេ ដែលពួកគាត់ច្រើនតែនាំគ្នាទៅស្បត់ឬបន់ស្រន់ ដែលពួកគេសង្ឃឹមថាសាកសិទ្ធ ក្នុង នោះ មាន រូបសំណាកលោកតាដំបងក្រញួង និង១ទៀត នៅប្រាសាទបាណន់ ” ។
រូបសំណាកលោកតាដំបងក្រញួង មានកំពស់៦,៥ម៉ែត្រ ស្ថិតនៅចំណុចផ្លូវបំបែករង្វង់មូលឆ្ពោះទៅកាន់រាជធានីភ្នំពេញ និង ខេត្ដបន្ទាយមានជ័យ ត្រូវបានគេស្គាល់ថាជាខេត្តបាត់ដំបង។រូបសំណាកនេះត្រូវបានសាងសង់ដំបូងក្នុងសម័យសង្គមរាស្ដ្រ និយម ដែលមានទំហំតូចជាងសព្វថ្ងៃ ហើយត្រូវបានកសាងឡើងវិញក្នុងឆ្នាំ១៩៩៩ សម្រាប់ជាទីគោរពសក្ការ:តាមជំនឿរបស់ អ្នកស្រុក និងត្រូវបានគេជឿថា មានបារមីបំផុតលើជំនឿសាសនា ពិសេសការបន់ស្រង់នានា។ ជារៀងរាល់ ថ្ងៃឧបោសថសីល និងថ្ងៃបុណ្យទានធំៗ គេសង្កេតឃើញមានមនុស្សច្រើនកុះករមកធ្វើការបន់ស្រន់ និងប្រារព្ធពិធីសាសនាផ្សេងៗផងដែរ៕ សួន ចាន់នី