ខេត្តបាត់ដំបង÷ស្របពេលប្រទេសថៃនិងកម្ពុជាកំពុងយកចិត្តទុកដាក់ការរីករាលដាលជម្ងឺកូវីដ១៩មេក្លោងជួញដូរសារធាតុញៀន២នាក់បានឆក់យកឱកាសនាំគ្រឿងញៀនចម្រុះជាច្រើនគីឡីក្រាមចូលមកទឹកដីខ្មែរត្រូវបានកម្លាំងនគរបាលជំនាញក្របួចជាប់។ដោយការបង្ក្រាបរបស់សមត្ថកិច្ចជំនាញខាងលើនេះបានឃាត់ខ្លួនមេក្លោងជួញដូរសារធាតុញៀនចំនួន២នាក់និងដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទមានទម្ងន់រហូតដល់៣១៣២,២០ក្រាមនៅតំបន់ព្រំដែនកម្ពុជាថៃ។
លោកវរសេនីយ៍ឯកសុខ.និមលប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានអោយដឹងថា÷កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបាត់ដំបងសហការណ៍ជាមួយកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋានគរបាលជាតិបានបើកការស្រាវជ្រាវជាច្រើនម៉ោងនៅតំបន់ព្រំដែនកម្ពុជាថៃរហូតឈានដល់ការបង្ក្រាបបានតែម្តងក្នុងសកម្មភាពជាក់ស្តែង។
ប្រភពដដែលបានបញ្ជាក់ថា÷ប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង០១:០០នាទីរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១នៅត្រង់ចំណុចក្រុមទី០៤ភូមិស្រះទឹកថ្មីឃុំតាក្រីស្រុកកំរៀងខេត្តបាត់ដំបង។ជនសង្ស័យជាមេក្លោងទាំង២នាក់ដែលបានឃាត់ខ្លួនមានឈ្មោះឡេង.សម្បត្តិហៅ(វេងខ្លី)ភេទប្រុសអាយុ៣៧ឆ្នាំមានទីលំនៅភូមិស្វាយធំឃុំបឹងរាំងស្រុកកំរៀងនិងម្នាក់ទៀតឈ្មោះគយ.រដ្ឋាហៅ(ពយ)ភេទប្រុសអាយុ៣១ឆ្នាំមានទីលំនៅភូមិដូងឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងដូចគ្នា។
ដោយឡែកវត្ថុតាងដែលកម្លាំងបង្ក្រាបដកហូតបានរួមមាន:ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកice)ចំនួន០៣កញ្ចប់ធំមានទម្ងន់២៩៨៩,៣៤ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន១០០៦គ្រាប់មានទម្ងន់៨៧,៣២ក្រាម,ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(MDMA)ចំនួន១៤៩គ្រាប់ទម្ងន់៥១,៦២ក្រាម,ថ្នាំញៀនប្រភេទកេតាមីន(KETTAMIN)ចំនួន ២០គ្រាប់ទម្ងន់ ៣,៩២ក្រាម។សរុបទាំងអស់ទម្ងន់៣១៣២,២០ក្រាម(ថ្នាំសុទ្ធ)រួមទាំងរថយន្តចំនួន០១គ្រឿងផងដែរ ម៉ាកបាឡែនពណ៌ស្ករសេរីឆ្នាំ២០០២ពាក់ស្លាកលេខបាត់ដំបង2A- 8837ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស៕សៅ សារិទ្ធ