នៅថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2017 នេះ ក្រុមការងារទូរទស្សន៍ ព្រះនរាយណ៍ ភីអិន ធីវី អនឡាញ ដឹកនាំដោយ លោក បណ្ឌិត ព្រហ្ម ឥន្ទ្រ ទីប្រឹក្សាជាន់ខ្ពស់ និង ជាអ្នកចាត់ការទូរទៅ ទូរទស្សន៍ ព្រះនរាយណ៍ បានចុះជួប និង ធ្វើការសំនេះសំណាលជាមួយ លោកតា ពុត សឿន ឳពុកធម៌ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតារស់នៅក្នុងភូមិ សង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
លោកតា ពុត សឿន បានសំដែងនូវការត្រេកអរ និង សប្បាយរីករាយ ជាមួយវត្តមាន ក្រុមការងារយើង ដែលបានមកសួរសុខទុក្ខ លោកតា ដល់គេហដ្ឋាន ។លោកតា ថា បន្ទាប់ពីលោកតា បានសម្តេចតេជោ ទទួលលោកតា ជាឳពុកធម៌ តាំងពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2016 នោះមក លោកតា បានបញ្ចប់ទាំងស្រុង នូវមុខរបរ ធាក់ស៊ីក្លូ ។
លោកតា បានបន្តថា ក្រោយពីលោកតា បានវិលមកស្រុកកំណើត ភ្លាម ផ្ទះទេវតា ក៏បានចាប់ផ្តើមសាងសង់ យ៉ាងញាប់ដៃ ញាប់ជើង ។ ផ្ទះទេវតាបានសាងសង់រួចរាល់ ដោយក្នុងនោះ ចៅស្រី ហ៊ុន ម៉ាណា ជាអ្នកមកប្រគល់ផ្ទាល់តែម្តង ។ ការរស់នៅ បច្ចុប្បន្ន លោកតា រស់នៅមានគ្នា 3 នាក់ មាកកូនស្រី ម៉េម៉ាយ ម្នាក់អាយុ 50ឆ្នាំ ឈ្មោះ ពុត រ៉ា និង ចៅទួតប្រុស ម្នាក់ អាយុ 13 ឆ្នាំ ជាចៅបង្កើតរបស់ កូន ពុត រ៉ា ដែលឳពុក ម្តាយ របស់គេ បានទៅធ្វើការ រោងចក្រ នៅភ្នំពេញ ។ នៅលើកំរាលឥត ភ្លឺរលោង នៅក្បែរ កន្លែងសំរាក របស់លោកតា ក្រុមការងារ បានស្នើអោយលោកតា អង្គុយនៅលើកំរាលពូក តែត្រូវបានលោកតា ប្រកែក ហើយ ប្រកែកទៀត គឺសុទ្ធចិត្តអង្គុយ លើកំរាលឥត ទាំងអស់គ្នា ដោយលោកតា បានរៀបរ៉ាប់ដំណើររឿង ទៅតាមអ្វីដែលក្រុមការងារយើង បានសាកសួរនឹងចង់ដឹង ។លោកតា ថា ជាមួយថវិកា ចំនួន70 ម៉ឺនរៀល ដែលជាការឧបត្ថម្ភ ពីសម្តេចកូន ក្នុងមួយខែនោះ លោកបានទុកចំណាយផ្សេងៗ ពិសេសរឿងបុណ្យ ទាននេះតែម្តង ។ ជារៀងរាល់ថ្ងៃ សីល លោកតា បានទៅវត្ត ដែលនៅជិតផ្ទះ មានវត្តស្លា ជាដើម ។ ការទៅវត្តនេះ គឺដោយមធ្យោបាយ កង់ ក្នុងគ្រួសារលោកតា មិនមានម៉ូតួ នោះទេ ។ចំណែក កូនស្រី ម៉េម៉ាយ នោះ ក៏មិនមានមុខរបរអ្វី ក្រៅពីធ្វើស្រែលើដី ប្រមាណ 1 ហិកតា ។ការធ្វើស្រែ នេះ គឺជួលគេធ្វើ ទាំងអស់ រហូតដល់ប្រមូលផល ។ក្នុងវ័យ 89 ឆ្នាំ លោកតាថា ជំងឺប្រចាំកាយ មានជំងឺលើសឈាម ដែលហូបថ្នាំ ជារៀងរាល់ថ្ងៃ និង ថ្មីៗ នេះ លោកតា បានលេបថ្នាំ មួយមុខទៀត ដែលគ្រូពេទ្យខេត្តស្វាយរៀង បាននិយាយថា ការដកដង្ហើម រៀងតឹងទ្រូងនេះ គឺមកពីជំងឺកំរងនោម ។
ទាក់ទងនឹងសំណួរ ក្រុមការងារយើង ដែលថា លោកតា សព្វថ្ងៃ ពិសារបាយ សំល ឆ្ងាញ់ទេ ។ លោកតាថា មិនសូវឆ្ងាញ់ ដូចកាលនៅមានធ្មេញនោះទេ ព្រោះ សព្វថ្ងៃនេះ លោកតា បានបាក់ធ្មេញ អស់ហើយ សូម្បីតែ មួយ ក៏មិនមានផង ។ ចំណែកភ្លើងអគ្គីសនី ក្នុងមួយគីឡូវ៉ាត់ តំលៃ 1100 រៀល លោកតា ប្រើដាំបាយឆ្នាំងភ្លើង បូមទឹក អំពូលភ្លើង និង កង្ការ មួយផង ក្នុងមួយខែ លោកតា ចំណាយអស់ប្រមាណ 2 ម៉ឺនរៀល ។ លោកតា ថា ដោយអណ្តួងទឹក សល់ពីសង្គមចាស់ វានៅឆ្ងាយពី ផ្ទះទេវតា ចឹងគឺមានការលំបាក ក្នុងការបូម ។
នៅក្នុងភាពស្និតស្នាលបំផុតនោះ លោកតា បានសំដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ដែលជាគុណមិនអាចបំភ្លេចបាន របស់លោក បណ្ឌិត ព្រហ្ម ឥន្ទ្រ ដែលបានភ្ជាប់និស្ស័យអោយលោកតា បានក្លាយ ជាឳពុកធម៌ របស់សម្តេចតេជោ ។
សូមបញ្ជាក់ថា លោកតា ពុត សឿន ជាបុរសពោះម៉ាយ ដោយលោកយាយ បានចែកឋាន តាំងពីឆ្នាំ 2012 ។លោកតា លោកយាយ មានចំណងស្នេហ៍ បានកូនប្រុស4 នាក់ និង កូនស្រី 4 នាក់ ។អ្នកទាំងនោះ នៅគង់វង់ រហូតដល់ពេលបច្ចុប្បន្ន ដោយបង្កើតបាន ជាចៅ និង ចៅទួត ដ៏ច្រើនជូនលោកតាទៀតផង ។ លោកតា ពុត សឿន មានមុខរបរធាក់ស៊ីក្លូ 3 ជំនាន់ តាំងពីជំនាន់ សម្តេចព្រះសីហនុ -ជំនាន់ លន់ នល់ និង ជំនាន់ សម្តេច តេជោ តែរបរនេះត្រូវបានបញ្ចប់ កាលពីថ្ងៃទី 1 ខែ កក្កដា ឆ្នាំ 2016 ។ហើយស៊ីក្លូ ដែលលោកតា បានជួលរត់ពីថៅកែ នៅម្តុំបឹងកេងកង3 រាជធានីភ្នំពេញ ក្នុងមួយថ្ងៃ 4ពាន់រៀលនោះ ត្រូវបានលោក ព្រហ្ម ឥន្ទ្រ ទិញមករក្សាទុក ជាអនុស្សាវរីយ៍ នៅគេហដ្ឋាន របស់លោក ។ បន្ទាប់ពី ហូបបាយថ្ងៃត្រង់ ម៉ោងប្រមាណ 1-30 នាទី រួចមក លោកតា បាននាំក្រុមការងារយើង ទៅពិនិត្យមើល សាលារៀន ដ៏កំសត់មួយខ្នង នៅមុខវត្ត ស្លា ។ ដែលសាលានោះ សង់ពី ដើមប្រេងខ្យល់ ដើមពីងពង់ និង តំបូលប្រកសង្កសី ។
ជួបជាមួយ លោកគ្រូ អ្នកគ្រូ លោកមេភូមិ លោក មេឃុំ ប្រជាជននៅទីនោះ បានបញ្ជាក់ថា ការដែលប្រជាពលរដ្ឋក្នុងសហគមន៍ ភូមិពោនកក- ភូមិសំរោង- ភូមិសង្កែ- និង ភូមិចេក រួមនឹងព្រះសង្ឃ អាចារ្យគណៈកម្មការវត្តស្លា ពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នា ម្នាក់1ម៉ឺន និង ម្នាក់ 5 ពាន់រៀល មកទិញសំភារៈ សង់សាលាបថមសិក្សាមួយខ្នងនេះគឺ មកពីកូនៗ របស់គាត់ទាំង 4 ភូមិ ខាងលើ ចង់រៀននៅក្បែរផ្ទះ ។បច្ចុប្បន្នសាលារៀន បានទទួលសិស្ស អោយចូលរៀន មានចំនួន 374 នាក់ ក្នុងនោះ មានស្រី 193 នាក់ ។ ពួកគាត់ បន្តថា ពួកគាត់បាន ធ្វើលិខិត ជាផ្លូវការស្នើដល់សម្តេចតេជោ ហ៊ុន សែន អោយជួយសង់អាគារថ្ម មួយខ្នងកំពស់ 2 ជាន់ តែសំណើរនោះ នៅកប់ទុកក្នុងដៃ របស់ពួកគាត់នៅឡើយទេ។ រឺ ការចាក់ដី ក៏នៅជំពាក់ គេចំនួន 600 ដុល្លាផងដែរ ។ បន្ទាប់ពី ការជួបលោកគ្រូ អ្នកគ្រូត្រូវបានបញ្ចប់លោក តា ក៏បាននាំក្រុមការងារ យើង អោយទៅមើល ការរីកចំរើនក្នុងវត្តស្លា ដែលពីដើមលោកតា បានធ្លាប់បួស ក្នុងវត្តនេះ ។ បច្ចុប្បន្ន វត្តស្លា នេះ បានកំពុងសាងសង់ សាលាឆាន់មួយខ្នង ដែលសង់បាន 50ភាគរយ ហើយ ដោយធ្វើការរុះរើ ឈើ សាលាឆាន់ចាស់ មកធ្វើឆ្អឹងតំបូល សាលាឆាន់ថ្មីនេះ ។ គណៈកម្មការអាចារ្យ បានអោយដឹងថា សាលាឆាន់ថ្មីនេះ បានដំណើរការសាងសង់ ដោយពុទ្ធបរិស័ទ ជិតឆ្ងាយ តាមសទ្ធា មានការធ្វើបុណ្យសាមគ្គី បុណ្យកថិន ជាដើម ដើម្បីយកថវិកា មកសងជាង និងសំភារៈ ជាបណ្តើរៗ ៕
ខ្ញុំបាទ ខាន់ ណា ភ្នាក់ងារទូរទស្សន៏ ព្រះនរាយណ៍ ភី អិន ធីវី រាយការណ៏ ពីខេត្តស្វាយរៀង