ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ចេញផ្សាយថ្ងៃទី ២៤ សីហា ២០១៨
ព្រះសីហនុ ៖ បុរសល្បីឈ្មោះខាងវិស័យដីធ្លី នៅខេត្តព្រះសីហនុ វ័យក្មេង លោក ញ៉ក់ គឹមតុង ត្រូវបានលោកមេឃុំ បិតត្រាំងស្រុកព្រៃនប់ ចោទថាបានក្លែងឯកសារទិញលក់ ។
លោក មាច ចាន់ មេឃុំបិតត្រាំង បានសសេរលើបណ្តាញហ្វេសបុកលោក កាលពីថ្ងៃទី២៤ សីហា នេះថា ខ្ញុំបាទឈ្មោះមាច ចាន់មេឃុំបិតត្រាំងសូមធ្វើការបដិសេធចំពោះឯកសារទំរង់ទី៤ដែលមានឈ្មោះ ញ៉ាក់ គឹមតុងភេទប្រុស ជាអ្នកផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ទៅអោយឈ្មោះ ពុធ សុធាវីភេទស្រីដែលមានទីតាំងស្ថិតនៅភូមិគគីរឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុមានលេខ១២៨/១៨ចុះថ្ងទី១៥ ខែសីហាឆ្នាំ២០១៨នេះពុំមានចុះបញ្ជីនៅក្នុងរដ្ឋបាលឃុំបិតត្រាំងយើងឡើយ ។
លោកមេឃុំ បានបញ្ជាក់តាមទូរសព្ទនៅព្រឹកថ្ងៃទី២៤ សីហា នេះថា លោកកំពុងឆ្ងល់ថាតើ លិខិតនេះចេញមកពីណា បើឆែកក្នុងគល់បញ្ជីគ្មាននោះ ? លោក ថាកន្លងមក លោក ញ៉ក់ គឹមតុង បានមកពឹងពាក់លោក អោយស៊ីញ៉េរ លើឯកសារទិញលក់ ដីនៅតំបន់ពយម៉ាចូវនេះ តែលោកមិនអាចធ្វើកើត ព្រោះមាន ស ជ ណ ពីសាលាខេត្ត បានហាមឃាតរួចទៅហើយ ។
ទាក់ទងនឹងសំណួរ សួរថាតើលោកមេឃុំប្តឹង លោក ញ៉ក់ គឹមតុង ពីរឿងក្លែងឯកសារទេ ? លោកថា លោកគ្មានមិនប្តឹងទេ ព្រោះគ្មានពេលឡើងចុះទៅតុលាការ ។
ទោះជាយ៉ាងណា លោក ញ៉ក់ គឹមតុង បានបញ្ជាក់មកវិញថា ឯកសារនេះ លោកបានអោយគេរត់ តែ១ថ្ងៃទេ ។ ដូច្នេះលោក ជឿថា ឯកសារនេះ ជាឯកសារពិត តែលោកមេឃុំទំនងមានសំពាធ ?
ក្រុមការងារយើងបានសួរទៅលោក ញ៉ក់ គឹមតុង ថាតើដីនេះ លោកបានមកពីណា ? លោកថា លោកបានចាប់យក អស់រយៈពេល ១០ឆ្នាំមកហើយ ។
ប្រភពពីប្រជាជន និង មន្រ្តីរាជការ ខេត្តព្រះសីហនុ បាននិយាយថាលោក ញ៉ក់ គឹមតុង នេះជាកូនជឹង និង ជាឈ្មួញកណ្តាល ក្នុងទិញដីស្របច្បាប់ និង មិនស្របច្បាប់ ទៅអោយអ្នកធំ អ្នកមាននៅក្នុងខេត្តព្រះសីហនុ ក៏ដូចនៅភ្នំពេញ ។ ដោយសារមានបង្អែក ក៏ដូចជាបង្រៀនក្រពើអោយចេះ ហែលទឹកនោះ លោក ញ៉ក់ គឹមតុង បានស៊ីដាច់ដោយអន្លើរ ពីមេ មេ របស់ខ្លួន ដែលបានដាក់ផែនការ នឹង ទំលាក់លុយ មកអោយកូរវឹក បញ្ហាដីធ្លី នៅខេត្តព្រះសីហនុនេះ ។
មន្រ្តីរាជការ បានបង្ហើបថា ប្រសិនចង់វែកមុខ មន្រ្តីខិលខូច អ្នកធំខិលខូច អ្នកមានខិលខូច ដែលមានចំណែកក្នុងការប្លន់ដីរដ្ឋ ប្លន់ព្រៃរដ្ឋ ប្លន់ឆ្នេររបស់រដ្ឋនៅខេត្តនេះ គឺចាប់ មេខ្លោង មានលោក ញ៉ក់ គឹមតុង – មឿង ស្រីទូច មកសួរចំលើយចំពោះគណៈកម្មការឯករាជ្យមួយ នោះប្រាកដ ជាចេញមកទាំងអស់ មិនសេសសល់ មួយណានោះទេ ។
គេនៅចាំ បានថា លោក ញ៉ក់ គឹមតុង ធ្លាប់ព័ទ្ធយកឆ្នេរនៅតំបន់ពយកំពេញ ក្រុងព្រះសីហនុ ។ តែក្រោយមកក៏សុខចិត្តប្រគល់ដីនេះ ទៅអោយលោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទាំងមិនអស់ចិត្ត ព្រោះថា បើទុកលក់វិញបានលុយរាប់លានដុល្លា ឯណោះ ។